ប្រជាពលរដ្ឋម្នាក់ឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ នៅថ្ងៃទី៣១ ខែសីហានេះ បានដាក់ពាក្យបណ្ដឹងប្ដឹងនាយរងប៉ុស្តិ៍នគរបាលនិងរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ចូលទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទ«មនុស្សឃាតដោយចេតនានិងប្រើប្រាស់អាវុធខុសច្បាប់»។
លោក នួន វ័រ ឪពុករបស់យុវជន នាង មករា ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមគ្រួសាររបស់គាត់ដាក់ពាក្យប្ដឹងចូលតុលាការដើម្បីឱ្យតុលាការរកយុត្តិធម៌ បន្ទាប់ពីកូនរបស់គាត់ត្រូវនាយរងប៉ុស្តិ៍នគរបាល លោក ឬទ្ធី ពិសិដ្ឋ បាញ់ប្រហារកាលពីថ្ងៃទី២៧ ខែសីហា។
លោក នួន វ័រ មានប្រសាសន៍ថា៖ «ខ្ញុំទាមទារឱ្យជនល្មើសហ្នឹងជាប់ទោសនិងទារសំណងព្យាបាលកូនខ្ញុំ។ ដូចជាសាហាវពេកអីចឹង! ជាមន្ត្រីរាជការ វាបាញ់យើងដូចជាសត្វ ដូចជាលលកអីចឹង»។
លោកបញ្ជាក់ថា លោកបានយកពាក្យបណ្ដឹងដាក់ប្ដឹងចូលទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១ ខែសីហាតែម្ដង។
ក្នុងលិខិតស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក លោក នាង មករា រៀបរាប់ថា ខ្លួនត្រូវលោក ឬទ្ធី ពិសិដ្ឋ បាញ់មួយគ្រាប់ពីក្រោយខ្នង បន្ទាប់ពីបានទាស់សម្ដីគ្នាពេលសួរនាំលើករណីនគរបាលឃាត់ម៉ូតូអ្នកភូមិរបស់ខ្លួន កាលពីយប់ថ្ងៃទី២៧ ខែសីហា។ លោកបន្តថា លោកត្រូវបានគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបុរី។
លោក នាង មករា អះអាងក្នុងលិខិត៖ «ខ្ញុំបានសួរប៉ូលិសនោះថា កើតអីបង? គាត់ឆ្លើយថា មិនបានកើតអីទេ។ ខ្ញុំបន្តថា បើអត់មានកើតអីទេ សូមឱ្យពួកគាត់ទៅផ្ទះទៅ យប់ជ្រៅហើយ! ប៉ូលិសថា អាហ្អែងខ្លាំងហ្អី? បើខ្លាំងចុះមក! ខ្ញុំតបថា បើមិនកើតអីទេ ខ្ញុំជិះម៉ូតូទៅផ្ទះមុនហើយ[….] ស្រាប់តែប៉ូលិសនោះស្ទុះរត់មកបាញ់លើរូបខ្ញុំបាទតែម្ដង ខ្ញុំមិនបានដឹងថា ខ្ញុំត្រូវគ្រាប់ទេដោយគ្រាន់តែលឺសំឡេងផ្ទុះ […]។ ខ្ញុំជិះម៉ូតូដល់ផ្ទះ ខ្ញុំស្ទះដើមទ្រូង លុះដល់ស្ទាបខ្នង ទើបដឹងថា ខ្ញុំត្រូវគ្រាប់កាំភ្លើងប៉ូលិសបាញ់»។
ទាក់ទងនឹងករណីនេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត លោក ម៉ា រិន មានប្រសាសន៍ប្រាប់វីអូឌីថា លោកបានដឹងរឿងនេះនិងរាយការណ៍ជូនថ្នាក់លើរួចហើយ តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក ម៉ារិន មានប្រសាសន៍ថា៖ «ថ្ងៃកើតភ្លាម ធ្វើរបាយការណ៍រួច ថ្ងៃបញ្ជូនទៅអធិការ អធិការគាត់បញ្ជូនទៅស្នងការ»។
នៅពេលដែលអ្នកសារព័ត៌មានវីអូឌីសួរថា តើនៅថ្ងៃនេះ លោក ឬទ្ធី ពិសិដ្ឋ គាត់មកបំពេញការងារឬទេ? លោក ម៉ារិន ប្រាប់ថា៖ «អត់ទេ! គាត់អត់បានមកបំពេញការងារទេ គាត់នៅស្នងការនៅឡើយ»។ ស្នងការគាត់ហៅទៅឬ? «បាទបាទ»។
វីអូឌីមិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ស្វែងរកការឆ្លើយបំភ្លឺពីករណីនេះបាននៅឡើយទេ នៅថ្ងៃទី៣១ ខែសីហា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា ករណីបាញ់ប្រហារនេះជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបង្កឡើងដោយសមត្ថកិច្ច។
លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា៖ «យើងកំណត់ថា ជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារតែមន្ត្រីភ្នាក់ងាររបស់រដ្ឋបំពេញបេសកកម្ម មិនមែនគាត់ការពារខ្លួនទេ។ គាត់គឺមានចេតនាទុច្ចរិត ហើយបាញ់គេពីក្រោយចំស្លាបប្រជៀវឆ្វេងធ្លាយមកក្រោមក្លៀកខាងស្តាំ»។
លោកស្នើឱ្យមានការអនុវត្តច្បាប់ចំពោះករណីនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា សង្គមកម្ពុជាជាសង្គមនីតិរដ្ឋ។
កាលពីខែកក្កដា ឆ្នាំ២០២០ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានសម្រេចដាក់ពិន័យចំពោះមន្ត្រីនគរបាលចំនួន៧នាក់នៃស្នងការនគរបាលខេត្តព្រៃវែង។ អគ្គស្នងការបានផ្អាកការងារបណ្តោះអាសន្នចំពោះស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនម្នាក់ នាយការិយាល័យប្រឆាំងគ្រឿងញៀនម្នាក់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនម្នាក់ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន៣នាក់ ព្រោះតែរកឃើញថា មន្ត្រីទាំងនោះប្រើប្រាស់ហិង្សានិងជម្រិតទារប្រាក់ពីប្រជាពលរដ្ឋដោយថាពួកគេពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕