ក្រុមយុវជនខ្មែរថាវរៈប្រកាសធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាដើមខែក្រោយ ដើម្បីទាមទារដោះលែងលោក រ៉ុង ឈុន និងអ្នកគាំទ្រលោក៤នាក់ផ្សេងទៀត ក្រោយពីសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរិះគន់រដ្ឋាភិបាលរឿងព្រំដែន។
យុវជនខ្មែរថាវរៈ លោក ថា ឡាវី ប្រាប់វីអូឌី នៅថ្ងៃ៣០ ខែសីហានេះថា ពួកគេបានជូនដំណឹងទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃ២៨ ខែសីហានេះ ដើម្បីធ្វើបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា និងប្រធានគណបក្សខ្មែរឈ្នះលោក សួង សោភ័ណ្ឌនៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៥ ខែកញ្ញា ស្ថិតនៅទីលានប្រជាធិបតេយ្យ វេលាម៉ោង៨ព្រឹក។
លោកបន្តថា ដើមចមដែលនាំឲ្យពួកគេធ្វើបាតុកម្មដោយសន្តិវិធីទាមទារឲ្យដោះលែង និងទម្លាក់បទចោទលើលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀតនោះ ដោយសារពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
លោកអះអាងថា៖ «អ្វីដែលយើងចង់បានគឺយើងចង់ឲ្យមានការទម្លាក់បទចោទ និងដោះលែងលោកគ្រូ រ៉ុង ឈុន និង៤នាក់ផ្សេងទៀត គាត់មិនបានធ្វើខុសដូចគេចោទប្រកាន់ទេ»។
សកម្មជនសិទ្ធិមនុស្សម្នាក់ លោក មាន ព្រហ្មមុនី និយាយថា ការចាប់ខ្លួនអ្នកទាំង៥នាក់់ និងចោទប្រកាន់ពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ពាក់ព័ន្ធរឿងបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ជារឿងអយុត្តធម៌។
ករណីនេះ លោក ព្រហ្មមុនី អះអាងថា នឹងដឹកនាំអ្នកគាំទ្រ ធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារយុត្តិធម៌ឲ្យលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀត បើទោះបីជាមានការគំរាមកំហែងដល់ពួកគេក៏ដោយ។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចឈមើលឲ្យគេចាប់មនុស្សដែលត្រូវ ដែលមិនខុស ហើយត្រូវបានចាប់ដោយអំពើអយុត្តិធម៌ម្តងមួយៗ វាអាចដូចសម័យ ប៉ុល ពត កាលណាយើងស្ងប់ស្ងាត់ធ្វើឲ្យរបបហ្នឹងកាន់តែផ្តាច់ការទៅៗ ហើយការដែលយើងសម្តែងមតិ ជួបជុំគ្នា តវ៉ាដោយសន្តិវិធីវាស្របច្បាប់ជាតិ និងអន្តរជាតិ »។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានទទួលលិខិតរបស់ក្រុមយុវជនខ្មែរថាវរៈ ដែលសុំធ្វើបាតុកម្មដោយសន្តិវិធីកាលពីចុងសប្តាហ៍នេះ។ ប៉ុន្តែលោកថា ក្រុមការងារជំនាញនិងពិនិត្យ រួចជូនដំណឹងទៅថ្នាក់ដឹកនាំថាព្រមឲ្យធ្វើឬមិនព្រម។
ទោះជាយ៉ាង អ្នកនាំពាក្យរូបនោះ បានពន្យល់ជាទូទៅថាអ្នកដឹកនាំធ្វើបាតុកម្មត្រូវគោរពតាមច្បាប់កំណត់។ ប៉ុន្តែបើមិនគោរពច្បាប់ទេ អ្នកទាំងនោះត្រូវទទួលខុសត្រូវរាល់ពេលមានបញ្ហាប្រឈមនានាកើតឡើងដោយយថាហេតុ។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមានសិទ្ធិសម្តែងមតិ មានសិទ្ធិបង្ហាញនូវអ្វីដែលយើងបានយល់ឃើញ ប៉ុន្តែវាត្រូវស្របទៅតាមច្បាប់។ ឧទាហរណ៍ច្បាប់ធ្វើបាតុកម្មដោយសន្តិវិធី ហើយត្រូវធ្វើឲ្យស្របតាមការណែនាំក្នុងច្បាប់ បើអត់គោរច្បាប់ទេ មានតែទទួលខុសត្រូវទៅតាមអ្វីដែលខ្លួនបានប្រព្រឹត្ត»។
បើតាមក្រុមយុវជនទាំងនោះអះអាងថា ការជួបជុំសម្តែងមតិដោយសន្តិវិធីនៅថ្ងៃទី៧ដល់ថ្ងៃ១៥ ខែសីហា មិនកំណត់ចំនួនអ្នកចូលរួមទេ ដោយពួកគេអំពាវនាវទៅអ្នកគាំទ្រលោក រ៉ុង ឈុន និង៤នាក់ផ្សេងទៀត ចូលរួមឲ្យបានច្រើនផងដែរ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ពន្យល់ថា ក្រុមយុវជនដែលយកលិខិតដាក់នៅសាលារាជធានីភ្នំពេញ គ្រាន់តែជាការជូនដំណឹងតែប៉ុណ្ណោះ។ ករណីនេះ លោកថា សាលារាជធានី មិនចាំសុំការអនុញាតថ្នាក់លើថា ឲ្យធ្វើ ឬមិនឲ្យធ្វើបាតុកម្មនោះទេ តាមច្បាប់ក្រុមយុវជនដែលជូនដំណឹងហើយ មានសិទ្ធិធ្វើបាន។
មន្ត្រីស៊ើបអង្កេតរូបនោះបញ្ជាក់ថា បើសិនជាសាលារាជធានីភ្នំពេញនៅតែរារាំង មិនឲ្យពួកគេធ្វើបាតុកម្មតាមសន្តិវិធីទេ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងប្រឈមជាមួយសហគមន៍អន្តរជាតិ ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាផ្តល់សច្ចាប័នលើសន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញាស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ បើធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី ជួបជុំដោយសន្តិវិធីមិនបាន គឺសហគមន៍អន្តរជាតិនឹងធ្វើការឃ្លាំមើល ហើយប្រទេសម្ចាស់ជំនួយជាពិសេសលោកសេរី អាចនឹងមានវិធានការផ្សេងៗមកលើកម្ពុជា វាផលប៉ះពាល់មកលើរដ្ឋាភិបាលកម្ពុជា នឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យផង»។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចុះហត្ថលេខាដោយលោក រ៉ុង ឈុន កាលពីថ្ងៃទី២១ ខែកក្កដា បានលើកឡើងថា ក្រុមការងាររបស់ខ្លួនចុះទៅពិនិត្យបង្គោលព្រំដែនលេខ១១៤ដល់១១៩ ក្នុងភូមិសាស្រ្តឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២០ ខែកក្កដា។ លោករ៉ុង ឈុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថាការបោះបង្គោលព្រំដែនពីលេខ១១៤ដល់១១៩នោះមានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីអាស្រ័យផលរបស់ពលរដ្ឋនៅភូមិសាស្រ្តនោះជាច្រើនរយហិកតាបាត់បង់ទៅខាងភាគីវៀតណាម។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅផ្ទះទាំងយប់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានសាលាដំបូងសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅថ្ងៃបន្ទាប់ ក្រោមការចោទពីបទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
រីឯ ប្រធានគណបក្សខ្មែរឈ្នះ និងយុវជន៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ ក្នុងខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ផងដែរ។