ក្រសួង​​កសិកម្ម​ស្វាគមន៍​​គម្រោង​​ប្រមូល​​ទិញ​​និង​​នាំ​ចេញ​​ផ្លែ​ឈើ​​ស្រស់​​ពី​​កម្ពុជា​​ទៅ​​ចិន​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន ចាប់ដៃ​រាក់ទាក់​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន ធៀន ធៀន ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​)

​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្វាគមន៍និង​គាំទ្រ​ក្រុមហ៊ុន​ចិន លើ​គម្រោង​វិនិយោគ​ប្រមូល​ទិញនិង​នាំចេញ​ប្រភេទ​ផ្លែឈើ​ស្រស់​មួយចំនួន​ពី​ប្រទេស​កម្ពុជាទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

ការ​គាំទ្រ​នេះបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងាររវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា លោក វេង សា​ខុន និង​អគ្គនាយក​ក្រុម​ហ៊ុន​ ធៀន ធៀន លោក Wang Bingham កាលពី​រសៀល​ថ្ងៃម្សិលមិញ ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ក្រ​សួង​កសិកម្ម។

ក្នុង​ជំនួប​នោះ លោក Wang Bingham មានប្រសាសន៍​ថា ក្រោយពី​ក្រុមហ៊ុន​បានធ្វើទស្ស​នកិច្ចសិក្សា​ស្វែងយល់​ពី​ផលិតផលនិង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ធុរេ​ន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា​រួចមក លោក​ជឿជាក់​ថា ផលិតផល​ទាំងនេះនឹង​មានការ​គាំទ្រនិង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេសចិ​ន នៅពេល​ដែល​ក្រុមហ៊ុន​ដាក់​លក់​នៅ​លើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិទ្យា​ផ្ទាល់​របស់​ក្រុមហ៊ុន។ 

លោក​ក៏បាន​ស្នើ​ដល់​ក្រសួងនិង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញនិង​នីតិវិធី​នៃ​ការនាំចេញ​ផលិតផល​ទាំងនោះ​ទៅ​ប្រទេស​ចិន ដើម្បី​ឱ្យ​ការអនុវត្ត​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ។ 

ជា​ការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី វេង សា​ខុន បាន​លើកឡើង​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន លើ​ការ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជាចេញទៅ​ប្រទេស​ចិន ធ្វើឡើង​ស្របតាម​ផែនការ​អភិវឌ្ឍ​ន៍វិស័យ​កសិកម្ម​របស់​កម្ពុជា ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មានការ​រីកចម្រើន។

លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុនសហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជានិង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លែទាំងនោះ រួច​រៀបចំ​ចុះ​អនុស្សរ​ណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ឱ្យ​ក្រសួង​មានលទ្ធភាព​អាច​ជួយ​សម្របសម្រួល​ក្នុង​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍និង​នីតិវិធី​នៃ​ការនាំចេញ។

បើ​តាម​លោក​រដ្ឋមន្ត្រី កន្លងមក រដ្ឋាភិបាលនិង​ប្រជាជន​ចិនបាន​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដោយ​ភាគី​ចិនបាន​បង្កើន​បរិមាណ​នៃ​ការនាំចូល​អង្ករ​កម្ពុជា​រហូតដល់៥០០ពាន់​តោន និង​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿងនិង​ស្វាយ​ស្រស់ ឆ្ពោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ