អាជ្ញាធរសុវត្ថិភាពចរាចរណ៍កម្ពុជា ក្រើនរំឭកដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានជាប់ជានិច្ច ពិសេសអំឡុងថ្ងៃឈប់សម្រាកសងក្នុងសប្តាហ៍នេះ បើមិនចង់រងការផាកពិន័យធ្ងន់ធ្ងរតាមផ្លូវច្បាប់។
ការក្រើនរំឭកនេះ ធ្វើឡើងក្នុងសេចក្តីអំពាវនាវដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍អំឡុងថ្ងៃឈប់សម្រាកជាតិ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា ចុះផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍មុន និងត្រូវបានទំព័រ Facebook លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចែកបន្តនៅថ្ងៃចន្ទនេះ។
តាមសេចក្តីប្រកាស គណៈកម្មាធិការបានប្រាប់ឱ្យពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរារណ៍ផ្លូវគោគ អំឡុងថ្ងៃឈប់សង៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហា ដែលរដ្ឋាភិបាលកំណត់ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិក្នុងខែមេសា។
អាជ្ញាធរចរាចរណ៍ផ្លូវគោកលើកឡើងក្នុងលិខិតដដែលថា៖ «សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក»។
ប្រភពដដែលបន្តថា៖«ដើម្បីជៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជីវិតខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរម្យនាក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បតិ្តរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ»។
កាលពីខែមីនា រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិតមួយស្តីពីការតម្លើងថ្លៃការផាកពិន័យចរាចរណ៍ផ្លូវគោក លើបទល្មើសចរាចរណ៍ ខ្ពស់ជាងតម្លៃចាស់ពី៣ទៅ៥ដង។ ក្នុងនោះ អ្នកបើកបរដែលល្មើសនឹងគំនូសសញ្ញា ភ្លើងស្តុប និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម ត្រូវរងពិន័យជាប្រាក់ចាប់ពី៦ម៉ឺនរៀលដល់៨សែនរៀលសម្រាប់ម៉ូតូ និងពី៧ម៉ឺន៥ពាន់រៀលដល់២លាន៤សែនរៀលសម្រាប់រថយន្ត៕