UPDATE៖ អាជ្ញាធរ​​ឃាត់​ខ្លួន​​យុវជន​៣​នាក់​ រឿង​​ផ្សាយ​​ព័ត៌មាន​​គ្មាន​​ការ​អនុញ្ញាត​​និង​​គម្រោង​​ដើរ​ទៅ​​ផ្ទះ​​នាយក​​រដ្ឋ​មន្ត្រី​

សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា នៅក្នុងសកម្មភាពផ្សព្វផ្សាយមួយកាលពីឆ្នាំ២០១៩។ (ហ្វេសប៊ុកលោក ថុន រដ្ឋា)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ​ចំនួន៣នាក់ ក្រោម​ហេតុផល​ថា រៀបចំ​ដំ​ឡើង​ស្ទូ​ឌី​យោផ្សាយ​វីដេអូ​និង​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ លោក​ សាន សុខ​សីហា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា យុវជន៣នាក់ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នោះ រួមមាន កញ្ញា ឡុង គន្ធា​, កញ្ញា ភួន កែវ​រស្មី និង​លោក ថុន រដ្ឋា។ 

លោក​បន្ដ​ថា ការដែល​សមត្ថកិច្ច​ឃាត់ខ្លួនឈ្មោះ ឡុង គន្ធា និង ភួន កែវ​រស្មី ដោយសារតែ​ពួក​គេ​បាន​បង្ហោះ​ព័ត៌មាន​ពី​ការ​ធ្វើ​យុទ្ធនាការ​ដើរ​ថ្មើរជើង​ចេញពី​ចំណុច​វត្តភ្នំទៅកាន់​ភូមិគ្រឹះលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក។

លោក​ថា៖ «អធិការ​ខណ្ឌ​ច្បារអំពៅ​យើង បាន​សួរនាំ​ពាក់ព័ន្ធ​នឹង​ការ​ផុស​ព័ត៌មាន​ហ្នឹង អាច​មើលទៅ​ក្នុង​ផេ​ក Mother Nature Cambodia គាត់​ផុស​ទាក់ទង​ព័ត៌មាន​ថា ការ​លុប​បឹង​ម៉េច​ៗ ហើយ​គាត់​ធ្វើការ​ផ្សព្វផ្សាយនិង​គ្រោង​មក​ជួប​ថ្នាក់ដឹកនាំ​ដល់​ផ្ទះ​អីណា»។

កាលពី​ថ្ងៃទី១ ខែកញ្ញា យុវជន​មាតា​ធម្មជាតិបាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ពី​គម្រោង​ធ្វើដំណើរ​ថ្មើរជើងចេញពី​វត្តភ្នំឆ្ពោះទៅ​កាន់​ភូមិគ្រឹះលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ 

ការ​ដើ​រថ្មើ​ជើង​ទៅផ្ទះ​លោក ហ៊ុន សែន ត្រូវ​បាន​ពួក​គេ​បញ្ជាក់​ថា ដើម្បី​ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រីជួយ​អន្តរាគមន៍​ជុំវិញ​ការ​លុប​បឹង​តា​មោក ដែល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការបាត់បង់​ជម្រក​សត្វស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង និង​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​ផង​ដែរ។

ដោយឡែក ​ចំពោះ​ឈ្មោះ ថុន រដ្ឋា វិញ លោក ​សាន សុខ​សីហា បញ្ជាក់​ថា ដោយសារតែ​យុវជន​រូប​នេះរៀបចំ​ដំ​ឡើង​ស្ទូ​ឌី​យោផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក​ថា៖ «គាត់ ​[មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​] ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​លួច​បើក​ជា​ស្ថានីយ៍​ផ្សព្វផ្សាយ បើក​ខុសច្បាប់ គឺ​មិន​មាន​លិខិតអនុញ្ញាត។ អ៊ីចឹង​ខាង​មន្ទីរ​ព័ត៌មាន​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញាដើម្បី​ចុះ​ធ្វើការ​ត្រួតពិនិត្យ។ អ៊ីចឹង ដល់ពេល​គាត់​ចុះ​ត្រួតពិនិត្យ​ទៅ ក៏​ឃើញថាមិន​មានច្បាប់​មែន ហើយ​ឃើញ​ភស្តុតាង​មួយចំនួន ដូចជា​សម្ភារ​ផ្សាយ​ ហើ​យស្អីៗ​ផ្សេង​ៗអ៊ីចឹង»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុ​ភ័ណ្ឌ មានប្រសាសន៍​ថា ពិតជា​មានការ​ឃាត់ខ្លួន​យុវជន​ទៅ​សាកសួរ​មែន ប៉ុន្តែ​លោក​បដិសេធ​ប្រាប់​ពី​ចំនួន​យុវជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួននិង​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន។

លោក​ថា៖ «ដោយសារ​ករណីនេះកំពុង​ស្ថិតនៅ​ក្នុង​នីតិវិធី​របស់​សមត្ថកិច្ច ហើយ​ក្រសួង​នឹង​តាមដាន​លើ​ករណីនេះ​បន្ត​ទៀត»។

បើ​តាម​ប្រភព​ពី​យុវជន​ដែល​ស្និទ្ធនឹង​យុវជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រមាណ១រសៀល ខណៈ​កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ នាំ​ខ្លួន​ទៅ​សួរនាំ​កាលពី​ព្រឹកមិញ​នេះ ខណៈ​ដែល​ពួក​គេ​គ្រោង​ទៅ​វត្តភ្នំ ដើម្បី​ទៅ​សុំអន្តរាគមន៍ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ភរិយា​លោក ថុន រដ្ឋា គឺ​អ្នកស្រី ប៉ាត់ រស្មី ចាត់ទុក​ការ​ឃាត់ខ្លួនស្វាមី​ថា​ជា​រឿង​អយុត្តិធម៌ និង​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ដោះលែង​ស្វាមី​វិញ។

អ្នកស្រីថា៖ «ដោយសារគាត់​ធ្វើការងារ​សង្គម គាត់​ហ៊ាន​និ​យាយ​ចំៗ ចំពោះ​បញ្ហា​សង្គម​ដែល​មាន​សព្វថ្ងៃ​ហ្នឹង។ បើសិន​គេ​មិន​ដោះលែង​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​នឹង​មានការត​វ៉ា​ទៅ​ថ្ងៃខាងមុខ​ទៀត»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា យល់ថា ការ​ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ​នេះ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

លោក​ថា៖ «ខ្ញុំ​គិតថា វា​អត់មាន​ជា​រឿង​ខុសឆ្គង​ទេ ព្រោះ​សង្គម​ប្រជាធិបតេយ្យ បើសិនជា​គ្រាន់តែ​ធ្វើសកម្មភាព​បែបហ្នឹង ហើយ​យើង​ទៅ​ធ្វើតាម​ចោទប្រកាន់​ថាខុសច្បាប់ គ្មាន​ការអនុញ្ញាត អ៊ីចឹង​ធ្វើ​ឱ្យ​សេរីភាព វា​កាន់តែ​រួម​តូច​មែនទែន ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្វើសកម្មភាព​ជួយ​សង្គម​កាន់តែ​មានការ​ភ័យ​ខ្លាច​ទៅៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ