TikTok ប្តឹង​រដ្ឋបាល​​លោក ​ត្រាំ ​ជុំវិញ​​ការ​​ហាម​ឃាត់​​ពលរដ្ឋ​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​នេះ​​

បុរសម្នាក់កាន់ទូរសព្ទឆែកមើលកម្មវិធី TikTok ដើម្បីដំឡើងលើទូរសព្ទ។ (ជន ចាន់រ៉ែន)

TikTok កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ប្តឹង​រដ្ឋបាល​លោក ​ដូ​ណា​ល់​ ត្រាំ បន្ទាប់ពី​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ដាក់​បញ្ជា​ហាមឃាត់​បណ្តាញ​សង្គម​ដ៏​ពេញនិយម​របស់​ចិន​មួយ​នេះ​ប្រតិបត្តិ​ការ​នៅ​សហរដ្ឋអាមេរិក ដោយ​ថា​ អ្វី​ដែល​លោក ​ត្រាំ​ និយាយ​គឺជា​វោហារសាស្ត្រ​ប្រឆាំង​ចិន​ដើម្បី​បាន​សន្លឹកឆ្នោត​ប៉ុណ្ណោះ។

ក្រុមហ៊ុន ByteDance Ltd បាន​ច្រានចោល​ការចោទប្រកាន់​របស់​សេតវិមាន​ដែល​ថា​ បណ្តាញ​សង្គម TikTok របស់​ខ្លួនគឺជា​ការ​គំរាមកំហែង​សន្តិសុខជាតិ។ ក្រុមហ៊ុន​នេះ​អះអាង​ថា ​ខ្លួន​បាន​រក្សា​និង​ការពារ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​នូវ​ព័ត៌មាននិង​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់។ 

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័រ ក្រុមហ៊ុន ByteDance Ltd បាន​ពិពណ៌នា​ថា ​ការ​អំពាវនាវ​របស់​លោក Trump នៅក្នុង​បទបញ្ជា​ប្រតិបត្តិ​ថ្ងៃទី៦ ខែសីហា ​​របស់លោក ត្រាំ ដែលហាមឃាត់ TikTok ជា​មធ្យោបាយ​មួយ​ដើម្បី​បន្ត​ «យុទ្ធនាការ​បើកចំហ​នៃ​វោហារសាស្ត្រ​ប្រឆាំង​នឹង​ប្រទេស​ចិន» នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី៣ ខែវិច្ឆិកា។ 

លោក Patrick Ryan អ្នកគ្រប់គ្រង​កម្មវិធី​បច្ចេកទេស​នៅ TikTok ដែល​បាន​ប្តឹង​រដ្ឋបាលលោក ត្រាំ បាន​លើកឡើង​ថា ​លោក​និង​សហការី​ចំនួន១៥០០នាក់នឹង​បាត់បង់​ការងារ​របស់​ខ្លួន​នៅ​ខែក្រោយ​ប្រសិនបើ​បទបញ្ជា​របស់​លោក​ ត្រាំ ​ត្រូវ​បាន​អនុវត្ត។

លោក Alex Urbelis មេធាវី​តំណាង​ឱ្យ​លោក Ryan បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ដោយ​បាន​លើកឡើង​ថា​ បទបញ្ជា​របស់​លោក ​ត្រាំ​ មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

ក្រុមហ៊ុន ByteDance បាន​លើកឡើង​ថា ​លោក ត្រាំ មិន​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ក្នុង​ការ​ចេញ​បទបញ្ជា​នេះទេ។ 

លោក ​ត្រាំ​ បាន​ចេញ​បទបញ្ជា​ដាច់ដោយឡែក​មួយ​នៅ​ថ្ងៃទី១៤ ខែសីហា ដោយ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន ByteDance ៩០ថ្ងៃ​ដើម្បី​បង្វែរ​ប្រតិបត្តិ​ការនិង​ទិន្នន័យ​របស់ TikTok ឱ្យ​សហរដ្ឋអាមេរិក។ 

យោង​តាម​ពាក្យ​បណ្តឹង​បាន​ឱ្យ​ដឹង​ថា TikTok ជា​កម្មវិធី​ដែល​កំពុងពេញនិយម​ក្នុងចំណោម​យុវវ័យ ដែល​មាន​ប្រហែល​ជាង៩០លាន​នាក់​ប្រើប្រាស់​វា​នៅ​សហរដ្ឋអាមេរិក។ 

រដ្ឋបាលលោក ត្រាំ បាន​និយាយ​ថា ​ជនជាតិ​អាមេរិក​គួរតែ​ប្រុងប្រយ័ត្ន​ក្នុង​ការប្រើ​ប្រាស់ TikTok។ ប្រភព​ដដែល​ថា តាម​ច្បាប់​ដែល​បាន​ណែនាំ​ក្នុង​ឆ្នាំ២០១៧ ដែល​អនុម័ត​ដោយ លោក​ប្រធានាធិបតី ស៊ី​ ជិន​ពីង ក្រុមហ៊ុន​ចិន​មាន​កាតព្វកិច្ច​គាំទ្រ​និង​សហប្រតិបត្តិ​ការ​ក្នុង​ការងារ​ស៊ើបការណ៍​ជាតិ​របស់​ចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ