រដ្ឋា​ភិបាល​​ផ្តល់​​ថវិកា​៣០​លាន​​ដុល្លារ​​បើក​​ជូន​​ពលរដ្ឋ​​ក្រីក្រ​​អំឡុង​ជំងឺ​​កូ​វីដ​១៩​សម្រាប់​​ជុំ​​ទី​២​

ពលរដ្ឋមកពីសង្កាត់៣ក្នុងខណ្ឌដង្កោ ចូលរួមក្នុងពិធីចែកបណ្ណបញ្ជាក់អត្តសញ្ញាណក្រីក្រ ឬប័ណ្ណសមធម៌ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

រដ្ឋាភិបាល​បានសម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ រយៈពេល​ពីរ​ខែ​ទៀត គឺ​ខែសីហានិង​ខែកញ្ញា ក្នុង​នោះ​សាច់ប្រាក់​ចំនួន៣០លាន​ដុល្លារ នឹង​ត្រូវ​បើក​ជូន​ប្រជាពលរដ្ឋ​ជាង២,៦លាន​នាក់​សម្រាប់​ខែសីហា​នេះ។

យោង​តាម​សេចក្ដីសម្រេច​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩សម្រាប់​ជុំ​ទី២របស់ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃម្សិលមិញ បាន​សម្រេចប​ន្ត​អនុវត្ត​កម្មវិធី​នេះរយៈពេល​ពីរ​ខែ​ទៀត គឺ​ខែសីហានិង​ខែកញ្ញា ឆ្នាំ២០២០ ដោយ​រយៈពេល​អនុវត្ត​បន្តនឹង​ត្រូវ​កំណត់​ដោយឡែកផ្អែក​តាម​សភាពការណ៍​វិវត្តជាក់ស្តែង។

សេចក្តី​សម្រេច​បន្ត​ថា៖ «ការ​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភ ត្រូវ​ធ្វើឡើង​ក្នុង​សប្តាហ៍​ទី៤នៃ​ខែ​នី​មួយ​ៗ»។

កាលពី​ថ្ងៃម្សិលមិញ​នេះ​ដែរ ក្រសួងសេដ្ឋកិច្ចក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ សម្រាប់​ជុំ​ទី២ផង​ដែរ។ 

ក្រសួងបានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​បញ្ហា​ផ្នែក​ជីវភាពនិង​តម្រូវការ​នានា​របស់​ប្រជាជន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ដោយសារ​ជំងឺកូ​វីដ១៩ រាជរដ្ឋាភិបាល​បានសម្រេច​បន្ដ​អនុវត្ត​កម្មវិធី​ឧប​ត្ថ​ម្ភសាច់ប្រាក់សម្រាប់​ជុំ​ទី២ (ខែសីហានិង​ខែកញ្ញា​) តាមរយៈ​ការប្រើ​ប្រាស់​សេវាកម្ម​ផ្ទេរ​ប្រា​ក់​វីង ក្នុង​នោះ ថវិកាជាតិ​ចំនួន៣០លាន​ដុល្លារ​អាមេរិក នឹង​បើក​ជូន​ដល់​ប្រជាជន២,៦លាន​នាក់ សម្រាប់​ខែសីហា​នេះ។ 

ក្រសួង​បាន​បន្ថែម​ថា ទំហំ​ថវិកា​នេះមានការ​កើនឡើង​ពី២៦លាន​ដុល្លារនៅ​ខែកក្កដា និង២៣លាន​ដុល្លារនៅ​ខែមិថុនា ដោយសារ​មានការ​កើនឡើង​នៃ​គ្រួសារ​ក្រីក្រ​ប្រមាណ៦ម៉ឺន​នាក់​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា ដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​ជំនួយ​ពិសេស​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការកាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាពរស់នៅ​របស់​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះដែល​មាន​បណ្ណ​សមធម៌ ក្នុង​អំឡុង​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ រួមបញ្ចូល​ទាំង​អ្នក​ដែល​បាត់បង់​ការងារឬប្រាក់ចំណូលដែល​ធ្វើ​ឱ្យ​ពួក​គាត់​ធ្លាក់​ចូលក្នុង​ភាព​ក្រីក្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ