កិច្ច​ប្រជុំ​​កំពូល​​មេគង្គ​​-​ឡាន​ឆាង​​លើក​​ទី​៣​បាន​​ចាប់​ផ្តើម​​នៅ​​ព្រឹក​​នេះ​

ថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសទន្លេមេគង្គ ចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/Screenshot)

​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ​ចំនួន៦ រួម​ទាំង​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង​លើក​ទី៣ តាមរយៈ​វីដេអូ​ខន​ហ្វ្រឺ​រេន (Video Conference​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ក្រោម​ប្រធានបទ «ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម»។

យោង​តាម​ការ​ផ្សព្វផ្សាយ​លើទំព័រហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង​លើក​ទី៣​ (3rd Mekong​-Lancang Cooperation Summit​) នៅ​ឆ្នាំ២០២០នេះ គឺ​ប្រទេស​ឡាវធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ដែល​មានលោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ និងលោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ ខណៈ​ប្រទេស​ជាស​មា​ជិ​កនៃ​ឡាន​ឆាង​មេគង្គ រួមមាន កម្ពុជា​, ឡាវ​, មីយ៉ាន់ម៉ា​, ថៃ​, វៀតណាម និង​ចិន។​

ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ថា ថ្នាក់ដឹកនាំ​ទាំងអស់នឹង​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាពដែល​សម្រេច​បាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែង​ការណ៍​សាន់​យ៉ា​ឆ្នាំ២០១៦​, សេចក្ដីថ្លែង​ការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល៥ឆ្នាំស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង (២០១៨​-២០២២​) ដើម្បី​កំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជាការ​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-ឡាន​ឆាង។

ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​មេគង្គ​-ឡាន​ឆាង នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផង​ដែរលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​មេគង្គ​-ឡាន​ឆាង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនិង​ដោះស្រាយ​ជំងឺរាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការ​លើកកម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច​-សង្គមក្រោយ​ជំងឺ​កូ​វីដ​-១៩។ 

កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡាន​ឆាង ក៏​នឹង​ផ្តោត​លើ​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​រភាពនិង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-ឡាន​ឆាង ក៏ដូចជា​ការ​លើកកម្ពស់​សន្តិ​សហវិជ្ជមានក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-ឡាន​ឆាង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ