លោក​ ហ៊ុន សែនបញ្ជាក់ពីការចាប់អ្នកប្រឆាំងរឿងព្រំដែនកុំឱ្យមានសង្គ្រាម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រូបពីហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបន្តចាប់ក្រុមអ្នកប្រឆាំងដែលនិយាយរិះគន់រដ្ឋាភិបាលជុំវិញរឿងព្រំដែនទាំងអស់ ដោយលោកបញ្ជាក់ថា ការនិយាយបរិហារខុសការពិតអាចនាំឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។​

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនាព្រឹកនេះថា ក្រុមអ្នកដែលរិះគន់រដ្ឋាភិបាលថា ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៅវៀតណាមដោយសារការបោះបង្គោលព្រំដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជារឿងត្រឹមត្រូវតាមច្បាប់។ លោកបន្តថា បើរដ្ឋាភិបាលមិនទប់ស្កាត់ក្រុមអ្នករិះគន់នោះឲ្យបានទាន់ពេលទេ អាចធ្វើឲ្យកម្ពុជាមានសង្គ្រាមជាមួយប្រទេសជិតខាង។

លោកថ្លែងថា៖ «បញ្ហាព្រំដែនមិនមែនជាបញ្ហាលេងសើច ហើយវាអាចមានសង្គ្រាមជាមួយប្រទេសជិតខាងតាមរយៈមាត់ដែលអ្នកឯងថា ចាំមើលមានអ្នកនិយាយ[រឿងព្រំដែន]ប៉ុន្មាននាក់ចេញមកទៀត សុំផ្ញើសារ មានចេញប៉ុន្មានចាប់ប៉ុណ្នឹង រឿងព្រំដែនមិនឲ្យរញ៉េរញ៉ៃទេ កុំថាហ៊ុន សែន ផ្តាច់ការ អ្នកខ្លះចេញមកថា តស៊ូមតិ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាត »។

ពាក់ព័​ន្ធរឿងព្រំដែននេះ លោ​ក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ពី​បទ «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន កាលពីដើម​ខែសីហា​រួចមក យុវជន​នៃក្រុមខ្មែរថាវរៈបាន​នាំគ្នា​ធ្វើសកម្មភាព​តវ៉ា​មួយចំនួនដូចជា ការ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​យុទ្ធនាការ​ដើរតាម​ដង​វិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែងលោក រ៉ុង ឈុន។

ក្រោយមក នៅរសៀល​ថ្ងៃទី១៣ ខែសីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​មនុស្ស៦នាក់ ក្នុង​នោះ​មាន​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៥នាក់ ដែល​ជា​អ្នក​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យមានការ​ដោះលែងលោ​ក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។ 

ចំណែក ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃ១៤ សីហានេះ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីលោកដឹកនាំក្រុមកងារចុះទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ