កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ រ៉េសាញ ខ្លូស៊ីង (RAY SHINE CLOTHING) នៅខណ្ឌកំបូល រាជធានីភ្នំពេញ បាននាំគ្នាឈរលើកបដាតវ៉ាមុខក្រសួងការងារ នៅថ្ងៃពុធនេះ ដើម្បីជំរុញក្រសួងពន្លឿនការដោះស្រាយករណីថៅកែរោងចក្ររត់ចោល ដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។
កម្មករ-កម្មការិនីទាំងនោះ បានផ្ទុះការតវ៉ា និងនាំគ្នាដេកយាមមុខរោងចក្រ តាំងពីថ្ងៃទី១០ ខែសីហាមក។
អ្នកស្រី ផែ ស្រីរ័ត្ន កម្មការិនីរោងចក្ររ៉េសាញ ខ្លូស៊ីង ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា កន្លងមក ក្រុមកម្មករធ្លាប់បានដាក់ញត្តិនៅក្រសួងការងារ និងខុទ្ទល័យនាយករដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់មានការឆ្លើយតបជាវិជ្ជមាន ទើបពួកគាត់នាំគ្នាឡើងទៅតវ៉ាដល់ក្រសួងការងារ ដើម្បីជំរុញឱ្យក្រសួងដោះស្រាយឱ្យបានឆាប់។
អ្នកស្រី បន្តថា ការពន្យាពេលដោះស្រាយវិវាទការងារនេះ បានធ្វើឲ្យអ្នកស្រី និងកម្មករផ្សេងទៀត បន្តរងទុក្ខលំបាក ដោយសារខ្វះលុយសម្រាប់ចំណាយផ្សេងៗ និងសងបំណុលគេជាដើម។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំខ្វះខាតច្រើនណាស់ បានពួកខ្ញុំឡើងមកតវ៉ានេះ។ ឥលូវខែបុណ្យខែទានផង អត់អីជូនអ្នកផ្ទះ ប្រហែលអត់បានទៅស្រុកទេ។ យើងតវ៉ា១ខែហើយ នៅតែមិនទាន់ដោះស្រាយចេញទៀត»។
ក្រោយកម្មករឈរលើបដា និងតវ៉ាមុខក្រសួងប្រហែល៣ម៉ោង មន្ត្រីក្រសួងការងារ បានហៅតំណាងពលរដ្ឋចូលទៅជួបចរចារកដំណោះស្រាយ ហើយក្រសួងក៏បានជួបជាមួយតំណាងម្ចាស់អាគារដែលថៅកែរោងចក្របានជួលផងដែរ នៅរសៀលថ្ងៃពុធនេះ។
អ្នកស្រី ទឹម បុប្ផា អះអាងជាតំណាងកម្មករ និងបានចូលជួបចរចាជាមួយតំណាងក្រសួង ប្រាប់វីអូឌីថា ការចរចាររវាងតំណាងកម្មករ តំណាងម្ចាស់អគារ និងតំណាងក្រសួងការងារ នៅរសៀលនេះ គឺមិនត្រូវគ្នានោះទេ។
អ្នកស្រីបន្តថា ក្រុមកម្មករបានសម្រេចទាមទារតែប្រាក់ឈ្នួលចុងក្រោយ ដោយមិនទាមទារអត្ថប្រយោជន៍ផ្សេងៗទេ ប៉ុន្តែភាគីម្ចាស់អគារមិនព្រម ដោយថា មានលទ្ធភាពផ្តល់ជូនកម្មករក្នុងម្នាក់តែ ១១០ដុល្លារប៉ុណ្ណោះ។
អ្នកស្រីបញ្ជាក់ថា៖ «លុយប៉ុណ្ណឹង ខ្ញុំអត់យកទេ យើងនឹងតវ៉ាទៀត »។
បើតាមតំណាងកម្មកររូបនេះ ថៅកែរោងចក្របានជំពាក់ប្រាក់ឈ្នួលកម្មករចំនួន ១ខែ១០ថ្ងៃ ប្រាក់ដំណាច់ឆ្នាំ ប្រាក់៥ភាគរយ ប្រាក់ថែមម៉ោង និងប្រាក់ថ្លៃបាយ ដែលសរុបជាទឹកប្រាក់ប្រមាណពី ៣០០ដុល្លារទៅ៥០០ដុល្លារក្នុងកម្មករម្នាក់។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ សុំមិនទាន់ធ្វើអធិប្បាយទេដោយថា កំពុងជាប់រវល់ប្រជុំដោះស្រាយករណីនេះ។
តំណាងម្ចាស់អគារដែលភាគីរោងចក្របានជួល លោក ទុត សុគន្ធារ៉ា មានប្រសាសន៍ថា ម្ចាស់អាគារមិនមែនជាប់កាតព្វកិច្ចត្រូវដោះស្រាយជូនកម្មករទេ ខណៈម្ចាស់អគារក៏ជាជនរងគ្រោះផងដែរ ព្រោះតែថៅកែរោងចក្របានរត់ចោលដោយមិនបានទូរទាត់បំណុល។
លោកបន្ថែមថា៖ «ម្ចាស់អគារហ្នឹង គាត់មានចិត្តធម៌ដែរ គាត់សុខចិត្តជួយតាមលលទ្ធភាព ដោយគាត់ជួយដោះស្រាយឱ្យកម្មករម្នាក់ ១១០ដុល្លារ ព្រោះយើងក៏ជាជនរងគ្រោះដែរ»។
បើតាមក្រុមកម្មករ រោងចក្រ រ៉េ សាញ ខ្លូស៊ីង ជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងមានកម្មករប្រមាណ៣២០នាក់៕