អតីត​មន្ត្រី​​បក្ស​​សង្គ្រោះ​​ជាតិ​៣​រូប​ ស្នើ​​ក្រសួង​មហា​ផ្ទៃ​​សុំ​​សិទ្ធិ​​ធ្វើ​នយោ​បាយ​​ឡើង​វិញ​

លោក សុន ឆ័យ អតីតតំណាងរាស្ត្របក្សសង្រ្គោះជាតិ។

​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៣រូប បាន​ស្នើ​ក្រសួងមហាផ្ទៃលើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើនយោបាយ​ឡើងវិញ។

លិខិត​របស់លោក ស៊ុន ឆ័យ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូនលោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៧ ខែសីហា បាន​លើកឡើង​ថា យោង​តាម​មាត្រា៤៥ថ្មីនៃ​ច្បាប់​ស្តី​ពីគណបក្ស​នយោបាយ បាន​បង្ក​លក្ខណៈ​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​នីតិសម្បទា​ធ្វើនយោបាយ​ឡើងវិញ។ 

ករណីនេះ លោក​បាន​ស្នើរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើនយោបាយ​ដល់​រូបលោក​ឡើងវិញ។ 

ក្រៅពី​លោក សុន ឆ័យ ក៏​មាន​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​មក​ពីអ​តី​តគណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ា សា​ម៉ុន និង​លោក តាវ គឹ​មឈន បាន​ដាក់​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញទៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ។

វី​អូ​ឌី មិន​អាច​ស្វែងរក​ការ​អត្ថា​ធិប្បាយ​បន្ថែមពីលោក សុន ឆ័យ និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៀត​បានទេ នៅ​ថ្ងៃសុក្រ​នេះ។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៣រូប​នេះកំពុង​ស្ថិតនៅ​ក្នុង​ការ​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយសម្រាប់​រយៈពេល៥ឆ្នាំ ចាប់តាំងពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក ទៅតាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ករណី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា ក្រសួង​បាន​ទទួលលិខិត​របស់​អ្នក​ទាំង៣រូប​នោះ​ហើយ ក្នុង​នោះ​ថ្នាក់ដឹកនាំ​ក្រសួងបាន​បញ្ជា​ឱ្យ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល ក្រុម​អ្នកច្បាប់​របស់ក្រ​សួង និង​អគ្គស្នងការ​នគរបាល​ជាតិ ប្រជុំ​ពិនិត្យ​លើ​សំ​ណើនេះ រួច​ផ្តល់​ជា​យោបល់​ត្រឡប់ទៅ​ថ្នាក់ដឹកនាំ​វិញ ដើម្បី​ធ្វើការ​សម្រេច។

លោក​ថា៖ «ពួក​គាត់​សុទ្ធតែ​ជា​អ្នកនយោបាយ ហើយ​បើ​អ្នកនយោបាយ​អត់​បាន​ធ្វើនយោបាយ ម៉េច​គេ​ហៅថា​អ្នកនយោបាយ វា​ប្រៀប​ដូចជា​អ្នកកីឡា​ករ​អត់មាន​កន្លែង​ប្រកួត ឬយើង​អាច​ហៅថាអ្នកប្រដាល់ ប៉ុន្តែ​អត់​បាន​ឡើងរេញ​វ៉ៃគ្នា ឈរ​តែ​មើល​គេ​ទៅ»។

អ្នកវិភាគ​បញ្ហា​សង្គម លោក មាស នី យល់ថា ការសម្រេច​ចិត្ត​ដកខ្លួន​ពីអ​តី​តគណបក្ស​សង្គ្រោះ​ជាតិ ហើយ​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញរបស់​អតីតមន្ត្រី​ទាំងនោះ អាច​ជា​សញ្ញា​ល្អ​សម្រាប់​អតីត​បក្ស​ប្រឆាំង​មួយ​នេះ ដោយសារ​ពួក​គេ​អាច​មានឱកាស​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​ឡើងវិញ។

ប៉ុន្តែលោក​ថា ប្រសិនបើ​អតីតមន្ត្រី​ទាំងនោះបាន​ដកខ្លួន​ចេញ​មក​ដើម្បី​គ្រាន់តែ​បង្កើត​គណបក្ស​ថ្មី ដោយ​ពុំ​មាន​យុទ្ធសាស្ត្រ​ជាក់លាក់​នោះ អាច​នឹង​ធ្វើ​ឱ្យ​ចលនា​គាំទ្រ​របស់​អតីត​បក្ស​ប្រឆាំង​ថយ​ចុះ​បាន។ 

លោក​ថា៖ «ទោះបីជា ​[អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​] ចេញ​មក ក៏​យើង​មិន​សង្ឃឹមថា នឹង​បាន​[ធ្វើនយោបាយ​]ពេញលេញ​ដែរ ព្រោះអី​ចរន្ត​នៃ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេសខ្មែរ​យើង កំពុង​ត្រូវ​បាន​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​រដ្ឋាភិបាល ដែល​ជាការ​ព្រួយបារម្ភ​មួយ​របស់​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង ទោះបី​ម៉េច​ក៏​យើង​គិតថា​មិនបាន​មួយ​រយ​ភាគ​រយដែរ ប៉ុន្តែ​យ៉ាងហោចក៏​គ្រាន់បើ​ជាង​ដែរ»។

គួរ​បញ្ជាក់​ថា គិត​មកដល់​ថ្ងៃនេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០នាក់ហើយដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញពី​ក្រសួងមហាផ្ទៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ