ក្រសួងសុខាភិបាលស្នើអាជ្ញាធរដែនដីទាំង២៥រាជធានី-ខេត្ត ពង្រឹងសន្តិសុខបន្ថែមទប់ស្កាត់ជំងឺកូវីដ១៩

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ចេញលិខិតស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចពង្រឹងសន្តិសុខ នៅតាមមណ្ឌលចត្តាឡីស័ក ទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់។

ក្នុងលិខិតរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃទី២៩ ខែសីហានេះថា ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរត្រឡប់មកពីបរទេសតាមច្រកព្រំដែនគោក និងផ្លូវអាកាស​ ត្រូវបានមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ រួមមាន សមត្ថកិច្ច និងក្រុមគ្រូពេទ្យប្រចាំនៅតាមមណ្ឌលកម្រិត១ កម្រិត២ និងនៅតាមបណ្តាសណ្ឋាគារ យកសំណាកពួកគេធ្វើតេស្តនៅមន្ទីរពិសោធន៍ និងអនុវត្តវិធានការចត្តាឡីស័កចំនួន១៤ថ្ងៃ នៅទូទាំង២៥រាជធានី-ខេត្ត។ ប៉ុន្តែរយៈពេល១៥ថ្ងៃកន្លងមកនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។

ទោះជាបែបនេះក្តី លិខិតដដែលបញ្ជាក់ថា ដើម្បីគ្រប់គ្រងប្រជាពលរដ្ឋនៅទូទាំង២៥រាជធានី-ខេត្ត គឺអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ ត្រូវចាត់កម្លាំងសមត្ថកិច្ច ឲ្យទៅយាមប្រចាំការជាប់ជាប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តាឡីស័ក ជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានម្មត់ចត់ និងការពារកុំឲ្យអ្នកកំពុងធ្វើចត្តាឡីស័ករត់ចេញពីមណ្ឌលជាដាច់ខាត ទើបទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បានប្រសិទ្ធិភាពខ្ពស់

ក្រសួងសុខាភិបាលអះអាងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ២៩ ខែសីហា ឆ្នាំ​២០២០​នេះ មាន​មនុស្ស​​​​ចំនួន ២៧៣នាក់​ហើយ​ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​​នោះ​អ្នកជំងឺ ២៦៥នាក់ ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នកកំពុង​សម្រាក​​​ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន​៨នាក់ ជាបុរស។ បច្ចុប្បន្ននេះមិនទាន់មានឆ្លងចូលក្នុងសហគមន៍នៅឡើយ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ