អាជ្ញាធរ​​ឃាត់​ខ្លួន​​យុវជន​​មាតា​​ធម្មជាតិ ​រឿង​​ផ្សាយ​​ព័ត៌មាន​​គ្មាន​​ការ​អនុ​ញ្ញាត​​និង​​គម្រោង​​ដើរ​ទៅ​​ផ្ទះ​​នាយក​​រដ្ឋ​មន្ត្រី​​

សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា ក្នុងការថ្លែងសារមួយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ថុន រដ្ឋា)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ​ចំនួន៣នាក់នៅ​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ករណី​គម្រោង​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រីរឿង​បឹង​តា​មោក។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខ សីហា​ មានប្រសាសន៍​ថា យុវជន​មាតា​ធម្មជាតិ​ចំនួន៣នាក់ដែល​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ រួមមាន លោក ថុន រដ្ឋា​, កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី។

លោក​បន្ត​ថា ក្នុងចំណោម​ពួក​គេ​ទាំង៣នាក់ មាន​ម្នាក់ឈ្មោះ ថុន រដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរពាក់ព័ន្ធ​នឹង​ករណី​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​យុវជន​រូប​នេះ បាន​រៀបចំ​បន្ទប់​ផ្សាយ​ព័ត៌មាន​ក្នុង​ផ្ទះ​របស់​ខ្លួន។ 

ចំណែកការ​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ទៀត កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​បាន​អ្នកនាំពាក្យ​រូប​នេះបញ្ជាក់​ថា ដោយសារតែ​ពួក​គេ​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លុប​បឹង​តា​មោក។ 

លោក​ថា៖ «អធិការ​ខណ្ឌ​ច្បារអំពៅ​យើងបាន​សួរនាំ​ពាក់ព័ន្ធនឹង​ការ​ផុស​ព័ត៌មាន​ហ្នឹង អាច​មើលទៅ​ក្នុង​ផេ​ក Mother Nature Cambodia គាត់​ផុស​ទាក់ទង​ព័ត៌មាន​ថា ការ​លុប​បឹង​ម៉េច​ៗ ហើយ​គាត់​ធ្វើការ​ផ្សព្វផ្សាយនិង​គ្រោង​មក​ជួប​ថ្នាក់ដឹកនាំ​ដល់​ផ្ទះ​អីណា»។

ការ​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិទៅ​សាកសួរ​ បាន​ធ្វើឡើង​ក្រោយពី​ពួក​គេបាន​ប្រកាស​ពី​គម្រោង​ដើរ​ថ្មើរជើងចេញពី​វត្តភ្នំឆ្ពោះទៅ​កាន់​ភូមិគ្រឹះលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ នៅ​ម៉ោង១១ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ស្នើសុំ​ការ​អន្តរាគមន៍​លើ​ក្តី​បារម្ភ​មួយចំនួនជុំវិញ​ការ​លុប​បឹង​តា​មោក ដូចជា បញ្ហា​ជន់​លិចទឹក​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ភ្លៀង​ម្ដង​ៗ ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការបាត់បង់​ជម្រក​សត្វស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង ជាដើម។

តាម​កំណត់ហេតុ​របស់​សមត្ថកិច្ចចុះ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ប៊ុ​ន សុ​សិក្ខា សហការ​ជាមួយ​អនុប្រធាន​មន្ទីរ​ព័ត៌មាន លោក ឈាន ប៊ុ​នថា រួម​ទាំង​ព្រះរាជអាជ្ញា​រង លោក គុជ គឹម​ឡុង បាន​ឃាត់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា នៅផ្ទះ​លេខ០៥ ភូមិ​ត្រពាំង​ថ្លឹង៣ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ កំណត់ហេតុ​សមត្ថកិច្ចបន្ត​ថា ការ​ចាប់ខ្លួនលោក ថុន រដ្ឋា ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​ពុំ​មានច្បាប់​អនុញ្ញាត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ