សាលាឧទ្ធរណ៍ សម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្ននិងបណ្តឹងប្រឆាំងនឹងការឃុំខ្លួនរបស់មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្រោយពីបានបើកសវនាការសួរដេញដោលនៅព្រឹកថ្ងៃពុធនេះ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅផ្ទះទាំងយប់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានសាលាដំបូងសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅថ្ងៃបន្ទាប់ ក្រោមការចោទពីបទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សហមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺលោក ជូង ជូងី ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សវនាការថា ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្ដឹងទាំងពីរនោះ ដោយសម្អាងថា ដើម្បីបញ្ចប់បទល្មើសកុំឱ្យកើតជាថ្មីនិងដើម្បីរក្សាលោក រ៉ុង ឈុន ទុកជូនតុលាការចាត់ការតាមនីតិវិធី។
ករណីនេះ លោកយល់ថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ធ្វើឡើងមិនត្រឹមត្រូវនិងបានប៉ះពាល់ដល់សិទ្ធិសេរីភាពកូនក្តីរបស់លោក។ លោក ជូង ជូងី បន្តថា ការដែលក្រុមមេធាវីប្ដឹងជំទាស់នឹងការឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅកាន់សាលាឧទ្ធរណ៍នេះ ដោយសារការចូលចាប់ខ្លួនកូនក្ដីរបស់លោក ធ្វើឡើងនៅពេលយប់ ដែលផ្ទុយនឹងច្បាប់។
លោកថា៖ «ក្រមនីតិវិធីមិនអនុញ្ញាតឱ្យចាប់ខ្លួនមនុស្សពេលយប់អ៊ីចឹងទេ លើកលែងតែករណីគ្រឿងញៀនជាបទល្មើសជាក់ស្ដែងទើបអាចធ្វើពេលយប់បាន ប៉ុន្តែបើមិនមែនជាគ្រឿងញៀន។ លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដូច្នេះ នីតិវិធីមិនអនុញ្ញាតឱ្យចាប់ខ្លួនទាំងយប់ទេ អ៊ីចឹងគាត់យល់ថាបំពានគាត់ ហើយសហមេធាវីយល់ថាសមត្ថកិច្ចធ្វើបំពានច្បាប់ ដូច្នេះហើយប្ដឹងឧទ្ធរណ៍នឹងការឃុំខ្លួន»។
លោកបន្តថា ចំពោះមូលហេតុនៃការប្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ននោះ ដោយសារកូនក្ដីលោកមានមុខរបរនិងមានទីលំនៅច្បាស់លាស់ ហើយបន្តសហការជាមួយសមត្ថកិច្ចដោយមិនរត់គេចខ្លួនទៅណាឡើយ។ ។
លោក ជូង ជូងី បានឱ្យដឹងថា ក្នុងសវនាការ លោក រ៉ុង ឈុន ក៏បានរៀបរាប់ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ដែរថា ការដែលលោកចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ១១៤ដល់១១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយសារតែគាត់ចង់ដឹងការពិតតែប៉ុណ្ណោះ បន្ទាប់ពីមានពលរដ្ឋត្អូញត្អែរពីការបាត់បង់ដីទៅប្រទេសវៀតណាមក្រោយការបោះបង្គោលព្រំដែន។
លោកថា៖ «សមត្ថកិច្ចផ្អែកទៅការបង្ហោះលើបណ្ដាញសង្គមហ្នឹង ដែលចោទប្រកាន់ទៅលើគាត់ អ៊ីចឹងគាត់បានលើកអំណះអំណាងហ្នឹងថា អ្វីដែលគាត់ធ្វើ ដើម្បីប្រយោជន៍សង្គម ដើម្បីបូរណភាពទឹកដីទេ។ លោក រ៉ុង ឈុន ថាលោកមិនបានញុះញង់ឱ្យមានភាពវឹកវរអីទេ។ អ៊ីចឹងគាត់អះអាងថា អំពើរបស់គាត់ធ្វើ ដើម្បីប្រយោជន៍សង្គមទេ»។
វីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានទេនៅថ្ងៃនេះ។
ខណៈដែលសាលាឧទ្ធរណ៍កំពុងសវនាការលោក រ៉ុង ឈុន នៅថ្ងៃនេះ ក៏មានសាច់ញាតិ គ្រូបង្រៀន យុវជន រួមទាំងប្រជាពលរដ្ឋប្រមាណ៥០នាក់បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាឧទ្ធរណ៍ផងដែរ។
លោក ឡុង រ៉ុម ជាគ្រូបង្រៀនម្នាក់នៅរាជធានីភ្នំពេញ និយាយថា ការដែលពួកគាត់មកប្រមូលផ្តុំនេះ ក្នុងគោលបំណងទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ដោយយល់ថា ការចាប់និងឃុំខ្លួននោះជារឿងអយុតិ្តធម៌ ខណៈដែលលោក រ៉ុង ឈុន បានធ្វើសកម្មភាពជាច្រើនដើម្បីផលប្រយោជន៍សង្គមជាតិ៕