ក្រសួង​សាធារណ​ការ​​នឹង​​ចាត់​វិធានការ​តឹងរ៉ឹង​លុប​បំបាត់​​យាន​ដ្ឋាន​​កែ​ច្នៃ​​យាន​យន្ត​​ខុស​ច្បាប់​

សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នៅទីតាំងមួយក្នុងចំណោមបណ្ដាខេត្តមួយចំនួនដែលដាក់ឱ្យដំណើរការត្រួតពិនិត្យ អំឡុងថ្ងៃទី២៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន)

ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តឹង​រ៉ឹង ក្នុង​ការ​លុបបំបាត់​យានដ្ឋាន​កែច្នៃ​យានយន្ត​ខុសច្បាប់និង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍និង​ការខូចខាត​ផ្លូវ​មុន​អាយុកាល។

កាលពី​ថ្ងៃពុធ​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ពី​វិធានការ​ទប់ស្កាត់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ និង​យានដ្ឋាន​ដំឡើង​យានយន្ត​ខុសច្បាប់ ការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ការងារ​មួយចំនួន​ទៀត។

ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញធ្វើ​របាយការណ៍​អំពីស្ថានភាព​នៃ​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាត​ យានដ្ឋាន​មានច្បាប់​អនុញ្ញាត និង​យានដ្ឋាន​មានច្បាប់​អនុញ្ញាត​តែ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ជូន​ក្រសួងមហាផ្ទៃនិង​អាជ្ញាធរ​ដែនដី ដើម្បី​ចាត់ការ​តាមច្បាប់។

លោក ​ស៊ុន ចាន់​ថុល បាន​គូសបញ្ជាក់​ថា៖ «ក្រសួង​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​នគរបាលនិង​កងរាជអាវុធហត្ថ ដើម្បី​ចាត់វិធានការ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស»។

ដោយឡែក ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ប្រើប្រាស់​យន្តការ​ជញ្ជីង​ចល័ត ជញ្ជីង​បង្កប់​ក្រោម​តួ​ផ្លូវ (WEIGHT IN MOTION​) និង​កាមេរ៉ា​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យ​បាន​ច្រើន​កន្លែង ដើម្បី​តាម​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​គេចវេះ មិនព្រម​ចូល​ថ្លឹង​នៅ​តាម​ស្ថានីយ​ជញ្ជីង ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​មាន​គ្រោះ​ថ្នា​កច​រា​ចណ៍ អន្តរាយ​ដល់​ផ្លូវថ្នល់ និង​ខាតបង់​ថវិកាជាតិ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ