តៃវ៉ាន់​​ព្រមាន​​ពី​ជ​ម្លោះ​​អាច​​ផ្ទុះ​ឡើង​​បើ​​គ្មាន​​ការ​ចរចា​​ដោះ​ស្រាយ​

មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen ចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបទី២៣ «សមរភូមិកាំភ្លើងធំ (砲戰追思)» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក 蔡英文 Tsai Ing-wen)

​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen បាន​និយាយ​ថា ហានិភ័យ​នៃជ​ម្លោះ​ដោយចៃដន្យ​អាច​នឹង​ផ្ទុះឡើង​ចៀស​មិន​ផុត បើ​មិន​មានការ​ទំនាក់ទំនង​គ្នា​រក​ផ្លូវ​ចរចាដើម្បី​បន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នោះ​ទេ។

មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen ថ្លែង​ក្នុង​វេទិកា​មួយ​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​ ដោយ​ត្អូញត្អែរ​ថា ចិន​កំពុង​បង្កើន​សម្ពាធ​ឱ្យ​តៃវ៉ាន់​ទទួលស្គាល់​ថា ដែនដី​កាន់​របប​ប្រជាធិបតេយ្យ​មួយ​នេះ​ជាផ្នែក​មួយឬជា​ខេត្ត​មួយ​របស់​ចិន។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មាន Reuters

មេដឹកនាំ​តៃវ៉ាន់​រូប​នេះ ក៏បាន​លើកឡើង​ពី​ក្តី​កង្វល់​ដែល​សកម្មភាព​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូងកំពុង​បង្ក​ភាព​តានតឹង​ជាមួយ​ចិន​ដែរ។ លោកស្រី​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន​ការ​អត់ធ្មត់និង​ចរចា​ស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី។

ប្រភព​ដដែលបានឱ្យ​ដឹង​ថា ជាទូទៅ ​ទំនាក់ទំនងរវាង​ប្រទេស​ចិននិង​អាមេរិក ត្រូវ​បាន​មើលឃើញ​ថា​ ធ្លាក់ចុះ​ក្នុង​សភាព​អាក្រក់​បំផុត​ក្នុងរយៈពេល​ជា​ច្រើន​ទសវត្ស​រ៍មក​ហើយ ជាមួយនឹង​ការ​មិន​ទុកចិត្ត​គ្នា​កាន់តែ​ខ្លាំងនិង​ភាព​មិន​ត្រូវ​រ៉ូវគ្នាជុំវិញ​បញ្ហា​ជំងឺ​កូ​វីដ១៩ ក្រៅពី​នេះ សហរដ្ឋអាមេរិកបាន​ចោទប្រកាន់​ប្រទេស​ចិន​អំពីភាព​អយុត្តិ​ធម៌នៃ​ការអនុវត្ត​ពាណិជ្ជកម្ម រួម​ជាមួយនឹងការ​ខ្វែងគំនិត​គ្នា​លើបញ្ហា​ជម្លោះ​ក្រុងហុងកុង សមុទ្រ​ចិន​ខាងត្បូង និង​កោះ​តៃវ៉ាន់ ជាដើម។

អ្នកស្រី Tsai Ing​-Wen បាន​និយាយ​ថា សហ​គម​ន៍​អន្តរជាតិ​បាន​តាមដាន​យ៉ាង​ដិតដល់អំពី​ស្ថានភាពនៅក្នុង​ទីក្រុង​ហុងកុង ក៏ដូចជា​សកម្មភាព​យោធា​របស់​ចិនក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​ពិសេសស្ថានភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ ។

មេដឹកនាំ​តៃវ៉ាន់​រូប​នេះ និយាយ​ថា កោះ​តៃវ៉ាន់​ចាំបាច់ត្រូវ​ពង្រឹង​សមត្ថភាព​ការពារ​របស់​ខ្លួន ដែល​លោកស្រី​បាន​ផ្តល់​អាទិ​ភាព ដើម្បី​ធានា​ដល់ការ​ការពារ​សុវត្ថិភាព​ប្រទេស។ លោកស្រីក៏បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​បើកចំហ​ផ្លូវ​ចរចា​ជាមួយ​ចិន​ ក៏ដូចជាភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រក្សា​ផលប្រយោជន៍​រួម។

តៃវ៉ាន់​បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញពី​ចិន​កាលពី​ឆ្នាំ១៩៤៩នៅក្នុង​សង្គ្រាមស៊ីវិល​មួយ។ គិត​នៅឆ្នាំ២០២០ ដែនដី​មួយ​នេះ​មាន​ប្រជាជន​ជិត២៤លាន​នាក់ ហើយ​មាន​ប្រទេស​តូច​ៗនៅ​លើ​ពិភពលោក​តែ​ជាង១០តែប៉ុណ្ណោះ​ដែល​ទទួលស្គាល់​ថា តៃវ៉ាន់ជា​ប្រទេស​ឯករាជ្យ។ 

បើ​ទោះជា​តៃវ៉ាន់​ប្រឹង​រៀបចំខ្លួន​ជារ​ដ្ឋ​ឯករាជ្យ​មួយ​ក៏ដោយ ប៉ុន្តែ​ចិន​ប៉េកាំង​ប្រកាស​ថា តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន ​គឺ​រង់ចាំ​តែ​ឱកាសល្អ​មកដល់ ​នឹង​បង្រួបប​ង្រួម​គ្នា​វិញ។ ចិន​បញ្ជាក់​ញឹកញាប់​ថា បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ពេលណា ចិននឹង​ប្រើប្រាស់​កម្លាំងទ័ព​វាយ​ចូល​គ្រប់គ្រង​ភ្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ