ព្រះ​អង្គ​​ម្ចាស់​​ក្សត្រីថៃ​ បន្ត​​ព្រះ​រាជ​​ឧបត្ថម្ភ​​ដល់​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​​ចំនួន​២​នៅ​​កម្ពុជា​​

ព្រះអង្គ​ម្ចាស់​ក្សត្រី មហា​ចក្រី សិរិ​នថន ជួបសំណេះសំណាលមន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងពីធីចុះហត្ថលេខាកិច្ចព្រមព្រៀងលើគម្រោងព្រះរាជឧបត្ថម្ភក្នុងវិស័យអប់រំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គផ្ទាល់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក Royal Embassy of Cambodia in Bangkok)

ព្រះអង្គ​ម្ចាស់​ក្សត្រី មហា​ចក្រី សិរិ​នថន នៃ​ប្រទេស​ថៃ បាន​បន្ត​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល នៅ​ខេត្តកំពង់ធំ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​រយៈពេល៥ឆ្នាំ​បន្ថែម​ទៀត។

ព្រះរាជ​ឧប​ត្ថ​ម្ភនេះធ្វើឡើង​តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជាលើ​វិស័យ​អប់រំ រវាងលោក អ៊ួ​ក សោភ័ណ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​តំណាង​ភាគី​កម្ពុជា ជាមួយលោក ដន ប្រា​ប៉ាត់​វិ​ណៃ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស តំណាង​ភាគី​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃអង្គារ។

លោក អ៊ួ​ក សោភ័ណ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​តំណាង​ភាគី​កម្ពុជា ជាមួយលោក ដន ប្រា​ប៉ាត់​វិ​ណៃ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស តំណាង​ភាគី​ថៃ ក្នុងពិធី​ចុះ​កិច្ច​ព្រមព្រៀង​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជាលើ​វិស័យ​អប់រំ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក Royal Embassy of Cambodia in Bangkok)

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ គម្រោង​ព្រះរាជ​ឧបត្ថម្ភ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រី​ថៃ សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា មាន​រយៈពេល៥ឆ្នាំ គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ២០២០ ដល់​ខែកញ្ញា ឆ្នាំ២០២៥ ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​យុវជន​កម្ពុជា។

ស្ថានទូតបន្ត​ថា ការអនុវត្ត​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​នេះនា​ពេល​កន្លងមក បាន​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជានិង​ថៃឱ្យ​កាន់តែ​ល្អ​ប្រសើរ ជាពិសេសបង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ទាំង​ផ្នែក​រដ្ឋ ឯកជន និង​ប្រជាជន។

ស្ថានទូតបន្ថែម​ថា គម្រោង​នេះក៏​ជួយ​បង្កើត​ឱ្យ​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ថ្មីតាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រី​រាជការ​កម្ពុជា ចំនួន២ ១២៤កន្លែង ចាប់ពី​ឆ្នាំ២០០៥ដល់​ឆ្នាំ២០២០។

គួរ​បញ្ជាក់​ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ បើក​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ​រងនិង​បរិញ្ញាបត្រ​លើ​ជំនាញ​បច្ចេកវិទ្យា​កសិកម្មនិង​ឧស្សាហកម្ម ក្នុង​បេសកកម្ម​បណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស សម្រាប់​ឆ្លើយតបទៅនឹង​តម្រូវការ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ