ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា មូលហេតុដែលប្រទេសថៃនិងវៀតណាម ទទួលបានការវិនិយោគច្រើន ដោយសារតែមន្ត្រីរបស់ពួកគេធ្វើការងារសកម្មតាមការសម្រេចរបស់ថ្នាក់ដឹកនាំ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា នៅថៃ និង វៀតណាម កាលថ្នាក់ដឹកនាំគេសម្រេចគឺមន្ត្រីថ្នាក់ក្រោមធ្វើតាម។
លោក សុខ ទូច៖«នៅជាអ្នកស្រាវជ្រាវបានខ្ញុំដឹង។ ហេតុអ្វីគេវិនិយោគនៅវៀតណាម? ហេតុអ្វីគេវិនិយោគនៅថៃ? កាលណានាយករដ្ឋមន្ត្រីគេថា ភ្លាមពីលើដល់ក្រោមត្រូវអនុវត្តន៍»។
ប៉ុន្តែលោកថា មន្ត្រីនៅស្រុកខ្មែរវិញ ទទួលស្តាប់តែនៅពីមុខនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ តែមិនអនុវត្តន៍តាមនោះទេ។
លោក សុខ ទូច៖«ស្រុកគេកាលណានាយករដ្ឋមន្ត្រីគេសាញ៉េ(ចុះហត្ថលេខា)ហើយគឺពីលើដល់ក្រោមគេយកទៅអនុវត្តន៍ តែយើងអត់ទេ។ បាទៗតែមុខសម្តេច ផុតមុខសម្តេចអត់មានធ្វើទេ»។
លោក សុខ ទូច ជំរុញឱ្យមន្ត្រីទាំងអស់ខិតខំធ្វើការងាររួមគ្នាទើបអាចរុញប្រទេសកម្ពុជាឱ្យរីកចម្រើនបាន។ លោកបន្តថា ការនិយាយរបស់លោកលើបញ្ហានេះ លោកដឹងថា នឹងមានបញ្ហាផ្ទាល់ខ្លួន តែលោកនៅតែនិយាយដើម្បីផលប្រយោជន៍ជាតិ៕