តូប​៣៣​នៅ​​ផ្សារ​​ធំ​​បាត់ដំបង​​ត្រូវ​​ខូចខាត​​ទាំង​ស្រុង​​ក្រោយ​​អគ្គិភ័យ​​ឆាប​ឆេះ​​ម្សិល​មិញ​​

ទិដ្ឋភាពអគ្គិភ័យដែលកំពុងលេបត្របាក់ផ្សារណាត់ក្រុងបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក រដ្ឋបាលខេត្តបាត់ដំបង)

អាជ្ញាធរ​ខេត្តបាត់ដំបងបានឱ្យ​ដឹង​ថា តូប​លក់ដូរ​របស់​អាជីវករ​ដល់ទៅ៣៣តូបបាន​រង​ការខូចខាត​ទាំងស្រុង បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង​កាលពី​ថ្ងៃម្សិលមិញ​នេះ។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ផ្សារ​ធំ​បាត់ដំបង ឬផ្សារណាត់​បាត់ដំបង ត្រូវ​ភ្លើង​ឆាបឆេះ​ចាប់តាំងពី​ម៉ោង​ប្រហែល៥កន្លះ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មុននឹង​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង​នៅ​ម៉ោង​ជិត៨យប់​ថ្ងៃម្សិលមិញ​នេះ។

អភិបាលខេត្ត​បាត់ដំបង​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ការ​ទុស្សេខ្សែភ្លើង​នៅក្នុង​តូប​មួយ​ក្នុង​ផ្សារ​មួយ​នេះ។

នៅពេល​សាកសួរ​អំពី​ទំហំ​នៃ​ការខូចខាត លោក ងួន រតនៈ ប្រាប់​ថា មិនទាន់​អាច​ប្រាប់​បាន​នៅឡើយ​ទេ ខណៈ​គណៈកម្មការ​មួយ​កំពុង​ស្ថិតនៅ​ក្នុង​ការប្រជុំ​ពិភាក្សា​នៅឡើយ​។

អភិបាលរងខេត្ត​បាត់ដំបង លោក សឿម ប៊ុ​នរិ​ទ្ធិ បានឱ្យ​ដឹង​ថា តូប​លក់ដូរ​របស់​អាជីវករ​ជាង៤០តូបត្រូវ​បាន​រង​ការខូចខាត ក្នុង​នោះ​តូប​ចំនួន៣៣តូបត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខូចខាត​ទាំងស្រុង។

លោក សឿម ប៊ុ​នរិ​ទ្ធិ ប្រាប់​ថា៖ «ក្នុង​នោះ​ដែរ​ចំពោះ​ទំហំ​ខូចខាត អត់​ទាន់[ដឹង]​ទេ គេ​កំពុង​វាយតម្លៃ ចុះ​វាយតម្លៃ ខ្ញុំ​ទើប​ប្រជុំ​ចប់​មិញ ដើម្បី​វាយតម្លៃ​អំពី​ការខូចខាត ក៏ដូចជា​ផល​ប៉ះពាល់​សំណង់​បេតិកភណ្ឌ»។

លោក ងួន រតនៈ បានឱ្យ​ដឹង​ថា ផ្សារ​មួយ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅក្នុង​សម័យ​អាណានិគម​និយម​បារាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ