ប្រទេស​​មហា​​អនុ​​តំបន់​​ទន្លេ​មេគង្គ​ ពិភាក្សា​​គ្នា​​ពី​​ការ​​ស្ដារ​​វិស័យ​​ទេស​ចរណ៍​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​​

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុម​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​បើក​កិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វឺ​រិន ក្នុង​គោលបំណង​រួម គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ឱ្យ​បាន នា​អំឡុង​ពេល​និង​ក្រោយពេល​វិបត្តិ​កូ​វីដ។ (​ហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism​, Cambodia​)

បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​ជួបគ្នា​ពិភាក្សានិង​ចែករំលែក​បទពិសោធន៍​គ្នា ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុង​អំឡុង​ពេលនិង​ក្រោយ​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

ការ​ជួបពិភាក្សា​គ្នា​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈ​ប្រព័ន្ធ (Video Conference​) កាលពី​ថ្ងៃទី២៥ ខែសីហា ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ និង​វៀតណាម រួម​នឹង​អ្នក​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​មក​ពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក សរុប​ប្រមាណ១ ០០០នាក់។ សម្រាប់​ភាគី​កម្ពុជា ចូលរួម​ដោយលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរ​ណ៏។

ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេ​សហ៊ុ​កថា ក្នុង​កិច្ចប្រជុំ​នេះ ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន បាន​សម្លឹងឃើញ​ថា កម្រិត​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅ​ក្រុម​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ នៅ​មានកម្រិត​តិច​ជាង​តំបន់​ដទៃ ដែល​ទៅ​ថ្ងៃមុខ គួរតែ​រៀបចំ​ឱ្យ​មាន​ទេសចរ​មកលេង​កម្សាន្ត​បាន ប៉ុន្តែ​ក៏​ត្រូវតែ​ធានា​សុវត្ថិភាព​ទេសចរណ៍​ខ្ពស់និង​ច្បាស់លាស់​ដែរ។

តែ​យ៉ាងណា ក្រុម​ប្រទេស​ក្នុង​តំបន់​នេះមិនទាន់​ហ៊ាន​ទទួលយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​នៅឡើយ​ទេ ពីព្រោះ​ហានិភ័យ​ពី​ខាងក្រៅ​នៅ​មានកម្រិត​ខ្ពស់ គឺ​មានតែ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ខ្លះៗប៉ុណ្ណោះ តួយ៉ាងដូចជា កម្ពុជា ថៃ ចិន​ជាដើម។

បើ​តាម​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​នោះ ប្រទេស​ថៃក៏បាន​លើកឡើង​ពី​គម្រោង​ចង់​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​អនុវត្តន​យោ​បាយ​ទេសចរណ៍ «Green Travel Bubble» ជា​លក្ខណៈ​ទ្វេភាគីឬត្រីភាគី ហើយ​ប្រសិនជាជោគជ័យ គេ​នឹងអាច​ឈាន​ដល់​ពហុភាគី​ថែមទៀត។

លោក​រដ្ឋមន្ត្រី ថោង ខុន ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា រាជរដ្ឋាភិបាលនិង​គ្រប់​ស្ថាប័ន​ទាំងអស់ រួម​ទាំងប្រជាពលរដ្ឋ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​សកល​នេះ ក្នុង​នោះ​ក្រសួងទេសចរណ៍បាន​ធ្វើសកម្មភាព​ជាប់​ជាប្រចាំលើ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍នៅ​តាម​តំបន់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ម្ហូបអាហារ អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវគោកនិង​ផ្លូវទឹក​ជាដើម។

លោក​បាន​បន្ត​ថា៖ «ការ​ខិតខំ​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​ស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​បាន​ខ្លះ ដើម្បី​ជួយ​កុំឱ្យ​ជួប​នូវ​វិបត្តិ​ដុនដាប​ខ្លាំងពេក»។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែម​ថា ទោះបី​មិនទាន់​អាច​ទទួលយក​ទេសចរ​អន្តរជាតិ​បាន ក៏​កម្ពុជា​នៅតែ​រៀបចំខ្លួន​ជាប់​ជាប្រចាំ ដូចជា ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ការ​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗនិង​មាន​សុវត្ថិភាព​ខ្ពស់ រួម​នឹង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ