ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យវិទ្យាល័យបាក់ទូក បើកដំណើរការចូលរៀនឡើងវិញក្នុងខែកញ្ញាខាងមុខនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា វិទ្យាល័យមួយនេះមានអត្រានៃសិស្សថ្នាក់ទី១២ច្រើនជាងគេទូទាំងប្រទេស។
កាលពីថ្ងៃទី២៥ ខែសីហា ក្រសួងអប់រំ បានរៀបចំកិច្ចប្រជុំស្ដីពី “លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” និងសម្រេចឱ្យវិទ្យាល័យបាក់ទូក នៅរាជធានីភ្នំពេញ បើកដំណើរការមុនគេ។
ក្រសួងបានឱ្យដឹងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការអនុញ្ញាតឱ្យវិទ្យាល័យបាក់ទូក ជាគ្រឹះស្ថានរដ្ឋដំបូងគេក្នុងការបើកដំណើរការបង្រៀនឡើងវិញ ដោយសារគ្រឹះស្ថានមួយនេះមានសិស្សថ្នាក់ទី១២ច្រើនជាងគេ បើធៀបនឹងវិទ្យាល័យផ្សេងៗនៅទូទាំងប្រទេស។
ក្រសួងបន្តថា លទ្ធភាពនៃការបើកសាលារៀនឡើងវិញ ត្រូវផ្តោតលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ ក្រសួងក៏បានចេញសេចក្តីណែនាំស្តីពីការត្រៀមលក្ខណៈនិងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមធ្យមសិក្សា គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមតេ្តយ្យសិក្សា ក្នុងដំណាក់កាលទី២ផងដែរ ដើម្បីធានាថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានទាំងនោះមានប្រសិទ្ធភាពនិងប្រកបដោយសុវត្ថិភាព។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃនេះថា ការបើកដំណើរការគ្រឹះស្ថានឡើងវិញក្នុងដំណាក់កាលទី២ នៅដើមខែកញ្ញា ឆ្នាំ២០២០ ធ្វើឡើងសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈខ្លះនិងឯកជនខ្លះប៉ុណ្ណោះ។
លោកបន្តថា ក្រសួងក៏បានតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងនោះគោរពតាមលក្ខណៈបច្ចេកទេសនៃការសិក្សានិងបង្រៀន តាមរយៈវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ ដូចជា រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយបន្ថែមនិងសៀវភៅសិក្សាគោលខ្លះ។
បើតាមលោក រស់ សុវាចា ការបើកដំណើរការជាលក្ខណៈទ្រង់ទ្រាយតូចនេះ គឺក្នុងមួយថ្នាក់មិនឱ្យលើសពី១៥នាក់នោះទេ។
លោក តូច កន្សាល់ នាយកវិទ្យាល័យបាក់ទូក បានមានប្រសាសន៍ថា វិទ្យាល័យនេះគ្រោងនឹងបើកដំណើរការសិក្សាឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើការបែងចែកសិស្សក្នុងមួយថ្នាក់ដែលមានជាង៥០នាក់ឱ្យសិក្សាក្នុងបន្ទប់ចំនួន៣ គឺក្នុងមួយបន្ទប់មានសិស្សចន្លោះពី១៥នាក់ទៅ២០នាក់។
លោកថ្លែងថា៖ «យើងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយនិងការណែនាំរបស់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ។ អ៊ីចឹងយើងធ្វើយ៉ាងម៉េចគម្លាតបុគ្គលចន្លោះពី១ម៉ែត្រកន្លះ»។
បើតាមនាយកសាលារូបនេះ វិទ្យាល័យបាក់ទូកមានសិស្សថ្នាក់ទី១២ ចំនួនជាង១ពាន់នាក់និងសិស្សថ្នាក់ទី៩ជាង៦០០នាក់។
បើតាមរបាយការណ៍របស់ក្រសួងអប់រំបានឱ្យដឹងថា គោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ គឺក្នុងបន្ទប់រៀនត្រូវរក្សាសីតុណ្ហភាពមិនឱ្យនៅក្រោម២៤អង្សារ រៀបចំបរិស្ថានកន្លែងសិក្សាប្រកបដោយសុវត្ថិភាព ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព។
កាលពីថ្ងៃទី២១ ខែកក្កដា ក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន២០បើកដំណើរការសាកល្បងក្នុងដំណាក់កាលទី១ បន្ទាប់ពីក្រសួងបានវាយតម្លៃថា គ្រឹះសា្ថនទាំងនោះមានស្តង់ដារផ្នែកសុវត្ថិភាពសុខភាពខ្ពស់៕