តុលាការ​​កំ​ពូ​ល​ត​ម្កល់​​សេចក្តី​​សម្រេច​​តុលាការ​​ថ្នាក់​ក្រោម​​ករណី​​គ្រូ​១១​នាក់​​ប្តឹង​​ក្រសួង​​អប់រំ​​

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

តុលាការ​កំពូល​បានសម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទាត់​ចោល​បណ្តឹង​គ្រូបង្រៀន១១នាក់​ប្តឹង​ក្រសួង​អប់រំ​ករណី​លុបឈ្មោះ​ពួក​គេ​ចេញពី​ក្របខណ្ឌ។ 

ក្រសួង​អប់រំ​ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានសម្រេច​លុបឈ្មោះ​គ្រូបង្រៀន​ចំនួន១១នាក់ ក្រោម​ហេតុផល​ថា​ ពួក​គេ​អវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ក្រុម​គ្រូបង្រៀន​ទាំងនោះ​មិនសុខចិត្ត​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយ​ស្នើ​ឱ្យ​តុលាការ​ចេញ​សាលក្រម​បដិសេធ​ចោល​នូវ​សេចក្តី​សម្រេច​របស់ក្រ​សួង​អប់រំ។ ប៉ុន្តែ​ក្នុង​សាល​សវ​នា​ការ​កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ទាត់​ចោល​បណ្តឹ​ងរ​បស់​គ្រូបង្រៀន​ទាំង១១នាក់​នោះ។ 

ក្រុម​គ្រូបង្រៀន​ទាំង១១នាក់​ ក៏បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត ប៉ុន្តែ​សា​លា​ឧទ្ធ​ណ៍​កាលពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ២០២០ ក៏បាន​សម្រេ​ចត​ម្កល់​ការសម្រេច​របស់​សាលាដំបូង។ ដោយ​មិនសុខចិត្ត​នឹង​សេចក្ដី​សម្រេចរបស់​តុលាការ​ទាំងពីរ​ថ្នាក់ មេធាវី​ការពារ​ក្ដី​គ្រូបង្រៀន​ទាំងនោះ​បាន​ប្ដឹង​មក​តុលាការ​កំពូល។

មេធាវី​ការពារ​ក្ដី​ឱ្យ​គ្រូបង្រៀន​ទាំង១១រូប គឺលោក ជូង ជូ​ងី ប្រាប់​វី​អូ​ឌី​ថា ​នៅ​ថ្ងៃនេះ​ ប្រធាន​ក្រុម​បឹ្រ​ក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន សម្រេ​ចត​ម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សម្អាង​ថា ​អ្នកគ្រូ​និង​លោកគ្រូ បាន​បោះបង់​ការងារនិង​អវត្តមាន​គ្មាន​ការអនុញ្ញាត។ 

លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល ដោយ​លោក​ថា លោកគ្រូ​-អ្នកគ្រូ​ទាំង១១រូប​មិនបាន​បោះបង់​ការងារ​របស់​ខ្លួន​ចោល​នោះ​ទេ។

លោក​បន្ថែម​ថា៖ «នៅពេល​ដែល​គាត់​ទៅ​បំពេញការងារ​ថ្មី​នោះ ក្រសួង​បាន​ចេញប្រកាស​ដាក់​គាត់​នៅ​ក្រៅ​ក្របខណ្ឌ ហើយ​ពេល​ដែល​ដាក់ពាក្យ​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​វិញ ក្រសួង​អប់រំអត់​ទាន់បាន​ចេញប្រកាស​យក​គាត់​យក​ទៅ​ក្នុង​ក្របខណ្ឌ​នៅឡើយ​ទេ។ ដូច្នេះមិនទាន់​មានប្រកាស​ដាក់​​គាត់ចូល​នៅក្នុង​ក្របខណ្ឌ​វិញ​ទេ។ ប៉ុន្តែ​បែរជា​ក្រសួង​អប់រំ​អះអាង​ថា​ គាត់​បោះបង់​ការងារនិង​គាត់​អវត្តមាន​គ្មាន​ការអនុញ្ញាត ហើយ​លុបឈ្មោះ​គាត់​ចោលចេញ​ពី​ក្របខណ្ឌ​តែម្ដង»។

លោក ជូង ជូ​ងី បញ្ជាក់​ថា ​គ្រូបង្រៀន​ទាំង១១រូបដែល​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ក្រសួង គឺ​មាន៣រូប​កំពុង​ជាប់ពន្ធ​នា​គារ ក្នុង​នោះមាន​លោក រ៉ុង ឈុន លោក ជុំ ចាន់ នៅ​ខេត្តព្រៃវែង និង​លោក ពៀត ម៉ា​ប់ នៅ​ខេត្តសៀមរាប។

ដោយឡែក​ គ្រូបង្រៀន៩រូប​ទៀត​ដែល​ត្រូវ​លុបឈ្មោះ​ពី​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន ​និងកីឡា​ដែរ ​រួមមានលោក លី ឌី និង​អ្នកស្រី វង រុ​ន្នី នៅ​ខេត្ត​ព្រះសីហនុ, លោក គង់ ស៊ី​វង្ស នៅ​ខេត្ត​កំពង់ចាម​, លោក ហុង សុ​ជា , លោក ច័ន្ទ សុភា​, លោក មុត មល្លា នៅ​ខេត្តសៀមរាប, លោក ខែម ស៊ី​ថា នៅ​ខេត្ត​បាត់​ដំ​បង រួម​ទាំង​លោក យិន ឈូករ័ត្ន នៅ​ខេត្តកំពត។

គ្រូបង្រៀន​ម្នាក់​ក្នុងចំណោម១១រូប​ដែល​ត្រូវ​តុលាការ​សម្រេច​ឱ្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ក្រសួង​អប់រំ​ដែរ គឺ​អ្នកស្រី វង រុ​ន្នី សម្ដែង​ការ​ខកចិត្ត​ចំពោះ​តុលាការ​កំពូល ដោយ​អ្នកស្រី​ហៅ​ការសម្រេច​នេះ​ថា ជា​រឿង​នយោបាយ។

អ្នកស្រី​មានប្រសាសន៍​ថា៖ «ប្រកាស​ដែល​គាត់​លុបឈ្មោះពួក​ខ្ញុំ គាត់​និយាយ​ថា ​ពួក​ខ្ញុំ​បោះបង់​ការងារ ពួក​ខ្ញុំ​មិនបាន​បោះបង់​ការងារ​ណា! ពួក​ខ្ញុំ​ជាប់​ទៅ​បំពេញភារកិច្ច ជា​ក្រុមប្រឹក្សា​ក្រុង ខេត្ត-រាជធានី ហើយ​ការ​រំលាយ​គណបក្ស​ ត្បិត​រំលាយ​មែន តែថា​មិនទាន់​ស្របច្បាប់។ ហើយ​ពួក​ខ្ញុំ​ក៏​ព្យាយាម​ដាក់ពាក្យ​ចូល​ធ្វើការ​វិញ អ្នកខ្លះ​បាន​ចូល​ធ្វើការ​វិញ​ហើយ​នៅតែ​លុបឈ្មោះ​ពួក​ខ្ញុំ​ទៀត។ អ៊ីចឹង​ខ្ញុំ​គិតថា គាត់​ប្រកាស​លុបឈ្មោះ​ពួក​ខ្ញុំ​ជាហេតុ​ផល​នយោបាយ​តែមួយគត់»។ 

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​ថា ​អាច​ជា​ការ​ធ្វើឱ្យ​បាត់បង់​ធនធាន​សំខាន់​សម្រាប់​វិស័យ​អប់រំ។

លោក​ថា៖ «លោកគ្រូអ្នកគ្រូ​ទាំងអស់​នោះធ្លាប់​បាន​បណ្ដុះបណ្ដាល​សិស្ស​ជាច្រើន នេះ​ជា​ធនធានមនុស្ស​ដ៏​សំខាន់ ប៉ុន្តែ​នៅពេល​ដែល​តុលាការ​សម្រេច​លុប […] យើង​ឃើញថា ​វា​ជា​ការបាត់បង់​ថ្នាល​មួយ​នៃ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​ផង​ដែរ។ ខ្ញុំ​ជឿ​ថា រឿង​ទាំងអស់​ហ្នឹង គេ​អាច​នឹង​រិះគន់​ថា វា​អាច​ជាប់ពាក់ព័ន្ធ​រឿង​នយោបាយ​ បាន​ជា​មានការ​លុបឈ្មោះ​គ្រូបង្រៀន១១នាក់​ចេញពី​ក្របខណ្ឌ»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ចំពោះ​ករណីនេះ​ទេ ។

លោក​ថា៖ «ក្រសួង​នៅ​រក្សា​ការសម្រេច​ចិត្ត​ដូច​មាននៅ​ក្នុង​សេចក្ដីជូនដំណឹងជូន​អ្នកគ្រូលោកគ្រូ ហើយ​បច្ចុប្បន្នភាព​សុំ​យោងទៅតាម​ការសម្រេច​របស់​តុលាការ ដោយសារ​ស្ថិតនៅ​ក្នុង​អំណាច​តុលាការ»។

បើ​តាម​អ្នកស្រី វង រុ​ន្នី រូប​គាត់និង​គ្រូបង្រៀន១០នាក់​ផ្សេងទៀត ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ ក្រុង-ស្រុក និងខេត្ត និងជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ