នាយក​​រដ្ឋ​មន្ត្រី​​ណែនាំ​​អាជ្ញាធរ​​បង្កើន​​កិច្ច​ការពារ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​សង្គម​​អំឡុង​​បុណ្យ​ភ្ជុំ​បិណ្ឌ​​

ពុទ្ធបរិស័ទជិតឆ្ងាយមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃដាក់បិណ្ឌទី១ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​អំ​ឡុុង​ពេល​បុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ។

លោកនាយក​រដ្ឋមន្ត្រីបាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃទី៣ ខែកញ្ញា​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី១នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយក៏​ជា​ពេលវេលា​មួយដែល​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទមានឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូននៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទីវត្ត​អារាម​នានា។

ស្រប​ពេល​គ្នា​នេះ លោក​បាន​ណែនាំ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋនិង​អ្នកទេសចរនៅក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ឬទឹក​អាល់កុល និង​ពាក់​ម៉ាស​ក្នុង​ពេល​ចូលរួម​ពិធី​ដែល​មាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម។

លោក​គូសបញ្ជាក់​ថា៖ «កុំ​ធ្វេសប្រហែស​ឬមើលស្រាល​ជំងឺ​កូ​វីដ​-១៩ឱ្យ​សោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំង​ណាស់ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ»។ 

គួរ​បញ្ជាក់​ថា ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ២០២០នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ១រោចដល់​ថ្ងៃ១៤រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី៣ដល់​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ