ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា លើកឡើងថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងបង្ក្រាបហួសប្រមាណ បើទោះបីជាការជួបជុំតវ៉ាមួយចំនួនធ្វើឡើងដោយសន្តិវិធីក៏ដោយ។
នៅលើផេកហ្វេសប៊ុក ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា ផ្សព្វផ្សាយកាលពីម្សិលមិញថា មន្ត្រីរបស់ខ្លួនបានឃ្លាំមើលការប្រមូលផ្តុំផ្សេងៗ ហើយថា ទោះការប្រមផ្តុំនោះដោយសន្តិវិធីក៏ត្រូវសមត្ថកិច្ចប្រើកម្លាំងបង្ក្រាបហួសប្រមាណដែរ។
OHCHR៖«ទោះបីជាការជួបប្រជុំទាំងនោះមានលក្ខណៈសន្តិវិធីក្តី ក៏យើងបានឃើញនូវការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួននៃការប្រើប្រាស់កម្លាំងហួសប្រមាណទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រី និងយុវជនកម្ពុជា»។
OHCHR អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធគោរពសិទ្ធិនៃការជួបជុំរបស់ប្រជាពលរដ្ឋដែលពួកគេជួបជុំតវ៉ា ទាមទារអ្វីមួយនោះ។
ក្រុមយុវជនដែលតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ក៏បានចោទសមត្ថកិច្ចថា វាយដំលើពួកគេដោយមិនពន្យល់មូលហេតុ មានការលួចរបស់របរ និង បៀតបៀនរូបកាយ យុវតីដែលចូលរួមតវ៉ាផងដែរ។
ជុំវិញការចោទប្រកាន់បន្តបន្ទាប់នេះ មិនទាន់មានការបកស្រាយជាផ្លូវការណាមួយពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ៕