ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា បានសម្រេចឃុំខ្លួននាយរងប៉ុស្តិ៍នគរបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ជាបណ្តោះអាសន្ន បន្ទាប់ពីសួរចម្លើយអស់ជាច្រើនថ្ងៃ ករណីប្រើកាំភ្លើងបាញ់យុវជនម្នាក់។
បើតាមលេខាធិការដ្ឋានសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា លោក ឬទ្ធី ពិសិដ្ឋ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តនាំខ្លួនឡើងតុលាការ កាលពីថ្ងៃទី៣១ ខែកញ្ញា។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តេង សម័យ នៅល្ងាចថ្ងៃទី០២ ខែសីហា ថ្លែងប្រាប់វីអូឌីថា តុលាការសម្រេចឃុំខ្លួនជនជាប់ចោទនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ។
លោក តេង សម័យ មានប្រសាសន៍ថា៖ «ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើឈ្មោះ ឫទ្ធី ពិសិដ្ឋ កាលពីល្ងាចនេះ»។
លោកបន្ថែមថា តុលាការបានចោទលោក ឬទ្ធី ពិសិដ្ឋ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធ) និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២១៨ចំនុច២និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
ក្រមព្រហ្មទណ្ឌមាត្រា២១៨ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល។
មាត្រា៤៩០ បទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល។
នាយរងប៉ុស្តិ៍នគរបាលនិងរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ បានបាញ់ទៅលើប្រជាពលរដ្ឋម្នាក់ឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ កាលពីយប់ថ្ងៃទី២៧ ខែសីហា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីកាលពីថ្ងៃទី០១ ខែកញ្ញាថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនអគ្គស្នងការនគរបាលជាតិថា ករណីប៉ូលិសបាញ់ពលរដ្ឋនៅប៉ោយប៉ែតកាលពីថ្ងៃទី២៧ ខែសីហា ជាករណីផ្ទុះអាវុធគំរាមហើយផ្លាតត្រូវជនរងគ្រោះ។
លោក ឆាយ គឹមខឿន មានប្រសាសន៍ថា៖ «តាមរបាយការណ៍ មិនមែនប៉ូលិសទៅបាញ់យុវជនហ្នឹងទេ។ ប៉ូលិសទៅល្បាតត្រួតពិនិត្យ ហើយក្មេង២នាក់ហ្នឹងអត់ឈ្មោះឱ្យត្រួតពិនិត្យ ហើយ មានការប្រតាយប្រតប់រត់ ដល់ហើយមានការផ្ទុះអាវុធគំរាមទេ ហើយវាផ្លាតត្រូវទៅ។ ផ្ទុះអាវុធក្នុងបេសកកម្មអញ្ចេះ បើនិយាយទៅ យើងអត់ទាន់ចាត់ការអីទេ [វិធានការរដ្ឋបាល] យើងចាំមើលផ្លូវច្បាប់ [ចំណាត់ការតុលាការ] ទុកឱ្យតុលាការចាត់ការ។»
កាលពីថ្ងៃទី៣១ ខែសីហានេះ លោក នាង មករា បានដាក់ពាក្យបណ្ដឹងប្ដឹងនាយរងប៉ុស្តិ៍នគរបាលនិងរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឈ្មោះ ឬទ្ធី ពិសិដ្ឋ ចូលទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទ«មនុស្សឃាតដោយចេតនានិងប្រើប្រាស់អាវុធខុសច្បាប់»។
លោក នាង មករា ថ្លែងប្រាប់វីអូឌីថា លោកមិនមានយោបល់អ្វីបន្ថែមចំពោះការសម្រេចរបស់តុលាការទេ គ្រាន់តែស្នើគ្រប់ភាគីពាក់ព័ន្ធជួយរកយុត្តិធម៌ប៉ុណ្ណោះ។
លោក នួន វ័រ ឪពុករបស់យុវជន នាង មករា នៅថ្ងៃទី០៣ ខែកញ្ញា ថ្លែងប្រាប់វីអូឌីថា លោកនៅតែគិតថា នាយរងប៉ុស្តិ៍ឈ្មោះ ឬទ្ធី ពិសិដ្ឋ មានចេតនាសម្លាប់កូនប្រុសលោក ហើយលោកមិនសប្បាយចិត្តចំពោះបទចោទលើជននោះឡើយ។ លោកថា គ្រួសារលោករងនូវភាពអយុត្តិធម៌។
លោក នួន វ័រ លើកឡើងថា៖ «ខ្ញុំយល់ថាអញ្ចេះបង! ខ្ញុំអន់ចិត្តដែលថាវាស្រាលពេកបង វាស្រាលហួស។ រឿងប៉ុនប៉ងឃាតកម្មទាំងមូលគិតទៅ មកថាប្រើអំពើហិង្សាអ៊ីចឹងៗ វាអយុត្តិធម៌ពេក អយុត្តិធម៌ហួស អយុត្តិធម៌មែន។ ខ្ញុំគិតថា ចេតនាចំតែម្ដង ដកពីចង្កេះបាញ់កូនខ្ញុំតែម្ដង ចិត្តថាដក ចិត្តប៉ងសម្លាប់បណ្ដោយ»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះចំណាត់ការរបស់តុលាការចំពោះករណីដែលសមត្ថកិច្ចនគរបាលបាញ់ប្រហារលើពលរដ្ឋនេះ ប៉ុន្តែលោកមិនយល់ស្របទាំងស្រុងលើការសម្រេចនេះទេ។
លោក អ៊ិន គង់ជិត ថ្លែងថា៖ «យើងសាទរចំពោះចំណាត់ការរបស់តុលាការ ប៉ុន្តែយើងមិនឯកភាពដែរនៅត្រង់បទចោទ ព្រះរាជអាជ្ញាចោទជននោះត្រឹមបទល្មើសមជ្ឈឹម ខណៈដែលជននោះធ្វើជានគរបាលដឹងថាកាំភ្លើងអាចសម្លាប់មនុស្សបានហើយហ៊ានដកបាញ់ពលរដ្ឋនោះ។ រាប់ថាសំណាងហើយដែលយុវជននោះជីវិតថ្លៃមិនស្លាប់ តែនេះជាឆន្ទានុសិទ្ធិរបស់តុលាការ។»
បើតាមលោក នួន វ័រ ឪពុករបស់យុវជន នាង មករា ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ស្ថានភាពរបួសលោក នាង មករា មិនទាន់ធូរស្បើយនៅឡើយ ខណៈដែលមុខរបួសកាន់តែឈឺខ្លាំងនិងហើមសាច់។
ប្រសាសន៍លោក នួន វ័រ បញ្ជាក់ថា៖ «ខ្ញុំគិតនាំវាចេញពីពេទ្យរដ្ឋ ដើម្បីពិនិត្យអេកូ ពិនិត្យអីមើល ខ្លាចគ្រាប់ប៉ះពាល់អីមួយ ព្រោះមិនទាន់បានឆ្លុះមើលទេ មិនដឹងថាប៉ះពាល់អីខ្លះ។ បើធ្ងន់ឱ្យវាព្យាបាលនៅពេទ្យឯកជន បើស្រាលយកវាមកព្យាបាលនៅផ្ទះ»៕