អាជ្ញាធរ​ខេត្ត​បាត់ដំបង​កំពុង​សិក្សា​ការ​ជួស​ជុល​ផ្សារ​ណាត់​ឡើង​វិញ​ក្រោយ​រង​អគ្គិភ័យខូច​ខាត​មួយ​ចំហៀង

ទិដ្ឋភាពអគ្គិភ័យដែលកំពុងលេបត្របាក់ផ្សារណាត់ក្រុងបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក រដ្ឋបាលខេត្តបាត់ដំបង)

មន្ត្រី​រដ្ឋបាល​​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នេះ​កំពុង​សិក្សា​ពី​គម្រោង​ជួស​ជុលសំណង់​ផ្សារ​ធំ​បាត់ដំបង​​ឡើង​វិញ បន្ទាប់​ពី​សំណង់​អគារ​ចំណាស់​មួយ​នេះ បាន​ខូច​ខាត​មួយ​ផ្នែក​​ក្រោយ​ពី​រង​អគ្គិភ័យ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

ផ្សារ​ធំ​បាត់ដំបង ឬ​ផ្សារ​ណាត់​ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​កាល​ពី​ម៉ោង ៥​កន្លះ​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដោយ​បណ្ដាល​ឱ្យ​តូប​លក់​របស់​អាជីវករ​ជាង ៤០​បាន​រង​ការ​ខូច​ខាត ក្នុង​នោះ​តូប​ចំនួន ៣៣​បាន​ខូច​ខាត​ទាំង​ស្រុង។​

អភិបាល​រង​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ទំហំ​នៃ​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆាប​ឆេះ​ផ្នែក​ខាង​លិច និង​ខាង​ត្បូង​នៃ​ផ្សារ​នេះ មាន​តម្លៃ​ដល់​ទៅ ៨៣​ម៉ឺន​​ដុល្លារ​ ក្នុង​នោះ​មាន​ទាំង​ទំនិញ​តម្លៃខ្ទង់ ៧៥​ម៉ឺន​ដុល្លារ​ ដែល​ត្រូវ​បាន​ស្តុក​ទុក​នៅ​តាម​តូប​របស់​ក្រុម​អាជីវករ​ផង​ដែរ។

អភិបាល​រង​ខេត្ត​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខេត្ត​កំពុង​សម្អាត​កម្ទេច​កម្ទី​ និង​សំណល់​ផេះ​ផង់​នៅ​ផ្នែក​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ ខណៈ​​ជួយ​​រៀបចំ​​ផ្នែក​ផ្សេង​ទៀត​នៃ​ផ្សារ​ដែល​មិន​រង​អគ្គិភ័យ ដើម្បី​សម្រួល​ដល់​ក្រុម​អាជីវករ​​ឱ្យ​បាន​ចូល​ល​ក់​ដូរ​ធម្មតា​ឡើង​វិញ។

លោក សឿម ប៊ុនរិទ្ធិ ប្រាប់​ថា​៖ «យើង​រៀបចំ​ម៉ា​កំណាត់​ទៀត​ដែល​អត់​ឆេះ និង​ឱ្យ​ប្រជា​ពលរដ្ឋ និង​អាជីវករ​យើង​បាន​ចូល​លក់​ធម្មតា​វិញ ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​គាត់។ យើង​គិត​គូរ​បញ្ហា​ហ្នឹង​សិន»

នៅ​ពេល​សួរ​ថា តើ​អាជ្ញាធរ​គ្រោង​ជួស​ជុល​ផ្សារ​នេះ​ឡើង​វិញ ឬ​ក៏​ត្រូវ​សាង​សង់​ថ្មី​ឡើង​វិញ​នោះ លោក សឿម ប៊ុនរិទ្ធិ អះ​អាង​ថា ក្រុម​ការងារ​ខេត្ត​កំពុង​តែ​សិក្សា​​វាយ​តម្លៃ​ដើម្បី​ជួស​ជុល​ផ្សារ​នេះ​ឡើង​វិញ ដោយសារ​តែ​ផ្សារ​នេះ​ គឺ​ជា​សំណង់​ចំណាស់ ដែល​ត្រូវការ​ការ​អភិរក្ស។

លោក សឿម ប៊ុនរិទ្ធិ ប្រាប់​បន្ថែម​ថា​៖ «អគារ​មួយ​នេះ មិន​អាច​វ៉ៃ​ចោល ហើយ​សាង​សង់​ថ្មី​វិញ​បាន​ទេ ដោយសារ​តែ​អគារ​នេះ​ជា​អគារ​ចំណាស់។ ដូចនេះ ក្រុម​ការងារ​ត្រូវ​តែ​ខិត​ខំ​សិក្សា​វាយ​តម្លៃ និង​សិក្សា​ស្វែង​យល់​ថា កន្លែង​ណា​អាច​សាង​សង់​បាន និង​កន្លែង​ណា​មិន​អាច​សាង​សង់​បាន»

បើ​តាម​លោក ប៊ុនរិទ្ធិ ការងារ​ជួស​ជុល​ផ្សារ​នេះ​ឡើងវិញ ត្រូវ​បាន​ដាក់​ឱ្យស្ថិត​ក្រោម​ការ​សិក្សា​ពី​សំណាក់​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​របស់​ខេត្ត​បាត់ដំបង។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​បាត់ដំបង លោក អ៊ូ ដារី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ការងារ​ជួស​ជុល​ឡើង​វិញ​នៃ​ផ្សារ​ណាត់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋបាល​ខេត្ត​នេះ​នៅ​ឡើយ។

កាល​ពី​ចុង​ឆ្នាំ​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញឱ្យ​ថែរក្សា​សំណង់​អគារ​ចាស់ៗ​ដែល​មាន​អាយុ​កាល​លើស​ពី ៥០​ឆ្នាំ បន្ទាប់​ពី​សំណង់​ស្ពាន​​​សម័យ​អាណានិគម​បារាំង​មួយ​ស្ថិត​ក្នុង​​សង្កាត់​ស្វាយប៉ោ ខេត្ត​បាត់ដំបង ត្រូវ​បាន​​ស្នើ​កម្ទេច​ចោល​ដោយសារ​​ភាព​ចាស់​ទ្រុឌ​ទ្រោម។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់ដំបង លោក គឹម សោភ័ណ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ផ្សារ​ធំ​បាត់ដំបង ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​ដែល​ត្រូវ​បាន​ស្នើ​ទៅ​អង្គការ​យូណេស្កូចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក។

មន្ត្រី​វប្បធម៌​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា រូប​លោក និង​ក្រុម​មន្ត្រី បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ខូច​ខាត​នៃ​សំណង់​អគារ​ចំណាស់​នេះ​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ប៉ុន្តែ ការ​ខូច​ខាត​កម្រិត​ណា​នោះ លោក​ថា មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ។

លោក គឹម សោភ័ណ ប្រាប់ថា៖ «ខ្ញុំអត់ហ៊ានថា ដោយសារយើងមិនសូវជំនាញ អត់ទាន់បានសិក្សាពីគុណភាពប៉េតុង តែតូបដឹងតែខូច ហើយតូបដែលឆេះហ្នឹង តែគ្រាន់ថា អគារទាំងមូល និង​មួយជ្រុងហ្នឹង យើងអត់ទាន់បានធ្វើតេស្ដវាទេ»

ផ្សារ​ធំ​បាត់ដំបង ស្ថិត​នៅ​ក្នុង​ចំណោម​សំណង់​សម័យ​អាណានិគម​​ និង​សង្គម​រាស្ត្រ​និយម​ដល់ទៅ ៨០០​ទីតាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​​ជា​គោលដៅ​នៃ​ការ​អភិរក្ស​​បេតិកភណ្ឌ​មនុស្ស​ជាតិ។

សាកល​វិទ្យាធិការ​រង​​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ អ្នកម្នាង ម៉ែន ច័ន្ទទេវី ដែល​ជា​អ្នក​ជំនាញ​អភិរក្ស​សំណង់​បេតិក​ភណ្ឌ​ជាតិ​ក្រោយ​សម័យ​អង្គរ បាន​​ឱ្យ​ដឹង​ថា ផ្សារ​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របស់​ខេត្ត​បាត់ដំបង ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៃ​ដំណើរ​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​ខេត្ត​បាត់ដំបង​ចាប់​តាំង​ពី​​ក្រោយ​សាង​សង់​រួច​រហូត​មក​ដល់​បច្ចុប្បន្ន។

អ្នក​ម្នាង ច័ន្ទទេវី ប្រាប់​ថា​៖ «ដូច្នេះ ​ផ្សារ​ហ្នឹង​សំខាន់​ណាស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ គេហៅ​ថា ​ជា​អគារ​មួយ​ជា​និមិត្ត​សញ្ញា​មួយ​សំខាន់ ជា​ iconic building​  [អគារ​ប្លែក​គួរ​ជា​ទី​កត់​សម្គាល់]មួយ​នៅ​ក្នុង​ហ្នឹង​ដែរ។ វា​ជា​កន្លែង​បណ្ដុំ​សេដ្ឋកិច្ច​មួយ​សំខាន់​ណាស់​របស់​ខេត្ត​បាត់ដំបង។ នរណា​ដែល​ចង់​ទៅ​បាត់ដំបង ក៏​ទៅ​ផ្សារ​ហ្នឹង​ដែរ»

អ្នក​ជំនាញ​រូប​នេះ បាន​ប្រាប់​ថា សំណង់​ផ្សារ​ធំ​បាត់ដំបង​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៦​ទៅ​តាម​រចនា​ថប​បារាំង​នោះ នៅ​មាន​ភាព​រឹង​មាំ​នៅ​ឡើយ ប៉ុន្តែ ត្រូវការ​ការ​ថែទាំ​ដើម្បី​អភរិក្ស​​សំណង់​ចំណាស់​មួយ​នេះ។

អ្នក​ម្នាង ច័ន្ទទេវី ប្រាប់​បន្ត​ថា​៖ «អគារ​ហ្នឹង ជាទូទៅ ខ្ញុំ​និយាយ​ពី​ Structure[គ្រោង​អគារ]គឺ​នៅ​ល្អ​ទេ។ វា​មាន​កន្លែង​ខ្លះ​ខូច។​ ធម្មតា​ អគារ​ក៏​ដូច​ជីវិត​មនុស្ស​ដែរ យើង​ត្រូវ​ការ​ maintenance[ថែទាំ]»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ