ក្រសួងធម្មការ និងសាសនា បានជំរុញថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ព្រះចៅអធិការវត្តអារាម និងមន្ត្រីពាក់ព័ន្ធ ពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅខែក្រោយនេះ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៥ ខែសីហា បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលកម្ពុជាបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ ប្រជាពលរដ្ឋនឹងចូលរួមធ្វើពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមវត្តអារាមនានាទូទាំងប្រទេស។
ក្រសួងបន្តថា ដើម្បីចូលរួមសហការជាមួយរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសហការជាមួយថ្នាក់ដឹកនាំព្រះពុទ្ធសាសនានិងព្រះចៅអធិការវត្តអារាម អនុវត្តនូវវិធានការអនាម័យនិងសុវត្ថិភាពចាំបាច់មួយចំនួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្រសួងបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សន្តិសុខ និងសុវត្ថិភាពក្នុងវត្តអារាម ផ្សព្វផ្សាយដល់សាធារណជននិងពុទ្ធបរិស័ទឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីវិធានសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ និងរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព វាស់កម្តៅ មុនពេលចូលក្នុងទីធ្លាវត្តអារាម និងត្រូវមានអាល់កុលឬជែលលាងដៃជាប្រចាំ។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា៕