សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​ពន្លឿន​​ការ​​កែ​​ច្បាប់​​ស្តី​​ពី​​សមាគម​​និង​​អង្គការ​​មិន​មែន​​រដ្ឋា​ភិបាល​

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងទៅ (រូបថតឯកសារ)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ក្រសួងមហាផ្ទៃ​ពន្លឿន​ការ​តាក់តែង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​«សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល»​ឱ្យ​បាន​ឆាប់ និង​ទទួលយក​នូវ​សំ​ណើកែ​លម្អ​មាត្រា​មួយចំនួន​របស់​សង្គម​ស៊ីវិល ដើម្បី​បើក​លំ​ហ​ប្រជាធិបតេយ្យនិង​សេរីភាព​សង្គម​ស៊ីវិល​ឡើងវិញ។

សេចក្តី​ថ្លែងការណ៍​រួមរបស់​តំណាង​សមាគមនិង​អង្គការ​សង្គម​ស៊ីវិល​ជាង៨០ ក្នុង​នោះមាន​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព និង​សម្ព័ន្ធ​សហគមន៍​កសិករ​ជាដើម បាន​លើកឡើង​នៅ​ថ្ងៃអង្គារ​នេះ​ថា កន្លងមក សង្គម​ស៊ីវិល បាន​លើកឡើង​នូវ​ក្តី​កង្វល់​លើ​មាត្រា​ចំនួន១៤ នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​លើ​សំ​ណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​«សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល»ដែល​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ។ 

សេចក្តី​ថ្លែងការណ៍បន្ត​ថា ទោះជា​មានការ​ស្នើ​ឱ្យ​មានការ​កែសម្រួល​ពាក្យ​ពេចន៍បន្ថែម​ឬបន្ថយ​នូវ​វាក្យខណ្ឌ​មួយចំនួន​លើ១២មាត្រានិង​លុបចេញ​មាត្រា​ចំនួន២ នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ចំនួន៦លើក​មក​ហើយក៏​ដោយ ក៏​នៅ​មិនទាន់​មានការ​ព្រមព្រៀង​ជាក់លាក់​លើ​ចំណុច​ណាមួយ​នៅឡើយ។

ការ​ស្នើ​នេះត្រូវ​បាន​សង្គម​ស៊ីវិលបញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ដោយសារ​បទ​ប្ប​ញ្ញ​ត្តិច្បាប់និង​ការអនុវត្ត​របស់​អាជ្ញាធរ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិនិង​សេរីភាព​នៃ​ការបង្កើត​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​សកម្មភាពនិង​សហប្រតិបត្តិ​ការ​របស់​សង្គម​ស៊ីវិល ដើម្បី​លំ​ហប្រជាធិបតេយ្យ ការ​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គម​នៅ​កម្ពុជា។

ករណីនេះ ក្រុម​សង្គម​ស៊ីវិលបាន​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួងមហាផ្ទៃ ពន្លឿន​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​បាន​ឆាប់​បំផុត​ ផ្តល់​ឱកាស​ដល់​ពួក​គេ​បាន​សិក្សា​បន្ថែម និង​បន្ត​សហការ​ជជែក​លើ​ខ្លឹមសារ​ជាក់ស្តែង​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ រហូតដល់​សេចក្តី​ព្រាងច្បាប់​វិសោធនកម្ម​ទាំងមូលត្រូវ​បាន​អនុម័ត​ដោយ​ស្ថាប័ន​នី​តិ​បញ្ញត្តិ។

ច្បាប់​ស្តី​ពី​«សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល»មាន៩ជំពូកនិង៣៩មាត្រា ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេតនៅ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល លោក កន សា​វាង្ស និយាយ​ថា ការ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ វា​នឹង​បន្សល់ទុក​នូវ​ក្តី​បារម្ភ​ពី​ការ​គំរាមកំហែង​ដល់​ការចូលរួម​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ថា៖ «បើសិនជា​ច្បាប់​ហ្នឹងនៅតែ​បន្ត​អូស​បន្លាយ បញ្ហា​ហ្នឹង​នៅតែ​មិន​ជ្រះស្រឡះ​ទេ ជាពិសេស​មាត្រា២៤ជាដើម ដែល​និយាយ​អំពី​អព្យា​ក្រឹត្យ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល […] ការ​ជូន​ព័ត៌មាន​ពាក់ព័ន្ធ​ ការ​កែប្រែ​លក្ខន្តិកៈ​ផ្សេង​ៗ ត្រូវ​មានទោស ចំណុច​ទាំងអស់​នេះ​ហើយជា​បញ្ហា​ប្រឈម​របស់​ពួក​គាត់»។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃនិង​ជា​អ្នកដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​នេះ លោក ប៊ុ​ន ហុន បាន​បដិសេធ​អត្ថា​ធិប្បាយ​នៅ​ថ្ងៃរសៀល​នេះ ដោយ​ប្រាប់​ថា​ជាប់រវល់។

កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំនេះ អង្គការ​សមាគម១០០ស្ថាប័នបាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លុបចោល​ច្បាប់​ស្ដីពី​«សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល»ឱ្យ​បាន​ឆាប់រហ័ស ដោយ​ចាត់ទុកថា ច្បាប់​បន្ថែម​ថ្មីនេះគឺ​គ្រាន់តែ​ជា​ឧបករណ៍​បម្រើ​ដល់​ការរារាំង គំរាមកំហែង និង​រឹតត្បិត​សង្គម​ស៊ីវិល។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ត​ថា គ្មាន​ភាព​ចាំបាច់​ណាមួយ​ដើម្បី​មានច្បាប់​នេះ​ទេ ខណៈ​កម្ពុជា​មាន​ក្រមរ​ដ្ឋ​ប្ប​វេណីនិង​ក្រម​ព្រហ្មទណ្ឌ​ចែង​ពី​បទប្បញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ