លោក ហ៊ុន សែនអង្វរពលរដ្ឋកុំឱ្យទទួលទានគ្រឿងស្រវឹងពេលបើកបរ

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន (រូបពីហ្វេសប៊ុក លោកហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា គ្រឿងស្រវឹងគឺជាមូលហេតុធំជាងគេនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយលោកអង្វរករពលរដ្ឋកុំឱ្យទទួលទានគ្រឿងស្រវឹងហើយបើកបរពិសេសក្នុងពេលយប់សងចូលឆ្នាំនេះ។​

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពទាំងការពារខ្លួនពីមេរោគកូវីដ១៩ និង ការបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។​

ករណីគ្រោះថ្នាក់ចរាចរណ៍លោកនាយករដ្ឋមន្ត្រីលើកឡើងថា មូលហេតុធំជាងគេគឺគ្រឿងស្រវឹង ហើយលោកអង្វរករពលរដ្ឋកុំឱ្យទទួលទានគ្រឿងស្រវឹងហើយបើកបរ។​

លោក ហ៊ុន សែន៖«សូមបងប្អូនយកចិត្តទុកដាក់ការពារនូវជីវិតខ្លួនឯង ក៏ដូចជាការពារនូវជីវិតអ្នកដទៃតាមរយៈការបើកបរ  ដោយគោរពច្បាប់ចរាចរណ៍ ដោយមិនសេពគ្រឿងស្រវឹងណាមួយកើតឡើង។​ព្រោះអាគ្រឿងស្រវឹងនេះច្រើនតែគ្រោះថ្នាក់ចរាចរណ៍ ភាគរយខ្ពស់ណាស់ កើតឡើងដោយសារអាគ្រឿងស្រវឹងនេះ»

លោក ហ៊ុន សែន បន្តថា មិនហាមឃាត់មិនឱ្យទទួលទានគ្រឿងស្រវឹងទេ តែគ្រាន់ថា បើស្រវឹងកុំបើកបរ។

លោក ហ៊ុន សែន៖«ពេលដែលមានការស្រវឹងសូមកុំបើកបរ ហើយបើបើកបរកុំផឹកគ្រឿងស្រវឹង កុំផឹកគ្រឿងស្រវឹង។ នេះជាការអង្វរករចំពោះប្រជាពលរដ្ឋរបស់យើង»។

អង្គការសង្គមស៊ីវិល រួមទាំងមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ធ្លាប់ធ្វើយុទ្ធនាការឱ្យបញ្ឈប់ផ្សព្វផ្សាយគ្រឿងស្រវឹងដោយសាររកឃើញថា គ្រឿងស្រវឹងក្រៅពីមូលហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ជាមូលហេតុនាំឱ្យមានបទល្មើសផ្សេងៗ និង ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ