សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​ទម្លាក់​​ចោល​​សេចក្តី​​ព្រាង​ច្បាប់​​ស្តី​​ពី​​សណ្តាប់​​ធ្នាប់​​សាធារណៈ​

អាជ្ញាធរសមត្ថកិច្ចចុះរារាំងក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន នៅពេលស្ត្រីទាំងនោះ​ព្យាយាម​ប្រមូលផ្ដុំ​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​កំពុង​បំពេញការងារ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសណ្តាប់​ធ្នាប់​សាធារណៈ​ជា​បន្ទាន់ ដោយ​លើក​ហេតុផល​ថា ច្បាប់​នេះ​រំលោភបំពាន​សិទ្ធិ​ស្ត្រី។

សេចក្តី​ថ្លែងការណ៍​រួម​របស់​តំណាង​អង្គការ​-សមាគម​ជិត៤០អង្គភាពដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា ពួក​គេ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​មាត្រា​ជាច្រើន​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ ដែល​អាច​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​លទ្ធភាព​ទទួល​បាន​សិទ្ធិ​របស់​ខ្លួន ទាំង​ជម្រើស​នៃ​ការ​ស្លៀកពាក់និង​ការ​ប្រកបរបរ​ចិញ្ចឹមជីវិត​របស់​ពួក​គេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​ស្នើ​យ៉ាង​ទទូចឱ្យ​រាជរដ្ឋាភិបាលរក្សា​កា​តព្វ​កិច្ច​របស់​រដ្ឋ​ទៅតាម​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងអស់នៅ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​អនុវត្ត​សេចក្តី​សង្កេត​សន្និដ្ឋាន​ឆ្នាំ២០១៩របស់​គណៈកម្មាធិការ​ស៊ី​-ដ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាលត្រូវ​វាយតម្លៃ​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅលើ​ផល​ប៉ះពាល់​នៃ​វិធានការ​នានា​ដែល​បាន​ដាក់ចេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​ទៅលើ​ស្ត្រីនិង​ក្មេង​ស្រី។

ក្រៅពីនោះ អនុសាសន៍​របស់​គណៈកម្មាធិការ​ស៊ី​-ដ ក៏បាន​ជំរុញ​រដ្ឋាភិបាលធ្វើការ​វាយតម្លៃ​ប៉ាន់ប្រមាណ​ផល​ប៉ះពាល់​យេនឌ័រ​ជា​លក្ខណៈ​ប្រព័ន្ធនៅពេល​អនុម័តឬធ្វើ​វិសោធនកម្ម​ច្បាប់​នានា និង​ធានា​ថាការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនោះនឹង​ជួយ​លើកកម្ពស់និង​ការពារ​សិទ្ធិ​ស្ត្រី។ 

សេចក្តី​ថ្លែងការណ៍​រួម បាន​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​គួរតែ​ចាត់ទុកជា​អាទិភាព​បន្ទាន់ ដើម្បី​ដោះស្រាយ​រាល់​ទម្រង់​នៃ​ការរើសអើង​យេនឌ័រ រួមមាន​ អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រនិង​ការរើសអើង​ក្នុង​ប្រព័ន្ធ​អប់រំ ការចូលរួម​ផ្នែក​សេដ្ឋកិច្ច សង្គម និង​នយោបាយ តាមរយៈ​ការកែទម្រង់​ច្បាប់និង​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ»។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ការងារ​ផែន​សណ្តាប់​ធ្នាប់​សាធារណៈ លោកនាយ​ឧត្តមសេនីយ៍ អ៊ុ​ក គឹ​មលេ​ខ មានប្រសាសន៍​ថា សេចក្តី​ព្រាងច្បាប់ស្តី​ពី​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ នៅជា​សេចក្តី​ព្រាងនិង​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា​នៅឡើយ ហើយក៏​ពុំ​មាន​ចំណុច​ណាមួយ​រំលោភបំពាន​ដល់​ស្ត្រី​ដែរ។

លោក​ថា៖ «ខ្ញុំ​អត់​យល់​! បើ​អង្គការ​ណា​ច្រានចោល​ច្បាប់​នេះ បាន​សេចក្តី​ថា អង្គការ​នោះ​ចង់ឱ្យ​ប្រទេស​មួយ​គ្មាន​ច្បាប់ ហើយ​ប្រហែលជា​អង្គការ​នោះ​ដេក​យល់សប្តិ​ទេ​ដឹង! ព្រោះ​មិនទាន់​មានច្បាប់​ផង គ្រាន់តែ​ជា​សេចក្តី​ព្រាង គ្រាន់តែ​លើក​ជា​គំនិត​នៅឡើយ ហើយ​ទៅ​ទម្លាក់​ចោល​យ៉ាងម៉េច​ទៅ»។

សេចក្តី​ព្រាងច្បាប់​ស្តី​ពី «សណ្តាប់​ធ្នាប់​សាធារណៈ» ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងមហាផ្ទៃ មាន៨ជំពូកនិង៤៧មាត្រា តាក់តែង​ឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​សណ្តាប់​ធ្នាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម និង​ការ​រក្សា​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ