គ្រោះថ្នាក់ចរាចណ៍ពេលឈប់សងចូលឆ្នាំសម្លាប់មនុស្ស២១នាក់

(រូបភាពពី​ អគ្គស្នងការនគរបាលជាតិ)

មន្ត្រីអគ្គស្នងការនគរបាលជាតិអះអាងថា  គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងអំឡុងពេលចូលឆ្នាំ៥ថ្ងៃ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន​២១នាក់។​

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃ២២​ ខែសីហានេះថា អំឡុងឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥១លើក បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរបួស៧០នាក់ ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព ៣១ភាគរយ កត្តាល្បឿន២៤ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ បត់មិនប្រយ័ត្ន១០ភាគរយ កត្តាយានយន្ត១០ភាគរយ វ៉ាជែង៦ភាគរយ និងកត្តាគ្រឿងស្រវឹង៤ភាគរយជាដើម។

លោក ឆាយ គឹមខឿន អះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះបាន លុះត្រាតែអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ និងចេះអធ្យាស្រ័យគ្នាជាដើម។

លោកអះអាងថា៖ «គ្រប់អ្នកកាន់ចង្កូតយានយន្តនៅលើដងផ្លូវ សំខាន់ត្រូវយកចិត្តទុកដាក់គោរពច្បាប់ ទីពីរប្រុងប្រយ័ត្ន ទីបីត្រូវអធ្យាស្រ័យ និងយោគយល់គ្នា»។

រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការប៉ះប៉ូវសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីខែមេសាកន្លងទៅនេះ ដោយសារតែមានការរីករាលដាលជំងឺកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ