ក្រសួង​សុខា​ភិបាល​ ណែនាំ​ឱ្យ​​ពល​រដ្ឋ​​បន្ត​​អនុវត្ត​​ការ​​ការពារ​​ការ​​ចម្លង​​វីរុស​​កូ​វីដ​​-​១៩​ ​និង​​ការ​​ពុល​​អាហារ​នៅ​​អំឡុង​​ពេល​​បុណ្យ​​កាន់​បិណ្ឌ​និង​​ភ្ជុំ​បិណ្ឌ

ប្រជាពលរដ្ឋនាំគ្នារាប់បាត្រថ្ងៃកាន់បិណ្ឌ១ វត្តទួលទំពូង កាលពីឆ្នាំ២០១៨។

​ក្រសួងសុខាភិបាល​បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​វីរុស​កូ​វីដ១៩ ដោយ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​ដែល​នឹងប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៣ដល់​ថ្ងៃទី១៨ ខែកញ្ញា។

យោង​តាម​សេចក្ដីណែនាំ​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​ណែនាំ​នូវ​វិធានការណ៍​ចំនួន៧ចំណុច​ក្នុង​ការ​បន្ត​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩និង​ការ​ពុល​អាហារ នៅ​អំឡុង​ពេល​បុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ។

ក្រសួង​បាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​នៅ​តាម​ទីវត្ត​អារាម រក្សា​អនាម័យ​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ណែនាំ​ឱ្យ​ប្រកាន់យក​ជម្រើស​ជួបជុំ​គ្រួសារឬការ​ធ្វើដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​វីរុស​ដ៏​រាតត្បាត​នេះ។

ក្រសួងសុខាភិបាល បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឱ្យ​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ និង​អា​ហារ​ប្រកបដោយ​សុវត្ថិភាព ដែល​គេច​ផុត​ពី​ការ​ចម្លង​វីរុសនិង​ការ​ពុល​អាហារ​ផង​ដែរ។

ក្រសួង​សំណូមពរ​ឱ្យ​សាធារណ​ជន​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការណ៍​ខាងលើ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ១៩ ចូល​មក​សហគមន៍។

មកដល់​បច្ចុប្បន្ន​នេះ មនុស្ស​ចំនួន២៧៤នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២៦៦នាក់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន៨នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ