ខួប៣ឆ្នាំនៃការចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាមទារទម្លាក់បទចោទលើរូបលោក ដោយអះអាងថា សវនាការកន្លងមកមិនមានភស្តុតាងដាក់បន្ទុកលោកដូចការចោទប្រកាន់ទេ។
លោក កឹម សុខា រៀបរាប់លើហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះថា អស់រយៈពេលបីឆ្នាំហើយដែលលោកបាត់បង់នូវសិទ្ធិសេរីភាព ជាពិសេសសិទ្ធិធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា រៀបរាប់បន្តថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដោយសារកូវីដ១៩ ប្រទេសជាតិត្រូវការជាចាំបាច់នូវការបោះជំហានវិជ្ជមាន ជាជាងការជាប់មន្ទិលសង្ស័យនៃភាពអវិជ្ជមានណាមួយ។
លោក កឹម សុខា និយាយទៀតថា កាលៈទេសៈនេះ ខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយលោកគួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងរួមចំណែករកដំណោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក កឹម សុខា និយាយទៀតថា ឆ្លងតាមសវនាការនៅតុលាការកន្លងមក លោកមើលឃើញថា តុលាការមិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទលោកថា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ។
ទំព័រហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «ដូច្នេះ ឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈ នៃស្ថានភាពបច្ចុប្បន្ននេះ និងទៅអនាគត»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចប្រដាប់អាវុធរបស់រដ្ឋាភិបាល ឆ្មក់ចូលចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោកស្ថិតក្នុងរាជធានីភ្នំពេញទាំងកណ្តាលអាធ្រាតឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
បច្ចុប្បន្ន មេបក្សប្រឆាំងរូបនេះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យធ្វើនយោបាយឡើងវិញនៅឡើយទេ បើទោះបីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននំាមុខគេ ទាមទារទៅរដ្ឋាភិបាល ឱ្យអតីតបក្សប្រឆាំងធំមួយនេះបានដំណើរការឡើងវិញក៏ដោយ។
សហមេធាវីការពាក្តីលោក កឹម សុខា គឺលោក ចាន់ ចេន សុំមិនអត្ថាធិប្បាយជុំវិញសំណួរថា តើការផ្ញើសាររបស់កូនក្តី ទាមទារឱ្យទម្លាក់បទចោទក្នុងខួប ៣ឆ្នាំនេះ វានឹងជំរុញឱ្យមានការសន្ទនានយោបាយ ដើម្បីបើកផ្លូវឱ្យមានការទម្លាក់ចោលបទចោទប្រកាន់នេះ ឬក៏យ៉ាងណាទេ។
សហមេធាវីរូបនេះ ក៏មិនអាចបញ្ជាក់ពេលវេលាក្នុងការដាក់លិខិត ទៅតុលាការកការ ដើម្បីបន្តនីតិវិធីក្នុងសំណុំរឿងចម្រូងចម្រាសរបស់កូនក្តី ជាអតីតមេដឹកនាំបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលតុលាការបានរំលាយគណបក្សនេះកាលពីចុងឆ្នាំ២០១៧នោះ។
លោក ចាន់ ចេន ប្រាប់ថា៖ «ខ្ញុំមិនចង់មានប្រសាសន៍អីច្រើនទេ គ្រាន់តែចង់ជម្រាបថា អ្វីៗឯកឧត្ត កឹម សុខា គាត់បានសរសេរក្នុងហ្វេសប៊ុករបស់លោកអស់ហើយ»។
សហមេធាវីរូបនេះ អះអាងដែរថា ការដាក់លិខិតសុំតុលាការបន្តនីតិវិធីសំណុំរឿងកូនក្តីឡើងវិញ ក៏មិនទាន់បានកំណត់ពេលដែរ។
ជាលើកដំបូង សំណុំរឿងលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនការនៅថ្ងៃទី១៥ ខែមករា មុននឹងផ្អាកទៅវិញនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ ក្រោយកម្ពុជារកឃើញមានអ្នកផ្ទុកជំងឺកូវីដ១៩កាន់តែច្រើន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង មិនអាចទាក់ទងបាន ខណៈលោក អ៊ី រិន្ទ ប្រាប់ថា លោកត្រូវការជួបជជែកជាមួយចៅក្រមជាមុនសិន មុននឹងឆ្លើយតប។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ច្រានចោលការលើកឡើងរបស់លោក កឹម សុខា ដោយអះអាងថា វាជារឿងធម្មតាក្នុងដំណើរការនីតិវិធី ជនជាប់ជាប់ចោទតែងតែច្រានចោលបទចោទប្រកាន់។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «ការស្នើសុំ វាជាសិទ្ធិរបស់គាត់ទេ តែគាត់ត្រូវចូលរួមតាមនីតិវិធីរបស់តុលាការបន្តទៅទៀត ដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ហើយបង្ហាញភស្តុតាង សក្ខីកម្មឱ្យបានរឹងមាំទៅ ដើម្បីដោះបន្ទុកថា គាត់គ្មានពិរុទ្ធដូចការចោទ ជាមធ្យោបាយតែមួយគត់ដែលគាត់ធ្វើបាន ដើម្បីការពារខ្លួនគាត់តាមផ្លូវច្បាប់»។
ប្រធានក្រុមអ្នកនាំាពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយប្រហាក់ប្រហែលដែរថា ការដែលលោក កឹម សុខា ចង់ធ្វើនយោបាយឡើងវិញ លុះណាឆ្លងកាត់នីតិវិធីតុលាការរួចរាល់។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ខ្ញុំមិនវាយតម្លៃពីអ្វីដែលជាការលើកឡើងរបស់គាត់[លោក កឹម សុខា ]ទេ ព្រោះអាហ្នឹងជាការបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោក ក៏ប៉ុន្តែ នីតិវិធី[តុលាការ]ត្រូវតែបន្ត ត្រូវតែអនុវត្តឱ្យចប់នីតិវិធីហ្នឹង អាហ្នឹងទើបមានដំណោះស្រាយនយោបាយជាថ្មីម្តងទៀត»។
របាយការណ៍ចេញដោយអង្គការគម្រោងយុត្តិធម៌ពិភពលោកកាលពីដើមឆ្នាំនេះ បានវាយតម្លៃថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្ថិតនៅកម្រិតទាបជាងគេនៅលើពិភពលោក ពោលគឺល្អប្រសើរជាងប្រទេសវេណេហ៊្សុយអេឡាមួយប៉ុណ្ណោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សាររបស់លោក កឹម សុខា ក្នុងគម្រប់ខួប ៣ឆ្នាំនៃការចាប់ឃុំខ្លួនេះ វាឆ្លុះបញ្ចាំងបញ្ហាធំ២។
លោកថា បញ្ហាទី១ លោក កឹម សុខា ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ តបតាមរដ្ឋធម្មនុញ្ញ បើតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុកចោទប្រកាន់ទេនោះ។
ទី២ លោកថា សារនេះអាចជាពញញាក់អារម្មសហគមន៍អន្តរជាតិផងដែរថា ៣ឆ្នាំមកនេះ ការជំរុញឱ្យរដ្ឋាភិបាលវិលទៅសន្ទនានយោបាយ ដើម្បីផ្សះផ្សាជាតិ ស្តារប្រជាធិបតេយ្យ មិនទាន់មានប្រសិទ្ធភាព។
អ្នកវិភាគនយោបាយរូបនេះ មើលឃើញថា បច្ចុប្បន្នបក្សកាន់អំណាចកំពុងមានប្រៀបលើគណបក្សប្រឆាំង ហើយថាយុទ្ធសាស្ត្រនេះ បក្សកាន់អំណាចនឹងបន្តលេង ដើម្បីបន្តគ្រប់គ្រងអំណាច ។
លោក ឯម សុវណ្ណរ៉ា ប្រាប់ថា៖ «យន្តការនេះវាទាមទារឱ្យមានកអន្តរាគមន៍ខ្លាំងពីអន្តរជាតិសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកទើបអាចមានដំណោះស្រាយនៅអនាគតកាលហើយមិនមែននៅក្នុងពេលឆាប់ទៀត វាអាចនៅពេលយូរ»។
ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះផ្តល់ជាយោបល់ថា បើគ្មានការសន្ទនានយោបាហយណាមួយកើតឡើង ដូចដែលសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធទេលោកថា កម្ពុជានឹងបន្តខាតបង់។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាជាបណ្តោះអាសន្ន ដោយអះអាងថា ខ្លួនមានកង្វល់ច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
សហភាពអឺរ៉ុបនិយាយថា៖ «អាជ្ញាធរកម្ពុជា គួរចាត់វិធានការដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនារួមនិងពិតប្រាកដ»។
ប្លុកលោកសេរីមួយនេះ បាននិយាយដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញនូវការវិវត្តដ៏គួរឱ្យកត់សម្គាល់ ជាពិសេសជុំវិញបញ្ហាសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ និងផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងដោយស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប៕