រដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មីរបស់ថៃ​លាលែងពីដំណែងដោយលើកហេតុផលបញ្ហាសុខភាព

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មីរបស់ប្រទេសថៃ លោក Predee Daocha

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មីរបស់ប្រទេសថៃ បានលាលែងពីដំណែងក្រោយពីមកកាន់ការងារនេះរយៈជាង២០ថ្ងៃ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការលាលែងដំណែងរបស់លោក ប្រេឌី ដាវចា (Predee Daocha) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ត្រូវបាន​ប្រកាសក្នុងសៀវភៅរាជកិច្ចដែលផ្សព្វផ្សាយនៅថ្ងៃអង្គារម្សិលមិញ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចទាក់ទងលោកប្រេឌី សុំការអត្ថាធិប្បាយលំអិតជុំវិញរឿងនេះទេ ប៉ុន្តែលោកបានប្រាប់ព័ត៌មានក្នុងស្រុករបស់ថៃថាលោកលាលែងពីដំណែងដោយសារតែលោកមានបញ្ហាសុខភាព។ តួនាទីរបស់លោកនឹងត្រូវបញ្ចប់ជាផ្លូវការនៅថ្ងៃពុធនេះ។ ទោះយ៉ាងណាក៏ដោយរដ្ឋាភិបាលថៃមិនទាន់បានប្រកាសថានរណាជាបេក្ខជន​ដែលនឹងត្រូវឡើងមកកាន់ដំណែងនេះជំនួសលោក ប្រេឌី នៅឡើយទេ។

មុនឡើងកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ប្រេឌី ជាអតីតនាយកធនាគារ​ Kasikornbank ដែលជាធនាគារធំបំផុតលំដាប់ទី៤របស់ថៃ។ លោកបានចូលរួម​ជាមួយរដ្ឋបាលលោក ប្រយុទ្ធ ចាន់អូចា កាលពីថ្ងៃទី​២៤ ខែកក្កដា ហើយត្រូវបាន​តែងតាំងជារដ្ឋមន្រ្តី​នៅថ្ងៃទី១២ ខែសីហា។

ការចាកចេញរបស់លោក ប្រេឌី អាចនឹងធ្វើឱ្យ​រង្គោះរង្គើការធ្វើគោលនយោបាយដែលជួយសេដ្ឋកិច្ចថៃក្នុងពេលដែល​កូវីដ១៩កំពុងរាតត្បាត ខណៈរដ្ឋាភិបាលប្រទេសនេះបញ្ចេញ​ប្រាក់រាប់ពាន់លានដុល្លាដើម្បីធ្វើការងារនេះ។ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រមែប្រមូលអ្នកសេដ្ឋកិច្ចថ្មីមួយក្រុមដើម្បីជួយរដ្ឋាភិបាលក្នុងការស្តារការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ការបង្កើតក្រុមអ្នកសេដ្ឋកិច្ចថ្មីធ្វើឡើងក្រោយ​អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក អ៊ុតតាម៉ា សាវន្យាណា (Uttama Savanayana ) និងអតីតរដ្ឋមន្រ្តីក្រសួងថាមពល លោក សុនធីរ៉ាត់ សុនធីជីរ៉ាវង្ស( Sonthirat Sonthijirawong) ចាកចេញពីក្រុម ក្រោយពីពួកគេប្រកាសលាលែងពីដំណែងកាលពីពាក់កណ្តាលខែកក្កដា។

គិតត្រឹមថ្ងៃអង្គារនេះប្រទេសថៃមានករណីកូវីដ១៩ ចំនួន៣ ៤១៧ ដែលក្នុងនោះអ្នកឆ្លងចំនួន៥៨នាក់បានបាត់បង់ជីវិត។ បញ្ហាកូវីដ១៩នេះបានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចថៃជាពិសេសលើវិស័យទេសចរណ៍​ដែល​ជាឧស្សាហកម្ម​ដ៏សំខាន់មួយរបស់ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ