វិភាគ៖ ការ​​ចោល​សំរាម​​ឆ្លុះ​បញ្ចាំង​​ពី​​គុណភាព​​មនុស្ស​​នៅ​ក្នុង​​សង្គម​

គំនរសំរាមដែលត្រូវខ្យល់បក់រប៉ាត់រប៉ាយនៅលើដីវាលជាទីកម្សាន្តមួយកន្លែង ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។ (ស៊ឹម សុភា)

ទាំង​អ្នក​រស់នៅ​ទីក្រុង​ក៏ដូចជា​អ្នក​រស់នៅ​ជនបទ​ កំពុងតែ​ពេញនិយម​ដើរកម្សាន្ត​ជា​ក្រុម​មិត្ត​ភក្តិ​ឬគ្រួសារ​ទៅកាន់​រមណីយដ្ឋាន​នានា ​ពិសេស​នៅកន្លែង​ដែល​មាន​ព្រៃឈើ​ឬបរិស្ថាន​ស្រស់​ស្អាត ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ថ្លានិង​សុខភាព​ល្អ។ ប៉ុន្តែ​តំបន់​ស្រស់​ស្អាត​ទាំងនោះ​តែង​តែង​ប្រែក្លាយ​ទៅជា​កន្លែង​កខ្វក់​ក្រោយ​មាន​អ្នក​ទៅ​កម្សាន្ត​លំហែកាយ។

ក្រោយពេល​មានបុណ្យ​ជា​តិ​ធំៗ​ដែល​មាន​ថ្ងៃឈប់​សម្រាក​រយៈពេល​វែង អាជ្ញាធរឬអ្នកធ្វើការ​នៅ​តាម​រមណីយដ្ឋាន​នានា​ តែង​ថតរូប​ផ្សព្វផ្សាយ​ចែករំលែក​គ្នា​ពី​ស្ថានភាព​ចោលសំរាម​គ្មាន​របៀប មាន​ទាំង​ថង់​ប្លាស្ទិក​ខ្ចប់​អាហារ កេស​ដាក់​អីវ៉ាន់ សំបក​គ្រឿង​កំប៉ុង​ភេសជ្ជៈ និង​កំប៉ុង​ស្រា​បៀរ​ជាដើម។

ប៉ុន្តែ​បើ​មើល​អ្នកដើរ​កម្សាន្ត​ជាច្រើន​វិញ ​តែងតែ​បង្ហាញ​រូប​នៅ​លើ​ហ្វេសប៊ុក​របស់​ពួក​គេ​ពី​ទេសភាព​ស្អា​តៗ បង្ហាញ​ភាព​រីករាយ​ជាមួយ​ក្រុម​គ្រួសារឬមិត្ត​ភក្តិ ការ​បរិភោគ​អាហារ​នៅក្នុង​ព្រៃឬតាម​វាលស្មៅ​ជា​ក្រុម ហាក់ដូចជា​មាន​សេចក្តី​សុខ​ជាមួយ​បរិស្ថាន​ស្អាត​ទាំងនេះ​ណាស់។

ចំណុច​នេះ​មិនមែន​អ្នកដើរ​កម្សាន្ត​ជា​ក្រុម​ទាំងអស់​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​នៅកន្លែង​បរិស្ថាន​ស្អាត​ សុទ្ធតែ​ចោលសំរាម​គ្មាន​របៀប​ទាំងអស់​ទេ ប៉ុន្តែ​ពិនិត្យ​លើ​ចំនួន​សំរាម​ដ៏ច្រើននិង​ទីកន្លែង​ជាច្រើន​ត្រូវ​បាន​ពង្រាយ​នោះ ក៏​បង្ហាញថា អ្នក​ដែល​ចោលសំរាម​គ្មាន​របៀបរៀបរយ​ទាំងនោះ​ក៏​មាន​ចំនួន​មិន​តិច​ប៉ុន្មាន​ដែរ។

យុវជន ឃី ពិសី ជាសកម្ម​ជន​បរិស្ថាន ហើយក៏​ជា​អ្នកដឹកនាំ​ក្រុម​ចុះ​កម្មសិក្សា​ឬដើរកម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​នានា​ញឹកញាប់​នោះ ​ថ្លែង​ថា រាល់ពេល​ដែល​រូប​គាត់និងក្រុម​ចង់​ថតរូប​ឱ្យ​បាន​ស្អាត​នោះ​ គឺ​ត្រូវ​ចំណាយពេល​រើស​សំរាម​សិន។

យុវជន​ ឃី ពិសី៖ «បើសិនជា​គាត់​ចង់​ថតរូប​ឱ្យ​ស្អាត​ ត្រូវ​ចំណាយពេល​រើស​សំរាម​ចេញ​សិន។ ដូច​ខ្ញុំ​អី ដើម្បី​បាន​មួយ​ប្លង់ ខ្ញុំ​ត្រូវ​ដើរ​រើស​សំរាម​បោះចោល​សិន ទើប​ថតរូប​បាន ​ហើយ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ផ្សេង​ចង់ទៅ​លេង​កន្លែង​ហ្នឹង​ដែរ។ ឧបមា​ថា ថត​ឃើញ​សំរាម​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ធ្វើ​ម៉េច​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្សេងទៀត​ឱ្យទៅ​លេង​ហ្នឹង​បាន»។

ចំណែក យុវតី ស៊ឹម សុភា អ្នកចូលចិត្ត​ដើរកម្សាន្ត​តាម​ព្រៃ​ធម្មជាតិនិង​ជា​អ្នកតែង​តែ​ចូលរួម​សកម្មភាព​ថែរក្សា​បរិស្ថាន​នោះ ​លើកឡើង​ថា ក្នុង​ឱកាស​ឈប់​សង​ថ្ងៃចូលឆ្នាំ​កន្លងទៅ​នេះ រូប​គាត់និង​ក្រុមការងារ​បាន​ធ្វើដំណើរ​ពី​ខេត្ត​បាត់​ដំបង​ទៅដល់​ខេត្តមណ្ឌលគិរី​ ទៅ​កន្លែង​ដែល​ធ្លាប់​ឃើញ​រូបភាព​វាលស្មៅ​ស្រស់​ស្អាត។ យុវតី​រូប​នេះ​បញ្ជាក់​ថា ពេល​ទៅដល់​ឃើញ​សំរាម​ច្រើន​ក៏​ខកចិត្ត។

សុភា បញ្ជាក់​ថា ​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ក៏​មាន​ជនបរទេស​ទៅជាមួយ​ដែរ ហើយ​រូប​គាត់​ជា​ម្ចាស់​ប្រទេស​ខ្មាស​អៀន​ចំពោះ​ការ​ចោលសំរាម​គ្មាន​របៀប​ទាំងនេះ។

យុវ​តី​ ស៊ឹម សុភា៖ «គ្រាន់​តែ​ឃើញ​អ៊ីចឹង ​អស់​អារម្មណ៍ Refresh [ស្រស់ស្រាយ] អារម្មណ៍​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត ទៅ​ឱ្យ​យើង​អាច Relax [លំហែ] បាន ​វា​អត់​បាន​មកវិញ។ មិត្ត​ភក្តិ​មាន​ជនបរទេស​ម្នាក់​ទៅជាមួយ​ហ្នឹង​ គាត់​ថាសុទ្ធតែ​សំរាម គាត់​និយាយ​ខ្មែរ​បាន​ ហើយក៏​សើច។ មាន​អារម្មណ៍​ថា​ខ្មាស​ជនជាតិ​គេ»។

បញ្ហា​ចោលសំរាម​គ្មាន​របៀប​នេះ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ។ កន្លងមក ​ពិសេស​បុណ្យអុំទូក​ក្នុង​រាជធានី​ភ្នំពេញ​ តែងតែមាន​ចោលសំរាម​លើ​សួនច្បារ កន្លែង​អង្គុយលេង កន្លែង​បរិភោគ​អាហារ បើ​ទោះបីជា​នៅ​ក្បែរ​នោះ​មាន​ធុងសំរាម​ក៏ដោយ។

ជា​ទម្លាប់​ក្នុង​ការរស់នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​យក​សំរាម​គរ​នៅ​លើ​ផ្លូវ ដាក់​នៅ​របង​ផ្ទះ​អ្នកដទៃ ឬដាក់​នៅ​តាម​កន្លែង​សាធារណៈ ទោះជា​មានការ​ដាក់​បដា​ថា «ហាម​ចាក់សំរាម» ឬ «ដាក់​សំរាម​នៅ​ទីនេះ​ត្រូវ​ផាកពិន័យ​» ក៏ដោយ។

អ្នក​ដែល​យក​សំរាមឬចាក់​បង្ហូរ​កាកសំណល់​ចូលក្នុង​សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ជា​ប្រភព​ទឹក​ប្រើប្រាស់​រួមគ្នា ក៏​នៅតែ​មាន​ដែរ។

ករណីនេះ នាំ​ឱ្យ​មាន​សំនួរ​លើកឡើង​ថា ដោយសារតែ​អ្នកនោះ​មិនបាន​រៀនសូត្រ​? មិនបាន​យល់​ពី​ផល​ប៉ះពាល់​នៃ​សំរាម​? ឬមានហេតុ​ផល​អ្វី​ផ្សេង​?

ប៉ុន្តែ​បើ​សង្កេតមើល​អ្នក​ដែល​មានលទ្ធភាព​ទៅ​កម្សាន្ត​ជួបជុំ​គ្រួសារ​ឬមិត្ត​ភក្តិ​នៅក្នុង​ព្រៃ​ធម្មជាតិ សុទ្ធតែមាន​រថយន្ត​ទំនើប មិនមែន​ជា​អ្នក​ដែល​មិនបាន​រៀនសូត្រ​ទេ​ គឺជាអ្នក​ដែល​បំពេញការងារ​នៅ​តាម​ស្ថាប័ន​ផ្សេង​ៗ ស្លៀកពាក់​ស្អាតបាត ហើយ​មាន​ជិះ​រថ​យន្ត​ទំនើប​ៗទៀតផង។ 

ឥរិយាបថ​ចាក់​ជ្រៅ​ក្នុង​ផ្នត់គំនិត​ពិបាក​កែ​បាន​នៃ​ការ​ចោលសំរាម​គ្មាន​របៀប​នេះ បង្ហាញ​ពី​មនុស្ស​ដែល​គ្មាន​ការទទួលខុសត្រូវ ដែល​កុំ​ថាឡើយ​ជួយ​សម្អាត​សំរាម​របស់​អ្នកដទៃ​បន្សល់ សូម្បីតែ​សំរាម​ខ្លួនឯង​ក៏​មិនបាន​សម្អាតដែរ។ អ្នក​ដែល​គ្មាន​ការទទួលខុសត្រូវ​ទាំងនេះ កុំ​រំពឹង​ថា ធ្វើអ្វី​ដើម្បី​ប្រយោជន៍​រួម ដើម្បី​សង្គមជាតិ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​ គឺ​សូម្បីតែ​កន្លែង​ដែល​គាត់​ចូលចិត្ត​ទៅ​កម្សាន្ត​ គាត់​បំផ្លាញ​បាត់​ទៅ​ហើយ​។

បើ​មនុស្ស​គ្មាន​ការទទួលខុសត្រូវ​របៀប​នេះ​ មាន​ចំនួន​តិច ​មិនសូវ​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​សង្គម​មួយ​ដែល​មាន​មនុស្ស​គ្មាន​ការទទួលខុសត្រូវ​ច្រើន​នោះ​ ជា​បញ្ហា​ប្រឈម​ក្នុង​សង្គម។ បើ​យើង​មើលតែ​សំរាម យើង​ឃើញ​តែ​បញ្ហា​សំរាម តែបើ​យើង​មើល​លើ​បញ្ហា​ផ្សេង​ៗទៀត​ គឺ​មនុស្ស​គ្មាន​ការទទួលខុសត្រូវ​នេះនឹង​ប្រើ​ឥរិយាបថ​នៅ​កន្លែង​ផ្សេង​ៗទៀត ដូចជា​នៅកន្លែង​ការងារ នៅក្នុង​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ ​ឬការ​បើកបរ​នៅ​លើ​ដងផ្លូវ​ជាដើម។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យុវ​តី ​ស៊ឹម សុភា ជំរុញ​ឱ្យ​បង្កើន​ការអប់រំ។ បន្ទាប់ពី​ការអប់រំ សុភា ក៏​ជំរុញ​ឱ្យ​មានការ​ដាក់​ពិន័យ​ផង​ដែរ ដោយសារតែ​កន្លែង​ដែល​មានការ​គ្រប់គ្រង ហើយ​ដាក់​បម្រាម​ថា ការ​ចោលសំរាម​គ្មាន​របៀប​នឹង​ត្រូវ​ផាក​ន័យ ​នោះមិន​មាន​អ្នកប្រព្រឹត្តខុស​ទេ។

យុវ​តី ​ស៊ឹម សុភា៖ «ទៅ​កន្លែង​ខ្លះ​ដែល​មាន​អ្នកមើល​ការខុសត្រូវ គេដាក់​ផ្លាក​ចោលសំរាម​ផាក៥០០០ អីចឹងឃើញ​មាន​ប្រសិទ្ធភាព​គ្រាន់បើ។ ទៅ​កន្លែង​ហ្នឹង​! អត់​ឃើញ​ចោលសំរាម​ផ្តេស​ផ្តាសទេ»។

ចំពោះ​ការ​ផាកពិន័យ​ អាជ្ញាធរ​បាន​រៀបចំ​បដា​ជាច្រើន​ដាក់​នៅតាម​ទី​សាធារណៈ​ ដូចជា ប្រឡាយ លូ ឬគល់​ស្ពាន​ជាដើម ដោយ​បញ្ជាក់​ថា អ្នក​ចោលសំរាម​កន្លែង​ទាំងនោះ​ ត្រូវ​ផាកពិន័យ​ពី២០០០០រៀលទៅ២០០០០០រៀល និង​មាន​ទោស​ផ្សេង​ៗទៀតផង។ ប៉ុន្តែ​ជាក់ស្តែង​ការ​ចោលសំរាម​គ្មាន​របៀប​នៅតែ​មាន​ច្រើន រហូត​មាន​យុវជន​មួយ​ក្រុម​ដាក់ឈ្មោះ​ខ្លួនឯង​ថាជា​«យុវជន​សំរាម» ដើម្បី​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​សំរាមនិងបាន​ធ្វើសកម្មភាព​ប្រមូល​សំរាម​ដូចជា​នៅ​ប្រឡាយ​បឹងត្របែក​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម។

សម្រាប់​យុវជន​ ឃី ពិសី ក៏​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផាកពិន័យ​ដែរ ប៉ុន្តែ​លោក​ថា មុន​ឈាន​ដល់​ដំណាក់​នេះ ​គឺ​ត្រូវ​បង្កើន​ការអប់រំ​ឱ្យ​បាន​ច្រើនជាង​នេះ។ ពិសី យល់ថា ការអប់រំ​បច្ចុប្បន្ន​នៅ​មានកម្រិត​ទាប ហើយ​នៅមិន​ទាន់​សកម្ម​នៅឡើយ។

យុវជន ​ឃី ពិសី៖ «អ៊ីចឹង​ ដើម្បី​ឱ្យ​សកម្ម​ លុះត្រាតែ​គាត់​ព្យាយាមឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ចូលរួម។ ផ្សព្វផ្សាយ​ចា​ក់ស្ពត[ពាណិជ្ជកម្ម] ចាក់​អីចឹង​ឱ្យ​បាន​ច្រើន ដូច​ពួក​គាត់​ផ្សព្វផ្សាយ​ស្រា​បៀរ​អ៊ីចឹង។ ស្រា​បៀរ​ផ្សព្វផ្សាយ​ច្រើន អ៊ីចឹង​ការ​ផ្សព្វ​ផ្សា​យស្ព​តពាណិជ្ជកម្ម​ពាក់ព័ន្ធ​ចំណេះដឹង​ទូទៅ​របស់​ពលរដ្ឋ​ ក៏​គួរតែ​មានការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​និង​សកម្ម​ផង​ដែរ»។

តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​បង្ហាញថា សំរាម​ទូទាំង​ប្រទេស​ក្នុង១ថ្ងៃ​មាន​ជាង១ម៉ឺន​តោន ហើយ​ក្នុង១ឆ្នាំ​ៗមាន​ជិត៤លាន​តោន។ ប្រភេទ​សំរាម​ខ្លះ​ដូចជា ក្រណាត់ ថង់​ប្លា​ស្ទិក សំបក​កំប៉ុង​ជ័រ ដប ឬកែវ ជាដើម ​វា​ត្រូវការ​ពេល​ពី​រាប់​រយ រាប់ពាន់ រាប់​សែន ទៅរាប់​លាន​ឆ្នាំ​ទើប​រលាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ