EU​ផ្ដល់​​ថវិកា​២​លាន​៥​សែន​​អឺរ៉ូ​ជួយ​​អង្គការ​​ដែល​​ធ្វើ​ការ​​លើ​​ផ្នែក​​គណ​នេយ្យ​​ភាព​​

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

សហ​ភាព​អឺ​រ៉ុប​បាន​ផ្ដល់​ជំនួយ​ចំនួន២លាន៥សែន​អឺរ៉ូ ជួយ​គាំទ្រ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​បញ្ហា​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា។ 

ជំនួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​គម្រោង «គាំទ្រ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​អត្ថន័យ​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គណនេយ្យ​ភាព​សង្គម» នៅ​ល្ងាច​ថ្ងៃពុធ​នា​រាជធានី​ភ្នំពេញ។ 

តំណាង​សហ​ភាព​អឺ​រ៉ុប អ្នកស្រី ហ្វ្រង់​សេ​ស្កា ស៊ី​កូ​ម៉ា​ទី​ណូ (Francesca Ciccomatino​) លើកឡើង​ថា ​ជំនួយ​លើ​គម្រោង​នេះ​ជាផ្នែកមួយ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​អឺ​រ៉ុ​បនិង​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទី​ជនបទ​និង​ងាយ​រងគ្រោះ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស។ 

គម្រោង​នេះ​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ២០១៩ដល់២០២៣ នឹង​ជួយ​ដោយ​ផ្ទាល់​ទៅដល់​ស្ត្រី​វ័យក្មេងនិង​យុវជន​ប្រមាណ​ជាង១ម៉ឺន៤ពាន់​នាក់​នៅនឹង​សហគមន៍​របស់​ពួក​គេ​រស់នៅ។ ក្រុម​អង្គការ​សង្គម​ស៊ីវិលរំពឹង​ថា គម្រោង​នេះ​ក៏​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ទៅដល់យុវជន​ជនជាតិ​ដើម​ភាគតិច ស្ត្រី-កុមារ​ប្រមាណ​ជាង៩សែន​នាក់ដែល​រស់នៅ​តំបន់​អនុវត្ត​ន៍គម្រោង។

ថវិកា​ទាំងនេះ​ត្រូវ​ផ្ដល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល៣ រួមមាន ​អង្គការ ឃែរ, វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ និង​អង្គការ INSTEDD។ អង្គការ​ចំនួន៣នោះបាន​ផ្តល់​បច្ចេកទេសបណ្ដុះបណ្ដាល​និង​ផ្ដល់​ថវិកា​ទៅ​អង្គការ​ចំនួន១២ផ្សេងទៀត​ ដើម្បី​អនុវត្ត​គម្រោង​ដោយ​ផ្ទាល់​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ។ គម្រោង​ទាំងនោះ​នឹង​ត្រូវ​អនុវត្តនៅក្នុង​ខេត្ត​ចំនួន៥ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កោះកុង។

ទាក់ទង​នឹង​គម្រោង​នេះ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ ​(API​) លោក ឡាំ សុ​ជាតិ មានប្រសាសន៍​ថា API គាំទ្រ​និង​ពង្រឹង​សមត្ថភាព​ស្តី​ពី​គណនេយ្យ​ភាព​សង្គម​និង​ប្រធានបទ​ពាក់​ពន្ឋ័​តាម​បែប​ទំនើប ONLINE LEARNING (GOOGLE GLASSROOM​) ដល់​អង្គការ​ដៃគូ​នានា​ ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ជួយ​ដល់​អ្នក​ក្រីក្រ ស្ត្រី ជន​ពិការ យុវជន​ជនជាតិ​ដើម​ភាគតិច ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​សេវាសាធារណៈ​ដែល​ល្អ​ប្រសើរ។

លោក ​ឡាំ សុ​ជាតិ មានប្រសាសន៍​ថា៖ «ស្ត្រី​ កុមារ និង​យុវជន​ជនជាតិ​ដើម​ភាគតិច ពិសេស​តំបន់​ដាច់ស្រយាល ពួក​គាត់​មិន​មានឱកាស​ដូច​អ្នក​នៅ​ទីក្រុង​ទេ ពួក​គេ​ត្រូវការ​ជំនួយ។ គម្រោង​នេះ​នឹង​ជួយ​ពួក​គាត់​ឱ្យ​ទទួល​បាន​ព័ត៌មាននិង​សេវា​ដែល​ចាំបាច់​ចំពោះ​ជី​ភាព​រស់នៅ»។ 

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ​ផល ស្វាគមន៍​ចំពោះ​ជំនួយ​របស់​សហ​គម​ន៍​អឺ​រ៉ុ​បនិង​ការ​គាំទ្រ​គម្រោង​ជួយ​ដល់​ពលរដ្ឋ ប៉ុន្តែ​លោក​ក៏​ស្នើ​ឱ្យ​សង្គម​ស៊ីវិលជួយ​បណ្ដុះបណ្ដាល​ដល់​អាជ្ញាធរ​ភូមិ​ឱ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ផងដែរ។ លោក​ស្នើ​ឱ្យ​សង្គម​ស៊ីវិល​ផ្ដល់​ព័ត៌មាន​មក​លោក​ផង ប្រសិនបើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មិន​សហការ​ឬរារាំង​ការ​ធ្វើសកម្មភាព​ណាមួយ​របស់​សង្គម​ស៊ីវិល។

ប្រសាសន៍​លោក ងី ច័ន្ទ​ផល៖ «សុំ​ឱ្យ​អង្គការ​ទាំងអស់ផ្ដល់​ព័ត៌មាន​មក​ខាងលើ បើសិន​អាជ្ញាធរ​ណា​រារាំង។ ពេលខ្លះ អាច​ជា​ការយល់​ច្រឡំ ពេលខ្លះ​ខាង​អាជ្ញាធរ​ហ្នឹង​គ្នា​មិនទាន់​យល់ ខាង​ក្រសួង​បើក​ចំហ​កិច្ច​សហប្រតិបត្តិ​ការទាំងអស់ជាមួយ NGO»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ