រដ្ឋា​ភិបាល​កម្ពុជា​​រក្សា​​ជំហរ​​សហការ​​ជាមួយ​UN​ដើម្បី​​ឱ្យ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​កាន់​តែ​​ល្អ​​ប្រសើរ​​

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ជំហរ​ក្នុង​ការពិចារណា​ទៅលើ​អនុសាសន៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង។

កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំ​ដោយលោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយលោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្រ្វឺ​រេន។ 

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​ជំនួប​នោះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​កោតសរសើរ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌និង​សិទ្ធិមនុស្ស ប៉ុន្តែ​លោកស្រី​ក៏​នៅ​មាន​កង្វល់​មួយចំនួននិង​បាន​ផ្តល់​នូវ​អនុសាសន៍​មួយចំនួន​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មានបាន​បន្ត​ថា អនុសាសន៍​របស់លោកស្រី រ៉ូ​ណា ស្មី​ត ផ្តោត​លើ​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិតនិង​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ១៩​ ការរៀបចំ​និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​របស់​កម្ពុជា ដូចជា ច្បាប់​«សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល» សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​សាធារណៈ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ជាដើម។

ជាមួយគ្នា​នោះ​ដែរ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​មានការ​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ជួបជុំ​តវ៉ា ការ​កើនឡើង​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ស្រប​ពេល​មានការ​រា​តត្បាតជំងឺ​កូ​វីដ១៩។

លោក កែវ រ៉េ​មី បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជានិង​អន្តរក្រសួង នឹង​ធ្វើការ​ពិចារណា​កង្វល់និង​អនុសាសន៍​របស់​លោកស្រី​ [រ៉ូ​ណា ស្មី​ត] និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ទៀត ដើម្បី​ធ្វើ​ឱ្យ​ស្ថាន​ភា​ពសិ​ទ្ធិ​មនុស្ស​នៅ​កម្ពុជាកាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង»។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ប្រាប់លោកស្រី រ៉ូ​ណា ស្មី​ត ក្នុង​ជំនួប​នោះ​ដែរ​ថា បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស ពិសេស​សេរីភាព​នៃ​ការ​ជួបជុំ ការ​បញ្ចេញមតិ មិន​មានការ​រឹតត្បិត​ទេ តែថា វិធានការ​ទប់ស្កាត់បាន​ធ្វើ​តែ​ចំពោះ​អ្នក​បំពាន​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។ 

ចំណែកលំ​ហ​សេរីភាព​សង្គម​ស៊ីវិល​វិញ រដ្ឋាភិបាល​កម្ពុជាបាន​បង្កើត​ក្រុមការងារដើម្បី​សម្របសម្រួល​ដោះស្រាយនិង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ខណៈ​ក្រសួង​យុត្តិធម៌ក៏​កំពុង​បង្កើន​ប្រសិទ្ធភាព​សេវា​យុត្តិធម៌និង​បង្កើន​សមត្ថភាព​តុលាការ តាមរយៈ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង ដែល​ជាផ្នែក​មួយ​នៃ​ការ​រួមចំណែក​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

ជំនួប​រវាង​មន្ត្រី​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយលោកស្រី រ៉ូ​ណា ស្មី​ត បាន​ធ្វើឡើង ខណៈ​លោកស្រី​នឹង​ឡើង​ថ្លែងការណ៍​អំពី​របាយការណ៍​របស់​ខ្លួននៅ​ខែតុលា ឆ្នាំ២០២០ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​មាន​ភាព​ប្រសើរ​ឡើងវិញ​នោះ ជា​សញ្ញា​ល្អ​មួយ ខណៈ​ក្រុម​សិទ្ធិមនុស្ស​ជាតិនិង​អន្តរជាតិមើលឃើញ​ការ​ចាប់​ឃុំខ្លួន​អ្នក​តវ៉ា​ដោយសន្តិវិធី​មួយចំនួន​ថា ជា​ការ​គំរាមកំហែង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក​ថា៖ «កាលណា​យើង​ [អាជ្ញាធរ​] អនុវត្ត​ទៅលើ​ផលប្រយោជន៍​នយោបាយ​ច្រើនពេក វា​ប៉ះពាល់​ទៅដល់​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ត្រូវតែ​ថ្លឹងថ្លែង ហើយ​ដើរតួ​នាទីនិង​បំពេញ​កាតព្វកិច្ច​ក្នុងនាម​រដ្ឋ​ជា​ភាគី​ដែល​បាន​ផ្តល់​ហត្ថលេខី ដែល​បាន​ផ្តល់​សច្ចាប័ន​បទដ្ឋាន​អន្តរជាតិស្តី​ពី​សិទ្ធិ និង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ លោក​បណ្ឌិត ប៉ា ចន្ទ​រឿន បាន​ថ្លែង​ថា ការ​តាំងចិត្ត​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នឹង​មិន​ជោគជ័យ​ទេ បើ​ប្រព័ន្ធ​កំណែទម្រង់​រដ្ឋ​មិន​តប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​នោះ ។

លោក​ថា៖ «ប្រទេស​កម្ពុជា​យើង​ក៏​ជា​ប្រទេស​នៃ​ហត្ថលេខី​នៃ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​សិទ្ធិមនុស្សនិង​កតិកា​សញ្ញា​ផ្សេងទៀត ទាក់ទង​នឹង​សិទ្ធិ​និង​លទ្ធិប្រជាធិបតេយ្យ​ […] ហេតុ​ដូចនេះ​ហើយ​នៅពេល​ដែល​យើង​រំលោភបំពានឬក៏​ធ្វើ​ឱ្យ​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​វា​ស្រួច​ស្រាល់​ពេក​ទៅ ​អាច​ធ្វើ​ឱ្យ​គេ​ដក​ទំនុកចិត្ត​ផ្តល់​លក្ខ​ខណ្ឌ​អនុគ្រោះ​ពន្ធ​ឬក៏​ការ​រកស៊ី​ជួញដូរ​ជាមួយ​ប្រទេស​កម្ពុជា​យើង»។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី១២ ខែសីហា បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា ជា​បណ្តោះអាសន្ន ដោយ​អះអាង​ថា​ ខ្លួនមាន​កង្វល់​«យ៉ាងធ្ងន់ធ្ងរ»ទាក់ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​ដែល​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ