អ្នកគាំទ្រនិងសាច់ញាតិរបស់លោក រ៉ុង ឈុន បានបរាជ័យក្នុងការដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ ក្រោយអាជ្ញាធរខណ្ឌចំការមនរារាំងមិនឱ្យពួកគេដើរដោយថ្មើរជើងទៅកាន់ស្ថានទូត។
តំណាងយុវជន សហជីព និងពលរដ្ឋ រួមទាំងសាច់ញាតិលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រមាណ៣០នាក់ បាននាំគ្នាដាក់ញត្តិនៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UNHCR) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងលោក រ៉ុង ឈុន និងអ្នកជាប់ពន្ធនាគារមួយចំនួនទៀត។
ក្រោយដាក់ញត្តិនៅការិយាល័យ UNHCR រួច ពួកគេបានធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរនិងសន្តិសុខខណ្ឌចំការមនរារាំងនៅលើកំណាត់ផ្លូវលេខ២៧១ ក្បែរស្ពានអាកាសក្បាលថ្នល់។
លោក អែម ប៉ុនណារិទ្ធ ដែលអះអាងថាជាសហការីរបស់លោក រ៉ុង ឈុន បាននិយាយថា ដោយសារមានការរារាំងពីសំណាក់អាជ្ញាធរ បានធ្វើឱ្យពួកគាត់សម្រេចចិត្តមិនទៅដាក់ញត្តិនៅស្ថានទូតជប៉ុនទេ ដើម្បីចៀសវាងការកើតមាននូវបាតុភាពផ្សេងៗឬការប៉ះទង្គិចគ្នាណាមួយជាមួយអាជ្ញាធរ។ លោកបានចាត់ទុកការរារាំងពីសំណាក់អាជ្ញាធរថា ជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់។
លោកថា៖ «ការរារាំងនេះ វាបង្ហាញរូបភាពអាក្រក់និងរូបភាពមួយនៃការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស ហើយបង្ហាញឱ្យអន្តរជាតិមើលឃើញថា ខ្មែរយើងពិតជាធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យរហូតដល់សូន្យ»។
លោក ឡុង រឹម អះអាងថាជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលចូលរួមដាក់ញត្តិដែរនោះ បាននិយាយថា លោក រ៉ុង ឈុន ជាមនុស្សសកម្មក្នុងការជួយការពារផលប្រយោជន៍គ្រូបង្រៀននិងកម្មករ ព្រមទាំងឈឺឆ្អាលលើបញ្ហាព្រំដែន។
លោកបន្តថា៖ «រដ្ឋាភិបាលនិងមន្ត្រីរាជការមួយចំនួនបានលើកឡើងថា យើងជាប្រទេសនីតិរដ្ឋ ចុះហេតុអ្វីបានជាចូលទៅចាប់លោក[រ៉ុង ឈុន]ទាំងកណ្តាលយប់បែបនេះ វាជាអំពើមួយអសីលធម៌ដែលយើងមិនអាចទទួលយកបានទេ»។
អភិបាលរងខណ្ឌចំការមន លោក កែវ សំណាង បានប្រាប់វីអូឌីនៅកន្លែងរារាំងថា អាជ្ញាធរមិនបានហាមឃាត់រឿងពលរដ្ឋដាក់ញត្តិនោះទេ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការដើរហែក្បួនដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោកនិយាយថា៖ «ពួកគាត់ដាក់ញត្តិ គាត់ដាក់នៅអង្គការសហប្រជាជាតិរួចហើយ ប៉ុន្តែពួកគាត់ចង់ទៅទូតជប៉ុនទៀត អីចឹងយើងចង់ឱ្យពួកគាត់ជិះកង់បីទៅ កុំឱ្យដើរ វាប៉ះពាល់សណ្តាប់ធ្នាប់និងស្ទះចរាចរណ៍។ យើងសំណូមពរឱ្យជិះកង់បីតែប៉ុណ្ណឹងទេ»។
វីអូឌី ពុំអាចសុំការបញ្ជាក់ពីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានទេនៅថ្ងៃនេះ។
កន្លងមក អ្នកគាំទ្រនិងសាច់ញាតិរបស់លោក រ៉ុង ឈុន បានដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ស្ថានទូតបារាំង និងសហគមន៍អឺរ៉ុប ហើយពួកគេថា នឹងបន្តដាក់ញត្តិនៅអង្គការអន្តរជាតិ និងស្ថានទូតនៃបណ្តាប្រទសដែលគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យផ្សេងៗទៀត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់និងឥតលក្ខខណ្ឌ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៩ ខែសីហាថា តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយអាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។
លោកបន្តថា ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធនិងទាមទារឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការ។
លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ក្រោមបទចោទថា «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែន»។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យុវជនចំនួន៦នាក់ដែលសកម្មក្នុងការទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមាន៤នាក់ត្រូវបានដោះលែងវិញ ក្រោយពួកគេព្រមចុះកិច្ចសន្យាឈប់តវ៉ា រីឯ២នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន៕