ក្រសួង​​ជំរុញ​​ឱ្យ​​សាធារណ​ជន​​ចូល​រួម​​បរិច្ចាគ​​ឈាម​​ដើម្បី​​សង្គ្រោះ​​ជាតិ​

សកម្មភាពផ្ដល់ឈាមពីសប្បុរសជននៅក្នុងយុទ្ធនាការមួយ អំឡុងឆ្នាំ២០១៨។ (សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា CBDA)

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ផ្តល់​ឈាម​ឱ្យ​បាន​ច្រើន ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​កំពុង​ប្រឈម​ខ្លាំង ហើយ​ក្រសួង​ក៏​ព្រមាន​ចាត់វិធានការ​តឹង​រ៉ឹង​ចំពោះ​អ្នក​ដែល​យក​ឈាម​ពី​សប្បុរសជន​ទៅ​លក់។

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃនេះ​ស្តី​ពី​«ការ​ផ្ដល់​ឈាម​សង្គ្រោះ​ជីវិត»។ ក្នុង​សន្និសីទ​នេះ អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល លោក ហុក គឹ​មចេង ថ្លែង​ថា អ្នក​ដែល​ត្រូវការ​ឈាម​ភាគច្រើន​ជា​អ្នក​កើតជំងឺ​រ៉ាំ​រ៉ៃ​ដូចជា ខ្សោយ​តម្រង​នោម មហារីក​ឈាម អ្នក​បាត់បង់​ឈាម​ក្រោយ​សម្រាលកូន បាត់បង់​ឈាម​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និងជំងឺ​ត្រូវ​វះកាត់។

លោក ហុក គឹ​មចេង ជំរុញ​សាធារណជន​បង្កើន​ការចូលរួម​ផ្តល់​ឈាម ​ដោយ​ថា ចំនួន​ឈាម​បច្ចុប្បន្ន​មិន​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​ជីវិត​នោះ​ទេ។

លោក ហុក គឹ​មចេង៖ «គោលនយោបាយ​របស់ក្រ​សួង​សុខាភិបាល គឺ​ជំរុញ​ឱ្យមានការ​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្តនិង​មិន​គិត​កម្រៃ […] បងប្អូនប្រជាពលរដ្ឋ​យើង​ដែល​មាន​សុខភាព​ល្អ អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ​ គឺ​អាច​ធ្វើការ​បរិច្ចាគ​ឈាម​បាន៣ដងទៅ៤ដង​ក្នុង១ឆ្នាំ​ ៣ដង​ចំពោះ​ស្រ្តីនិង៤ដង​ចំពោះ​បុរស»។ 

លោក ហុក គឹ​មចេង បន្ត​ថា តាម​ការសិក្សា​របស់​អង្គការសុខភាព​ពិភពលោក​ គឺ​នៅក្នុង​ប្រទេស​មួយ​ត្រូវ​មាន​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ចំនួន១ឬ​លើស​ពី១ភាគរយ​នៃ​ប្រជាជន​សរុប ទើប​មាន​ឈាម​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ជីវិត។ ប៉ុន្តែ​លោក​ថា នៅ​កម្ពុជា​មាន​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មានតែ០,៧ទៅ០,៨ភាគរយ​តែប៉ុណ្ណោះ។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក សុខ ប៉ូ មានប្រសាសន៍​នៅក្នុង​សន្និសីទ​នោះ​ដែរ​ថា ដោយសារតែ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ​ ធ្វើ​ឱ្យ​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​បាន​ថយ​ចុះ។ លោកជំរុញ​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ចូលរួម​ផ្តល់​ឈាម ដោយ​អនុវត្តគោល​ការ​ណ៍គម្លាតសុវត្ថិភាពនិង​វិធាន​ការ​ផ្សេង​ៗទៀត​របស់ក្រ​សួង​ដែល​អាច​ការពារ​ការ​ឆ្លង​មេរោគ​កូ​វីដ១៩បាន។

លោក សុខ ប៉ូ៖ «ឈាម​វា​អត់​ផលិត​បាន​ដោយ​រោងចក្រ មានតែ​ប្រភព​តែមួយគត់​ពី​មនុស្ស អ៊ីចឹង​សុំ​ឱ្យ​ជនរួមជាតិ​ទាំងអស់​មេ​ត្តាចូលរួម​ទាំងអស់គ្នា ជន​រួម​ជា​តិ​យើង​ៗអាច​ជួយគ្នា​បាន​ដូច​ប្រទេស​គេ​ដែរ អ៊ីចឹង​គេ​អត់​ចាំបាច់​រោងចក្រ​ យើង​គួរតែ​មិន​ចាំបាច់​រោងចក្រ​ដូចគ្នា»។ 

លោក សុខ ប៉ូ បានឱ្យ​ដឹង​ថា មួយផ្នែកទៀត​នៃ​ការ​ជួញដូរ​ឈាមជា​អំពើខុស​ច្បាប់ ហើយ​ជន​ដែល​ប្រព្រឹត្ត​ទាំងនោះ​គឺ​ត្រូវ​មានទោស។ 

លោក សុខ ប៉ូ៖ «បើ​និយាយ​អំពី​ច្បាប់ គឺ​គាត់​មានទោស​ធ្ងន់​ណាស់​ ពីព្រោះ​យើង​មានច្បាប់​ស្ដី​អំពី​ការ​បរិច្ចាគ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស»។

លោក សុខ ប៉ូ បាន​បន្ត​ថា គិត​មកដល់​ពេល​បច្ចុប្បន្ន ជនល្មើស​ប្រមាណ​ជា៣០០នាក់ ត្រូវ​បាន​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ជាតិ​កម្ពុជា​ធ្វើការ​អប់រំនិង​ណែនាំ។ លោក សុខ ប៉ូ បាន​ថ្លែង​ថា ​ក្នុងរយៈពេល​ប្រមាណ៨ខែ​មកនេះ ឈាម​ដែល​ត្រូវ​បាន​គេ​បរិច្ចាគ​មាន​ប្រមាណ៦ពាន់​ប្លោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ