គណៈកម្មាធិការ គ.ប.ផ.ក ស្នើពលរដ្ឋចូលរួម​ទប់​ស្កាត់​​​ផលិត​ផល​ក្លែងក្លាយ​លើទីផ្សារ

ផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាប​បាន​នា​ពេល​កន្លង​មក និងត្រូវ​បាន​ គណៈ​កម្មា​ធិ​ការ​ប្រយុទ្ធប្រឆាំងផលិត​ផល​ក្លែង​ក្លាយ​(គ.ប.ផ.ក)​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩។ (រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ)

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិត​ផល​ក្លែងក្លាយ បាន​អំពាវនាវ​ដល់សាធារណជន​ ចូលរួម​ទប់ស្កាត់​ការ​ចរាចរ​ផលិត​ផល​ក្លែង​ក្លាយ​-ខុសច្បាប់នៅលើទីផ្សារ​កម្ពុជា និងទប់ស្កាត់​ជន​​ទុច្ចរិត​ដែល​បានបន្លំខ្លួន​ជា​សមត្ថកិច្ច​មកពីគណៈកម្មាធិការ​នេះ ដើម្បីជំរិតទារប្រាក់​ពី​ម្ចាស់អាជីវកម្ម​​នានា។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុង​សេចក្តីជូន​ដំណឹង​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិត​ផល​ក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល​់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)​ ដែលបាន​ផ្សព្វផ្សាយ​កាលពីថ្ងៃម្សិល​មិញ។

គណៈកម្មាធិការ គ.ប.ផ.ក បានលើកឡើងថា មាន​ផលិត​ផល​ក្លែង​ក្លាយ​-ខុស​ច្បាប់​ ខូច​គុណភាព ហួស​សុពល​ភាពប្រើប្រាស់ បន្លំគុណភាព បន្លំការ​វេច​ខ្ចប់​ ឬស្តុកទុក​មិន​ត្រឹម​ត្រូវ​​តាមស្តង់​ដាបច្ចេកទេស ទាំង​ផលិត​ផលក្នុងស្រុក និង​នាំចូល រួមទាំង​ផលិត​ផ​ល​កែច្នៃខុសច្បាប់​ បាន​និង​កំពុង​​បន្លំលក់​​នៅលើទីផ្សារ​ជាមួយ​​ផលិត​​ផល​ពិតមាន​ច្បាប់​ត្រឹមត្រូវ​ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព និង​សុវត្ថិភាពសង្គម។

គណៈកម្មាធិការ​នេះ ​ឱ្យ​ដឹង​ទៀត​​ថា នាពេល​ថ្មីៗនេះ ក៏​មាន​ក្រុម​ទុច្ចរិត​បាន​បន្លំ​ខ្លួន​ជា​សមត្ថ​​កិច្ច​មកពីគណៈកម្មាធិការ​ គណៈកម្មាធិការ គ.ប.ផ.ក ហើយ​បានទៅគំរាម និង​ជំរិត​​ទាររក​​លាភសក្ការៈពីម្ចាស់អាជីវ​កម្មនានា ជាហេតុ​នាំឱ្យមានការ​យល់​ច្រឡំពីសំណាក់​សាធារណជន និងបានធ្វើឱ្យប៉ះពាល់​ដល​់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ​របស់​អង្គភាព។

គណៈកម្មាធិការនេះ បានបញ្ជាក់ថា៖ «ការចុះបំពេញការងាររបស់សមត្ថកិច្ចមកពី គណៈកម្មាធិការ គ.ប.ផ.ក ត្រូវមានលិខិតបង្គាប់ការចេញដោយប្រធានគណៈកម្មាធិការ និងការសហការពីស្ថាប័នពាក់ព័ន្ធបង្កើតជាក្រុមការងារដោយមិនមានការចុះជាបុគ្គលនោះទេ»

ករណីនេះ ​គណៈកម្មាធិការ គ.ប.ផ.ក បានអំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ចូលរួមសហការ និងផ្តល់ព័ត៌មាន​អំពីទីតាំង​ផលិត ការ​ចែកចាយ​ផលិត​ផល​គ្មានការ​អនុញ្ញាត និង​​ក្រុម​ទុច្ចរិត​​ទាំងនោះទៅកាន់គណៈកម្មាធិការ ដែលមានទីតាំងនៅក្រសួង​មហា​ផ្ទៃ ឬតាមហ្វេស​ប៊ុក​ផេក «គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ​-Counter Counterfeit Committee» ដើម្បីឱ្យ​ក្រុមការងារ​អង្គភាពនេះចុះទៅពិនិត្យ​ស្រាវជ្រាវ តាម​ដានស៊ើបអង្កេត​ និង​ឈាន​ដល់​ការ​ចុះអនុវត្ត​នីតិវិធីច្បាប់​ដោយសហការជាមួយ​សមត្ថ​កិច្ច​នៃក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ