គណបក្ស​​មួយ​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​​ប៉ូលិស​ស្ត្រី​ចុះ​​រៀប​ចំ​​សណ្ដាប់​ធ្នាប់​​ពេល​​មាន​ការ​​តវ៉ា​

ស្ត្រីម្នាក់ត្រូវបានអាជ្ញាធរអូសទាញទៅម្ខាងផ្លូវ នៅពេលដែលស្ត្រីរូបនោះទៅតវ៉ាទាមទារឱ្យដោះលែងសាច់ញាតិដែលជាអតីតសកម្មជនបក្សសង្គ្រោះជាតិ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ (REUTERS/Chantha Lach NO RESALES)

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​ក្រុមប៉ូលិសជា​ស្ត្រី ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅពេល​មាន​ប្រជាពលរដ្ឋ​ជា​ស្ត្រី​នាំគ្នា​ប្រមូល​ផ្តុំ​ធ្វើកូដកម្មឬបាតុកម្ម​ដោយសន្តិវិធី ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​បៀតបៀន​លើ​ស្ត្រីជា​អ្នក​តវ៉ា​បន្ត​ទៀត។

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកស្រី ឡឹក រដ្ឋា បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃម្សិលមិញ​ថា កន្លងមក​ស្ត្រី​ដែល​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​សាច់ញាតិនិង​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់​ដែល​ជា​បុរស បង្រ្កាប​ដោយ​ហិង្សានិង​បាន​បៀតបៀន​ទៅលើ​ពួក​គេ។

ករណីនេះ លោកស្រី​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​រៀបចំ​ក្រុម​សមត្ថកិច្ច​ជា​ស្ត្រី​ដែល​មាន​ជំនាញ ដើម្បី​ចុះទៅ​រៀបចំ​សណ្ដាប់ធ្នាប់​ជាមួយឬទៅ​ជំនួស​ក្រុម​សមត្ថកិច្ច​បុរស​វិញ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ប្រើប្រាស់​អំពើ​ហិង្សានិង​ការបៀតបៀន​លើ​ស្ត្រី​ដែល​ជា​អ្នក​តវ៉ា​បន្ត​ទៀត។

លោកស្រី​ថា៖ «ដូច​យើង​ឃើញ​កន្លងមក ការ​បង្រ្កាប​របស់​អាជ្ញាធរ​បុរស​ហ្នឹង បុគ្គល​ខ្លះ​ដែល​បាន​លូ​កលាន់ឬប៉ះពាល់​ទៅ​ស្ត្រី​ហ្នឹង ក៏​យើង​ទាមទារ​សុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​រឿង​ហ្នឹង ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ក្រុម​ស្រ្តី យុវតី​ដែល​បាន​ធ្វើការ​តវ៉ានិង​ក៏បាន​ផ្ដល់​ភាព​ស្អាតស្អំ​មន្ត្រីប៉ូលិសផ្សេងទៀត​ដែល​គា​ត់​ល្អ​ៗ»។

កញ្ញា យិន ម៉ូ​លី​នី ដែល​ធ្លាប់​បាន​ចូលរួម​ការ​តវ៉ា​ដោយសន្តិវិធីទាមទារ​ឱ្យ​ដោះលែងលោ​ក រ៉ុង​ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ថ្ងៃសុក្រ​នេះ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​គណបក្ស​នេះ ដោយ​ថា កន្លងមក ក្រុម​សន្តិសុខ​ខណ្ឌ​ដែល​សុទ្ធតែ​ជា​បុរស​មួយចំនួនបាន​ប្រើ​ហិង្សា រុញច្រាន និង​ឆ្លៀតឱកាស​ប៉ះពាល់​រាងកាយ​របស់​កញ្ញានិង​ក្រុម​អ្នកចូលរួម​ជា​ស្ត្រី​ផ្សេងទៀត។ 

កញ្ញា​និយាយ​ថា៖ «យើង​ជា​មនុស្ស​ស្រី យើង​គឺជា​ស្ត្រី​ទន់ខ្សោយ រង​កម្លាំង​បៀតបៀន​ពី​មនុស្ស​ប្រុស​ប្រើ​ហិង្សា​មក​លើ​យើង គឺ​អាហ្នឹង​វា​ធ្ងន់ធ្ងរ ប៉ុន្តែ​បើសិន​មាន​កម្លាំង​ជា​ស្រ្តី​ដែល​គាត់​ចុះ​មក​ការពារ មិនមែន​មក​ដើម្បី​ប្រើ​ហិង្សា​ទេ ខ្ញុំ​សុំ​ឱ្យ​ពួក​គាត់​ចុះ​មក​ដោយ​ការពារ ដោយសន្តិភាព ដោយ​អហិង្សា ពីព្រោះ​ពួក​ខ្ញុំ​ទៅ គឺ​ទៅ​ដោយ​អហិង្សា​ដូចគ្នា ដូច្នេះ​ខ្ញុំ​គាំទ្រ​បើសិនជា​មានសមត្ថកិច្ច​ជា​ស្រ្តី»។

លោកស្រី ជូ ប៊ុ​នអេង អនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ថា ក្រសួង​មិនទាន់​មាន​នគរបាល​ជា​ស្ត្រី​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ទេ ដោយសារបច្ចុប្បន្ន ចំនួន​ស្ត្រីជា​នគរបាល​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ។ 

លោក​ថា៖ «សកម្មភាព​ពួក​គេ ​[ក្រុម​អ្នក​តវ៉ា​] យើង​ដឹង​ស្រាប់ហើយ អា​ជេរ​ក៏​មាន អា​ចង្អុលមុខ​ក៏​មាន អ៊ីចឹង​បើ​មិន​ចាប់ ហើយ​[ពេល]ចាប់ ​គាត់​បម្រះ ធ្វើ​ម៉េច​មិន​ឱ្យ​ប៉ះ​ខ្លះ! អាហ្នឹង​ហើយដែល​យើង​ពិបាក​ បើកាលណា​យើង​ចេះ​គិតថាគេ​បៀតបៀន ការបៀតបៀន​ជា​ចេតនា​មួយ​សម្រាប់​ផល​ចំណេញ​ក្នុង​ផ្លូវភេទ ប៉ុន្តែ​បើ​ក្នុង​បេ​សកកម្មហើយ​គិតថា​ជា​ការបៀតបៀន​ដែរ​ អាហ្នឹងខ្ញុំ​គិតថា​ចប់ហើយ»។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត យល់ថា បើ​ទោះជា​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ​ការអនុវត្ត​នោះ​គួរ​ធ្វើ​ទៅតាមច្បាប់ មិនមែន​ឆ្លៀតឱកាសដើម្បី​ប៉ះពាល់​រូបរាង​អ្នក​ដែល​ងាយ​រងគ្រោះ​នោះ​ទេ។

លោក​ថា៖ «បើសិនជា​សមត្ថកិច្ច​ណា​បំពេញមុខ​ងារ​ ហើយ​ឆ្លៀតឱកាស​បៀតបៀន​ស្ត្រីជន​ដែល​ងាយ​រងគ្រោះ​នោះ អាហ្នឹង​ជា​បទល្មើស​ដែល​ត្រូវ​អនុវត្ត​តាមផ្លូវ​ច្បាប់»។

ចំណែកអ្នកសម្របសម្រួល​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ អ្នកស្រី អេង ចាន់​ឌី ក៏​យល់ស្រប​ចង់ឱ្យ​កម្លាំង​នគរបាល​ជា​ស្ត្រីចុះទៅ​អន្តរាគមន៍​ពេល​មានការ​តវ៉ា​កើតឡើង​ផង​ដែរ ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​អំពើ​ហិង្សានិង​ការបំពាន​ទៅលើ​រាងកាយ​ស្ត្រី។ តែ​យ៉ាងណា អ្នកស្រី​បាន​ជំរុញ​ដល់​រដ្ឋាភិបាលគួរ​មានការ​បណ្តុះបណ្តាល​អប់រំអំពី​សិទ្ធិ​ស្ត្រីនិង​សិទ្ធិ​បុគ្គល​ជាមុន មុននឹង​ឱ្យ​ពួក​គេ​ចុះ​អនុវត្ត​ការងារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ