វិភាគ៖ គួរពឹងសហគមន៍អន្តរជាតិ​ឬបន្តចរចាជាមួយវៀតណាមករណីព្រំដែន?​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

រយៈពេលរាប់ខែដែលកម្ពុជាធ្វើកិច្ចការទាំងកំណត់ទូត និងទៅជួបផ្ទាល់ ដើម្បីស្នើឱ្យវៀតណាម​រុះរើតង់យោធាចេញ ប៉ុន្តែវៀតណាម​មិនត្រឹមតែមិនរុះរើតង់ទេ ថែមទាំងកសាងសំណង់រឹងថែមទៀត។​ កងទ័ពវៀតណាម​នៅកន្លែងសាងសង់សំណង់រឹងបានប្រាប់ភាគីកម្ពុជាថា មិនអាចផ្អាកឬ រុះរើបានទេ ដោយបញ្ជាក់ថា នេះជាបញ្ជារបស់ថ្នាក់លើ។​

រហូតមកដល់ដើមខែកញ្ញានេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីថ្នាក់លើឬ ថ្នាក់ដឹកនាំរបស់វៀតណាមនេះឬ មានការបកស្រាយយ៉ាងណាចំពោះការកសាងទីតាំងយោធាក្បែរព្រំដែន និងនៅកន្លែងមិនទាន់ឯកភាពគ្នានោះទេ។​

គិតត្រឹមថ្ងៃទី២៧ខែសីហា លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលបញ្ជាក់ជំហរថា កម្ពុជានៅតែរក្សាជំហរស្នើទៅវៀតណាមកុំឱ្យមានការសាងសង់បន្ថែម និងរុះរើតង់ និងសំណង់សង់ហើយចេញ ដើម្បី​ប្រែក្លាយព្រំដែនទៅជាកន្លែងអភិវឌ្ឍន៍ កិច្ចសហការ និងសន្តិភាព។​

ក្នុងដំណាក់កាលដែលវៀតណាម​មិនទាន់បកស្រាយ ហើយបន្តសាងសង់សំណង់រឹងសម្រាប់យោធាប្រចាំការទោះមានការជំទាស់ពីកម្ពុជានេះ មានការលើកឡើងជាសំនួរថា កម្ពុជាគួរពឹងសហគមន៍អន្តរជាតិ​ឬបន្តចរចាជាមួយវៀតណាមករណីព្រំដែន?​

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា ករណីនេះមិនអាចប្តឹងទៅសហគមន៍អន្តរជាតិបានទេគឺលោកថា មានតែកម្ពុជាត្រូវខំពង្រឹងខ្លួនឯង នឹងទាមទារឱ្យវៀតណាម​ពន្យល់។​

លោក សុខ ទូច៖«ទាមទារយើងខ្លាំងខ្លួនឯង ត្រូវរៀបចំខ្លួន។ រៀបចំខ្លួនហើយឱ្យវៀតណាមពន្យល់។ ពន្យល់ហើយ បើវៀតណាមធ្វើចឹងបាន កម្ពុជាក៏ធ្វើចឹងបានដែរក្នុងចម្ងាយ១២០ម៉ែត្រ ខ្មែរក៏អាចធ្វើបានដែរ។ អាហ្នឹងបានវាស្មើគ្នា។​ បើធ្វើអត់បានឱ្យចេញទៅប្តឹងអី គឺមិនទេលោក»

ចំពោះករណីហ្វីលីពីន និង វៀតណាម​ ប្តឹងទៅសហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ករណីជម្លោះដែនទឹកជាមួយចិននោះ លោក សុខ ទូច អះអាងថា ជាករណីខុសគ្នារវាងកម្ពុជានិង វៀតណាមពេលនេះ​។​

លោក សុខ ទូច៖«អានោះជារឿងយកដី អានេះជារឿងគេធ្វើនៅលើដីគេ។​ គ្រាន់តែប្រទេសទាំងពីរគេមានច្បាប់ មានគោលការណ៍របស់គេថា ១០០ម៉ែត្រ ឬ​ ១៥០ម៉ែត្រចឹងទៅ។​ រឿងហ្វីលីពីន រឿងវៀតណាម​នោះ វាយកកោះគេតាម៉ងណា មិនមែនរឿងនៅព្រំដែនឯណា។ ការគេធ្វើនេះជារឿងទ្វេភាគីទេ ធ្វើលើដីរឿងខ្លួន គ្រាន់តែថា ចម្ងាយប៉ុន្មានចឹង។ បើគេធ្វើលើដីយើង បានយើងមានសិទ្ធិប្តឹងដូចលោកមានប្រសាសន៍ហ្នឹង»។​

ចំពោះលោក ឯម សុវណ្ណរ៉ា  សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិជំរុញឱ្យកម្ពុជាប្រឹងស្វែងរកដំណោះស្រាយជាមួយវៀតណាមឱ្យអស់លទ្ធភាពជាមុនសិន​ ដោយលោកថា បើស្វែងរកដំណោះស្រាយលើឆាកអន្តរជាតិ​ប្រជាប្រិយភាពកម្ពុជា​ទាបជាងវៀតណាម​។​

លោក ឯម សុវណ្ណរ៉ា៖«ពឹងលើសហគមន៍អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនប្រាកដថា អាចជួយកម្ពុជាបានទេ ព្រោះបើយើងមើលលើគោលនយោបាយការបរទេសកម្ពុជាហាក់ដើរយឺតជាងវៀតណាមទៅទៀត។​ បើផ្អែកលើសហគមន៍អាស៊ាន កម្ពុជាក៏បាត់បង់ការគាំទ្រពីសមាជិកអាស៊ានគ្នាឯងច្រើនដែរ ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិននៅប្រជុំកោះប៉ារ៉ាសែល និងកោះស្ព្រាតលីនៅសមុទ្រចិនខាងត្បូង»។​

 ចំណែកប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល យល់ឃើញខុសពីលោក សុខ ទូច និង លោក ឯម សុវណ្ណរ៉ា ដោយលោក យល់ថា ក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែពឹងសហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍។ លោកថា វៀតណាមមានឥទ្ធិពលលើមេដឹកនាំកម្ពុជា ដូច្នេះ បើបន្តស្វែងរកដំណោះស្រាយទ្វេភាគីបន្តទៀត នោះកម្ពុជានឹងបន្តខាតបង់ឥតឈប់ឈរទេ។​

លោក ទូច វិបុល បន្តថា បារាំងដែលធ្លាប់ដាក់អាណានិគមលើកម្ពុជា បានបោះបង្គោលព្រំដែន​ចំនួន​១២៤បង្គោល ដូច្នេះលោក ស្នើឱ្យកម្ពុជាពឹងបារាំង និង សហគមន៍អាស៊ានឱ្យអន្តរាគមន៍រឿងនេះ។​ លោកថា បើវៀតណាម​មិនទទួលយកការអន្តរាគមន៍ទាំងនេះ ចាំបន្តប្តឹងទៅតុលាការអន្តរជាតិទៀត។​

លោក ទូច វិបុល៖«សម្រាប់កម្ពុជាដាច់ខាតត្រូវតែដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីវៀតណាមបដិសេធមិនទទួលយកភាគទី៣ដូចជាប្រទេសបារាំង ជាម្ចាស់អាណានិគមហ្នឹង បដិសេធមិនទទួលយកអ្នកជំនាញនានាពីអង្គការសហប្រជាជាតិ។ ចឹងកម្ពុជាត្រូវដាក់ពាក្យប្តឹងបន្តដើម្បីស្វែងរកយុត្តិធម៌»។​

សម្រាប់អ្នកសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ លោក ប៉ោ មករា លើកឡើងថា ​ ការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិជារឿងសំខាន់ត្រូវធ្វើពេលក្រោយ។ លោកថា ក្នុងស្ថានភាពចំពោះមុខនេះ កម្ពុជាត្រូវបង្ហាញជំហររឹងមាំក្នុងការដោះស្រាយជាមួយវៀតណា​ម ដូចការដោះស្រាយបញ្ហាព្រំដែនជាមួយឡាវ និង ជាមួយថៃ។​

លោក ប៉ោ មករា៖«រឿងដូចនៅឡាវ នៅអូអាឡៃ មិនដាក់ទ័ពដាក់អីទៅ។​ប៉ុន្តែជាមួយវៀតណាម យើងអត់ធ្វើចឹង ដែលបង្ហាញថា យើងធ្វើអត់តម្លាភាព»។​

លោក ប៉ោ មករា ជំរុញឱ្យរដ្ឋាភិបាលផ្សព្វផ្សាយឱ្យបានទូលាយឱ្យពលរដ្ឋ​យល់ដឹងច្បាស់ពីបញ្ហាព្រំដែន ពិសេសរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យងាយស្វែងរកតាមប្រព័ន្ធអ៊ិនធើណេត។​ លោក បន្តថា នៅពេលដែលពលរដ្ឋដឹងច្បាស់កាត់បន្ថយជម្លោះផ្ទៃក្នុងកម្ពុជាការលើបញ្ហានេះ ហើយអាចឈានដល់ការទាមទារមកទឹកដីកម្ពុជាដែលទើបបាត់បង់ថ្មីៗនេះ នៅពេលដែលកម្ពុជារឹងមាំ។​

លោក ប៉ោ មករា៖«ថ្ងៃណាមួយដែលយើងរឹងមាំ យើងអាចតវ៉ាយកកោះត្រល់ តវ៉ារឿងកោះផ្សេងៗនៅក្នុងដែនទឹកណឹង ជាពិសេសដែនដីកម្ពុជាក្រោមដែលយើងអាចធ្វើបានជោគជ័យ នៅពេលដែលពលរដ្ឋបានយល់ពីបញ្ហាព្រំដែនហ្នឹង»។​

ក្នុងចំណោមវាគ្មិន៤រូបគឺ លោក ទូច វិបុល ជំរុញឱ្យស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិភ្លាមៗដោយថា បច្ចុប្បន្នវៀតណាមមានឥទ្ធិពលលើកម្ពុជា ចំណែកលោក ឯម សុវណ្ណរ៉ា និង លោក ប៉ោ មករា ជំរុញឱ្យកម្ពុជាប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការដោះស្រាយទ្វេភាគីជាមួយវៀតណាម មុនស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។

ចំណែកលោក សុខ ទូច លើកឡើងថា ករណីនេះមិនអាចស្វែងរកការអន្តរាគមន៍ពីអន្តរជាតិទេព្រោះនេះ មិនមែនវៀតណាម​សាងសង់ទីតាំងយោធាលើដីកម្ពុជាទេ លោកជំរុញឱ្យរក្សាភាពស្ងៀមស្ងាត់ ហើយកម្ពុជាត្រូវពង្រឹងខ្លួនឯងឱ្យខ្លាំងក្នុងស្វែងរកដំណោះស្រាយជាមួយវៀតណាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ