វៀត​ណាម​​លើក​លែង​​ការ​​ដាក់​​ដោយ​ឡែក​១៤​ថ្ងៃ​​សម្រាប់​​អ្នក​ជំនាញ​​បរទេស​

ពលរដ្ឋវៀតណាមធ្វើដំណើរតាមផ្លូវ ដោយមានពាក់ម៉ាស់ការពារពីមេរោគឆ្លងផង នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ (AFP)

​ប្រទេស​វៀតណាមបានសម្រេច​លើកលែង​មិន​ឱ្យ​មានការ​ដាក់​ដោយឡែក១៤ថ្ងៃសម្រាប់អ្នកជំនាញ​បរទេស ​រួមមាន អ្នក​វិនិយោគ អ្នកគ្រប់គ្រង និង​អ្នកការទូត ដែល​ចូលក្នុង​ប្រទេស​ខ្លួន ក្នុងរយៈពេល​តិច​ជាង១៤ថ្ងៃ។ 

តាម​ប្រភព​ព័ត៌​មាន vnexpress កាលពី​ថ្ងៃអង្គារ បាន​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​វៀតណាម នៅតែ​បន្ត​គោល​កា​រណ៍សុ​វត្ថិភាព​របស់​ខ្លួនដែល​តម្រូវ​ឱ្យ​ជនបរទេស​ទាំងនោះអនុវត្ត​តាម​ការណែនាំដែល​មាន​ដូចជា ការ​ពាក់​ម៉ាស់និង​ការ​រក្សា​គម្លាត​ជាដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺកូ​វីដ១៩។ 

ក្រៅពី​នេះ ពួក​គេ​ក៏​តម្រូវ​ឱ្យ​មានការ​ធ្វើតេស្ត​សុខ​ភាព​ផ្សេង​ៗដែល​រួមមាន​ទាំង​ការ​តេ​ស្តរ​កវី​រុ​សកូ​វីដ១៩ផង​ដែរ។ បើសិនជា​មាន​ករណី​វីរុស​កូ​វីដ១៩ណាមួយកើតឡើង​នោះ ស្ថាប័ន​ដែល​អញ្ជើញ​ពួក​គេត្រូវតែ​មានការ​ធានាឬមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​ណាមួយ ជា​អ្នកទទួល​ខុសត្រូវ នៃ​ការ​ចំណាយ​ទាំងអស់​លើ​ផ្នែក​វេជ្ជសាស្ត្រនិង​ការ​ចំ​ណាយ​ផ្សេង​ៗ។ 

គួរ​បញ្ជាក់​ថា ប្រទេស​វៀតណាមបាន​ចាប់ផ្តើម​គិតថ្លៃ​សេវា​អ្នក​ដែល​មក​ពី​បរទសសម្រាប់​ការ​ដាក់​ដោយឡែក​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា​កន្លងទៅ ដោយឡែក​សម្រាប់​ជន​បរទសដែល​មក​បំពេញបេសកកម្ម​ការទូត​ក្នុង​ប្រទេស​វៀតណាម​វិញ ត្រូវ​បានការ​អនុគ្រោះដោយ​ពុំ​មានការ​គិតថ្លៃ​សេវា​នោះ​ឡើយ។ 

ប្រភព​ដដែលបានឱ្យ​ដឹង​ថា ជនបរទេស​ទាំងនោះអាច​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម​បាន ដោយ​មិន​មានការ​ដាក់​ដោយឡែក​នោះ​ឡើយ បើសិនជា​ពួក​គេពុំ​មាន​នរណា​ម្នាក់​ផ្ទុក​នូវ​ជំងឺកូ​វី១៩ ក្នុងរយៈពេល១៤ថ្ងៃក្រោយ​ពី​ការ​មកដល់។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​មាន​ករណី​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ជា​សហ​គម​ន៍​ក្នុង​ខេត្ត​ដា​ណាង​កន្លងមក ក្នុងរយៈពេលបី​ថ្ងៃ​ចុងក្រោយ​នេះ វៀតណាម​ពុំ​ទាន់​រក​ឃើញ​ករណី​ថ្មី​ណាមួយ ឆ្លង​មក​ពី​សហ​គម​ន៍នោះ​ឡើយ។ 

បច្ចុប្បន្ន​ប្រទេសវៀតណាមមាន​ករណី​ឆ្លង​កូ​វី១៩សរុប​ចំនួន១ ០៤៤ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន៣៤នាក់ និង៥៥ 000នាក់​ផ្សេងទៀតត្រូវ​បាន​ដាក់​ដោយឡែក។

តាម​ប្រភព​ពីទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម កាលពី​ថ្ងៃទី១៣ ខែសីហាកន្លងទៅ វៀតណាម​គ្រោង​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩លើ​មនុស្ស​នៅក្នុង​ខែតុលា​ខាងមុខនេះ ហើយ​គ្រោង​ផលិត​ចែកចាយ​លើ​ទីផ្សារ​ចំនួន៣០លាន​ដប​ក្នុង​មួយឆ្នាំ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ