គ.ជ.ប បង្កើត​​ប្រព័ន្ធ​​ផ្លាស់​​ប្តូរ​​ឯកសារ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​តាម​​អន​​ឡា​ញ​លើក​ដំបូង​

បុគ្គលស្ត្រីម្នាក់កំពុងស្វែងរកទិន្នន័យនិងរបៀបប្រើប្រាស់ផ្សេងៗពីគេហទំព័រចុះឈ្មោះបោះឆ្នោតថ្មីរបស់គ.ជ.ប។ (ហង់ សុខហុង/ ២៨ សីហា ២០២០)

​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ (តាម​អន​ឡាញ​) លើកដំបូង សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០។

សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​ធិការ​ជាតិរៀបចំ​ការបោះឆ្នោត (គជប​) ចុះ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ប្រព័ន្ធ​ផ្លាស់​ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​តាម​អន​ឡា​ញនេះ នឹង​ដំណើរការ​តាម​គេហទំព័រ voterlist.nec.gov.kh ចាប់ពី​ថ្ងៃទី២៨ ខែសីហា ដល់​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គជប បន្ត​ថា ប្រព័ន្ធ​ផ្លាស់​ប្តូរ​ឯកសារ​នេះ នឹង​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ២០១៩ ដែល​បាន​ប្រើប្រាស់​ឯកសារ​មួយចំនួន​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត អាច​ផ្លាស់​ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​របស់​ខ្លួន​បាន និង​ធ្វើ​ឱ្យ​បញ្ជី​បោះឆ្នោត​កាន់តែ​មាន​ភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព។

គជប បាន​បញ្ជាក់​ដែរ​ថា សម្រាប់​អ្នកមាន​ឈ្មោះនិង​ទិន្នន័យ​ក្នុង​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​មាន​ឈីប (Chip​) ដូចគ្នា​ទៅ​នឹង​ឈ្មោះនិង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ២០១៩ អាច​ស្នើសុំ​ផ្លាស់ប្ដូរ​អត្ត​សញ្ញា​ណប​ណ្ឌ​ប្រភេទ​ថ្មី​របស់​ខ្លួនតាម​ប្រព័ន្ធ​អន​ឡា​ញនេះ​បាន។

ប៉ុន្តែសម្រាប់​អ្នក​ដែល​មានឈ្មោះនិង​ទិន្នន័យ​ក្នុង​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី ខុសគ្នា​ទៅ​នឹង​ឈ្មោះនិង​ទិន្នន័យ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ២០១៩ ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-សង្កាត់ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ស្នើសុំ​កែតម្រូវ​ឈ្មោះនិង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត ក្នុង​អំឡុង​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ