គណៈ​កម្មការ​​ទន្លេ​មេគង្គ​​ជំរុញ​​ឱ្យ​​ចិន​​ចែក​រំលែក​​ព័ត៌មាន​​ទឹក​​ដល់​​ខ្លួន​

ទំនប់ទឹកនៅក្នុងតំបន់ Jinghong នៃប្រទេសចិន។ រូបភាព៖ mrcmekong.org

​គណៈកម្មការ​ទន្លេមេគង្គ ឬហៅ​កាត់ MRC ជំរុញ​ឱ្យ​ចិន​ធ្វើការ​ជាមួយ​ខ្លួន​លើ​ការចែក​រំលែក​ព័ត៌មាន​គ្រប់គ្រង​លំហូរ​ទឹក​នៅ​ទន្លេមេគង្គ​ជាលើកដំបូង ជាជាង​រក្សាទុក​ព័ត៌មាន​ទាំងនោះ​ដោយឡែក​ក្រោម​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​ថ្មី​មេគង្គ​-ឡាន​ឆាង​របស់​ខ្លួន។

តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ការជំរុញ​របស់​ស្ថាប័ន​ប្រឹក្សា​ទន្លេមេគង្គ​មួយ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញថា ក្រុង​ប៉េកាំង​លាក់បាំង​ព័ត៌មាន​បរិមាណ​ទឹកដែល​ខ្លួន​បាន​ទប់​នៅ​តាម​ទំ​បន់​វារី​អគ្គិស​នី​អំឡុង​រដូវប្រាំង។

ក្នុង​របាយការណ៍​ថ្មី​មួយ​ចេញ​ដោយក្រុម​ហ៊ុន​ស្រាវជ្រាវ​របស់​អាមេរិក​នៅ​ឆ្នាំនេះ​ រក​ឃើញថា ចិន​បាន​ទប់ទឹក​ទន្លេមេគង្គ​ដែល​មាន​ប្រភព​ក្នុងទឹក​ដី​របស់​ខ្លួន​ក្នុង​បរិមាណ​ដ៏​ច្រើន​នៅ​អំឡុង​កម្ពស់​ទឹកទន្លេ​ស្រក​ចុះ​ទាប​បំផុត​មិនធ្លាប់​មាននៅ​រដូវរាំងស្ងួត​ឆ្នាំ២០២០។ យ៉ាងណា​ ការ​រក​ឃើញ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កុម្មុ​យនី​ស្តចិន​ទាត់ចោល។

តាម​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃអង្គារ​ម្សិលមិញ គណ​កម្មការ MRC ដែល​មាន​កម្ពុជា ឡាវ វៀតណាម និង​ថៃ​ជាស​មា​ជិ​ក អះអាង​ថា ចិន​មិនទាន់​បាន​ចែកចាយ​ព័ត៌មាន​លម្អិត​នៃ​ការគ្រប់គ្រង​ធនធានទឹក​ទន្លេមេគង្គ​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ បើ​ទោះជា​ក្រុង​ប៉េកាំង​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្តី។

ចិន​ជា​ប្រទេស​ឋិតនៅ​ខ្សែទឹក​ខាងលើ ឯប្រទេស​អាស៊ាន៥ រួមមាន​កម្ពុជា វៀតណាម ឡាវ ថៃ និង​មីយ៉ាន់ម៉ា ឋិតនៅ​ខ្សែទឹក​ខាងក្រោម។ មហាអំណាច​មួយ​នេះ​មិនបាន​ចុះ​សន្ធិសញ្ញា​ទឹក​ណាមួយ​ជាមួយ​ប្រទេស​ក្នុង​តំបន់​មេគង្គ​នោះ​ទេ និង​បាន​ផ្តល់​ទិន្នន័យ​តិចតួច​ប៉ុណ្ណោះ​ពី​ការគ្រប់គ្រង​ទឹកទន្លេ​ក្នុងដែនដី​របស់​ខ្លួន។

ទីភ្នាក់ងារព័ត៌មាន​អង់គ្លេស​បាន​ស្រង់​សម្តី​មន្ត្រី​លេខាធិការ​ដ្ឋាន MRC លោក An Pich Hatda ថា ចិន​និង​ប្រទេស​សមាជិក MRC ដែល​ឋិត​ក្រោម​គម្រោង​មេគង្គ​-ឡាន​ឆាង គួរតែ​ចែករំលែក​ទិន្នន័យ​និង​ព័ត៌មាន​ទាំងឡាយ​ជាមួយ​ក្រុម​អ្នកជំនាញ​របស់ MRC ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​ធនធានទឹក​មានប្រសិទ្ធភាព។

នៅក្នុង​វេទិ​កា​ជំនួប​កំពូល​មេគង្គ​-ឡាន​ឆាង​លើក​ទី៣តាម​ប្រព័ន្ធ​អន​ឡា​ញកា​លពី​ថ្ងៃចន្ទ ចិន​យល់ព្រម​រួមគ្នា​ជាមួយ​ប្រទេស​ឋិតនៅ​ខ្សែទឹក​ខាងក្រោម​ទាំង៥ ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​ទឹកទន្លេ និង​ផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ជល​សាស្រ្ត​ដល់​ប្រទេស​ទាំងនេះ។

នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​ក្រោម​មូលបទ​ «ការគ្រប់គ្រង​ទឹក​ឆ្លងដែន» នោះ​ថា ការព្រមព្រៀង​គ្នា​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​ធនធានទឹក​ទន្លេមេគង្គ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​នៅ​អំឡុង​កិច្ចប្រជុំ គឺជា​ជោគជ័យ​ថ្មី​មួយ។

លោក​មានប្រសាសន៍​ថា៖ «ការ​ស្រុះស្រួល​មតិរួម​គ្នា​ក្នុង​ការ​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​បំផុត​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​យើង»។ 

កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង ​ត្រូវ​បាន​ចិន​ផ្តួចផ្តើម​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥ ដោយមាន​ប្រទេស​ឋិតនៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ចូលរួម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍ក្នុង​តំបន់។

យ៉ាងណា អាមេរិក​ចាត់ទុកថា ចិន​បង្កើត​គម្រោង​នេះ​ដើម្បី​ដោះខ្លួនចេញ​ពី​គណៈកម្មការ MRC និង​បង្កើត​របៀប​វារៈ​អភិវឌ្ឍ​ន៍ផ្លូវទឹក​ថ្មី​ក្រោម​ការដឹកនាំ​របស់​ខ្លួន ដែល​ការចោទប្រកាន់​នេះ​ត្រូវ​បាន​ក្រុង​ប៉េកាំង​បដិសេធ។ 

ចិន​មាន​ទំនប់​វារី​អគ្គិស​នី​ចំនួន៦នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ខ្សែទឹក​ខាងលើ ដោយ​អាច​ផលិត​ថាមពលអគ្គិសនី​សរុប១៥ ៦០០មេ​ហ្គា​វ៉ាត់ ដែល​ជា​កម្រិតខ្ពស់​បំផុត​ក្នុង​តំបន់ ខណៈ​គម្រោង​ថ្មី​មួយទៀត​របស់​ប្រទេស​នេះ​ដែល​មាន​កម្លាំង១៥៥មេហ្គា​វ៉ាត់​កំពុង​សិក្សា។ 

ក្នុង​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ក្រុមប្រឹក្សា MRC រក​ឃើញថា ការ​អភិវឌ្ឍ​វារីអគ្គិសនី​នៅ​ទន្លេមេគង្គ​កំពុង​ប៉ះពាល់​ដល់​សន្ដិ​សុខ​ស្បៀង ផ្លូវ​ដោះដូរ​ពាណិជ្ជកម្ម និង​ជីវភាព​មនុស្ស​ប្រមាណ៦០លាន​នាក់​ពឹង​ផ្នែក​លើ​ទន្លេ ដោយសារ​ទំនប់​ទាំងនោះ​បង្ក​ផល​ប៉ះពាល់​ដល់​លំហូរ​ទឹក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ