ក្រសួង​​អប់រំ​ អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​​រដ្ឋ​​គ្រប់​​កម្រិត​​ក្នុង​​ទី​រួម​ខេត្ត​​ចំនួន​៤​បើក​​ដំណើរ​ការ​​ឡើង​វិញ​​

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សាប៊ូថងទេសអន្លុង ស្ថិតក្នុងខេត្តរតនគិរី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (ហេង វិចិត្រ)

ក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​ដែល​មាន​សិស្ស​ថ្នាក់​ទី៩និង​ទី១២ និង​គ្រឹះស្ថានសិក្សា​រដ្ឋ​គ្រប់​កម្រិតនៅក្នុង​ទីរួមខេត្ត​ចំនួន៤ បើក​ដំណើរការ​ឡើងវិញនៅ​ខែកញ្ញា​ខាងមុខ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក ​រស់ សុ​វាចា មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ទីរួមខេត្ត​ទាំង៤ដែល​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សិក្សា​ឡើងវិញ ក្នុង​ដំណាក់កាល​ទី២ នៅ​ថ្ងៃទី០៧ ខែកញ្ញា​នោះ រួមមាន ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​រតនគិរី។ 

លោក​បន្ត​ថា គ្រឹះស្ថានសិក្សា​រដ្ឋ​ក្នុង​ទីរួមខេត្ត​ទាំង៤នេះត្រូវ​បាន​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យនិង​វាយតម្លៃ​​នៅ​ទីតាំង​ផ្ទាល់ ដោយ​ឃើញថា មានកម្រិត​ហានិភ័យ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩តិចតួច។

លោកថ្លែង​ថា៖ «ទីរួមខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី គឺ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សាធារណៈ​គ្រប់​កម្រិត​បើក​ដំណើ​ការ»។

អ្នកនាំពាក្យ​រូប​នេះបាន​បន្ត​ទៀត​ថា ក្រៅពីនោះ ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​បើក​ដំណើរការ​គ្រឹះស្ថាន​សាធារណៈ​តាម​រាជធានីនិង​ខេត្ត​ផ្សេងទៀត​តាម​ទម្រង់​តូច។

ដោយឡែក សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​វិញ លោក​ថា ក្រសួង​នឹង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សាដល់​ឧត្តម​សិក្សា បន្ទាប់ពី​មានការ​ចុះ​ពិនិត្យនិង​វាយតម្លៃ​ដោយ​ផ្ទាល់​ដល់ទី​តាំង​គ្រឹះស្ថានសិក្សា​ទាំងនោះ។

តែ​យ៉ាងណា ក្រសួង​ក៏​តម្រូវ​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន ត្រូវ​ដាក់ពាក្យ​ស្នើសុំមក​ក្រសួង​ជាមុន​សិន ដោយមាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាក់លាក់មុន​បើក​ដំណើរការ​ឡើងវិញ។ 

លោក ​រស់ សុ​វាចា បាន​បញ្ជាក់​ដែរ​ថា គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋនិង​ឯកជនដែល​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវ​អនុវត្ត​គោលការណ៍និង​វិធីសាស្ត្រ​បង្រៀន រួម​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​សិស្សពីសំណាក់​ក្រសួង​អប់រំ ក្រសួងសុខាភិបាល និង​អង្គការសុខភាព​ពិភពលោក។ 

លោក​បន្ថែម​ថា ចំពោះ​កម្រិតសិក្សានិង​គ្រឹះស្ថានសិក្សា​ដទៃទៀតដែល​មិនទាន់​បាន​បើក​ដំណើរការ​ឡើងវិញ ត្រូវ​បន្ត​ការសិក្សា​ពី​ចម្ងាយ។

លោក​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២១ ខែធ្នូ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក តូច កន្សាល់ នាយក​វិទ្យាល័យ​បាក់​ទូក បានមាន​ប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា វិទ្យាល័យ​នេះនឹង​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង ដោយធ្វើ​ការបែងចែក​សិស្ស​ក្នុង​មួយ​ថ្នាក់ ដែល​មាន​សិស្ស​ជាង៥០នាក់ មក​នៅ​ត្រឹម​ចម្លោះ​ពី១៥ទៅ២០នាក់ក្នុង​មួយ​ថ្នាក់​វិញ។

លោក​ថ្លែង​ថា៖ «យើង​អនុវត្តទៅតាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង​សុខាភិបាល ហើយនិង​ការណែនាំ​របស់ក្រ​សួង​អប់រំនិង​ស្ថាប័ន​ពាក់ព័ន្ធ ចឹ​ងយើង​ធ្វើ​យ៉ាងម៉េច​គម្លាតបុគ្គលចន្លោះ​ពី១ម៉ែត្រ​កន្លះ»។ 

កាលពី​ថ្ងៃម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណា​រ៉ុន បាន​មានប្រសាសន៍​ថា ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ស្តង់​ដារនិង​សុវត្ថិភាព មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ។ 

តាមរយៈ​សេចក្ដីណែនាំ​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា បាន​ចែងថា សាលារៀនត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យា​កាសមានផាសុ​កភាពនិង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់២ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ដោយ​កំណត់​សិស្ស​មិន​ឱ្យ​លើស​ពី១៥ទៅ២០នាក់​ក្នុង​មួយ​ថ្នាក់ កាត់បន្ថយ​ការ​ប្រមូលផ្ដុំ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ