ក្រសួង​​តម្រូវ​​ឱ្យ​​យាន​ជំនិះ​​ធុន​​ធ្ងន់​​បិទ​​ស្លាក​​សញ្ញា​​ចាំង​​ពន្លឺ​ ដើម្បី​​បង្ការ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​

ប្រភេទរថយន្តធុនធ្ងន់មួយគ្រោះបើកបរដឹកទំនិញចូលមកក្នុងទីប្រជុំជនក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ យា​នយន្តុប​ករណ៍ រ៉ឺម៉ក និង​សឺ​មី​រ៉ឺម៉ក បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ ដើម្បី​បង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ពាក់ព័ន្ធ​នឹង​យានជំនិះ​ធុន​ធ្ងន់ដែល​មាន​ទម្ងន់សរុប​អតិបរមា​លើស​ពី៣,៥តោន។

សេចក្តី​ណែនាំ​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ស្តី​ពីការ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​លើ​យានយន្ត​ធុន​ធ្ងន់ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ បាន​លើកឡើង​ថា ស្លាក​សញ្ញា​ចាំង​ពន្លឺ​បិទ​នៅ​លើ​យានជំនិះ​ធុន​ធ្ងន់​ទាំងនោះ ត្រូវ​មាន​ពីរ​ពណ៌ រួមមាន ពណ៌ក្រហមនិង​ពណ៌លឿង ដែល​មាន​ទទឹង​មិន​តិច​ជាង៥០មី​លី​ម៉ែត្រ និង​កម្រិត​ចាំង​ពន្លឺ​ស្របតាម​បទដ្ឋាន​បច្ចេកទេស VC104​+។

ក្រសួងបន្ត​ថា ស្លាក​សញ្ញា​ចាំង​ពន្លឺ​ពណ៌លឿង ត្រូវ​បិទ​នៅ​ផ្នែក​សងខាង​តាម​បណ្តោយ​យានជំនិះ ដែល​មាន​ប្រវែង​មិន​តិច​ជាង៨០​%នៃ​ប្រវែង​បណ្តោយ​របស់​យានជំនិះ និង​បិទ​នៅ​គែម​ខ្ពស់​បំផុត​តាម​ទម្រង់​យានជំនិះ ខណៈ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​ពណ៌ក្រហម ត្រូវ​បិទ​នៅ​ផ្នែក​ខាងក្រោយតាម​ទទឹង​យានជំនិះ និង​បិទ​នៅ​គែម​ខ្ពស់​បំផុត​តាម​ទម្រង់​យានជំនិះ ប៉ុន្តែ​មិន​តិច​ជាង៤០០មី​លី​ម៉ែត្រ​ពី​គែម។

ក្រសួងក៏បាន​ណែនាំ​ឱ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ យា​នយន្តុប​ករណ៍ រ៉ឺម៉ក ឬសឺ​មី​រ៉ឺម៉ក ដែល​មាន​ទម្ងន់សរុប​អតិបរមា​លើស​ពី៣,៥តោន ទៅ​ទទួល​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ដើម្បី​ឱ្យ​ការ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​បាន​ត្រឹមត្រូវ តាម​ខ្លឹមសារ​ប្រកាស​ចុះ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តី​ពីបទដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះរបស់ក្រ​សួង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ