ស្ត្រីម្នាក់បានរងរបួសដៃនិងដងខ្លួនផ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានរុញច្រានដួលទៅលើដីពីសំណាក់សន្តិសុខម្នាក់របស់សាលាខណ្ឌ៧មករា អំឡុងពេលគាត់និងមនុស្សជាង២០នាក់ផ្សេងទៀតបានប្រមូលផ្ដុំតវ៉ានៅមុខតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ។
ក្រុមស្ត្រីនិងសាច់ញាតិជាង២០នាក់បានប្រមូលផ្ដុំគ្នាជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងស្វាមីរបស់ពួកគេដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល។
អំឡុងពេលតវ៉ានៅព្រឹកនេះ ស្ត្រីម្នាក់ត្រូវបានសន្តិសុខម្នាក់ចាប់រុញផ្ដួលទៅលើដី ហើយក្រុមស្ត្រីដទៃទៀតបានចូលទៅជួយលើក ហើយស្រែកទៅកាន់សន្តិសុខម្នាក់នោះថា «មិនសមធ្វើទង្វើបែបនេះទេ»។

អ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំ បានអះអាងថា រូបគាត់គឺជាស្ត្រីដែលត្រូវសន្តិសុខរុញផ្ដួលទៅលើដីនៅព្រឹកថ្ងៃនេះ។ ស្ត្រីរូបនេះគឺជាភរិយាលោក ស៊ន់ ធន់ អតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា និងត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ញុះញង់យោធិនពិការឱ្យស្អប់រដ្ឋាភិបាល»។ សព្វថ្ងៃនេះ លោក ស៊ន់ ធន់ ស្ថិតក្នុងចំណោមសកម្មជនគាំទ្របក្សប្រឆាំងចំនួន២៣រូបដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅពន្ធនាគារ។
អ្នកស្រី សេង ចាន់ថន ប្រាប់ថា អ្នកស្រីបានរងរបួសកែងដៃខាងឆ្វេងនិងគ្រាំឆ្អឹងដងខ្លួនផ្នែកខាងក្រោមចុងដង្ហើម ហើយត្រូវបានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្លាមៗក្រោយពីរងការរុញច្រានផ្ដួលទៅលើដី។ អ្នកស្រី ចាន់ថន បានឱ្យដឹងថា អ្នកស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយនៅរសៀលថ្ងៃសុក្រដដែលនេះ។
អ្នកស្រី សេង ចាន់ថន ប្រាប់ថា៖ «ការចាប់យើងបោកទៅ មិនដឹងខ្លួនតែម្តង។ យើងឈរស្ងៀមៗ បោកយើងទៅដីតែម្តង។ ចុកខ្លាំង របួសត្រូវកែងដៃខ្ទាំ ហើយនៅខាងក្រោមជុំវិញទ្រូងគឺមើលទៅអត់ឃើញមានដាម។ វាចុកខាងក្នុង។ កាលណាយើងកម្រើក យើងលើកដៃ វាចុកតែម្តង ក្រោមដោះយើង ជិតចុងដង្ហើម ហើយក្រោមក្លៀកខាងឆ្វេង»។
អ្នកស្រី ចាន់ថន និងក្រុមស្ត្រីដទៃទៀតដែលស្វាមីរបស់ពួកគេត្រូវបានចាប់ដាក់ឃុំនៅក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងគណបក្សប្រឆាំងដែរនោះ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញរៀងរាល់ថ្ងៃសុក្រចាប់តាំងពីខែមិថុនាកន្លងមក។ ពួកគេក៏បានដាក់ញត្តិទៅបណ្ដាស្ថានទូតនានាក្នុងរាជធានីភ្នំពេញផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេ។
ក្នុងការតវ៉ាកន្លងមក ពួកគេប្រឈមមុខនឹងការរុញច្រានពីសំណាក់ក្រុមសន្តិសុខខណ្ឌ៧មករា ដែលត្រូវបានដាក់ពង្រាយឱ្យឃ្លាំមើលការប្រមូលផ្ដុំរបស់ក្រុមស្ត្រីទាំងនោះ។
អ្នកស្រី សុខ បូលីម៉ា គឺជាអ្នកតវ៉ាម្នាក់ទៀតជាមួយនឹងអ្នកស្រី ចាន់់ថន ផងដែរនៅព្រឹកថ្ងៃនេះ។
អ្នកស្រី បូលីម៉ា បានចូលរួមទាមទារឱ្យមានការដោះលែងស្វាមីរបស់អ្នកស្រី គឺលោក ឃឹម ភាណា អតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ៣នៅរាជធានីភ្នំពេញ។ លោក ឃឹម ភាណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសាកន្លងមក ក្រោមការចោទប្រកាន់ពីបទ«ចូលរួមក្នុងអំពើក្បត់»ជាមួយបក្សប្រឆាំង។
អ្នកស្រី បូលីម៉ា បានប្រាប់ថា អ្នកស្រីរន្ធត់ចិត្តនៅពេលឃើញអ្នកស្រី ចាន់ថន ត្រូវបានសន្តិសុខរុញផ្ដួលទៅនឹងថ្នល់កៅស៊ូនៅព្រឹកមិញនេះ ប៉ុន្តែស្ត្រីរូបនេះប្ដេជ្ញាចិត្តបន្តការតវ៉ានៅរៀងរាល់ថ្ងៃសុក្របន្តទៀត ដើម្បីទាមទារឱ្យដោះលែងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រី បូលីម៉ា និយាយថា៖ «រាល់ថ្ងៃសុក្រ បងនឹងតវ៉ា លុះត្រាតែមានដំណោះស្រាយ ព្រោះពួកប្តីបងទាំង២៣នាក់ អត់មានកំហុសដូចតុលាការចោទផង។ បើយើងខុស ក៏យើងអត់ហ៊ានតវ៉ាដែរ»។
វីអូឌីមិនអាចសុំការបំភ្លឺពីអភិបាលខណ្ឌ៧មករា លោក លឹម សុភា បានទេ នៅរសៀលថ្ងៃនេះ។
ចំណែកឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បដិសេធបកស្រាយអំពីករណីនេះ ដោយលោកថា លោកមិនបានដឹងអំពីករណីនេះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ថា សង្គមស៊ីវិលធ្លាប់ស្នើទៅរដ្ឋាភិបាលដាក់កម្លាំងសមត្ថកិច្ចដើម្បីការពារសន្តិសុខ ពីព្រោះពួកគេធ្លាប់រៀនវគ្គបណ្តុះបណ្តាល ហើយមិនងាយបង្កបញ្ហាដល់ក្រុមស្ត្រីដែលតវ៉ាដោយអហិង្សានោះទេ។
ផ្ទុយទៅវិញ លោក សំអាត បញ្ជាក់ថា បើរដ្ឋាភិបាលនៅតែដាក់កងសន្តិសុខចុះរារាំងប្រជាពលរដ្ឋតវ៉ា នៅពេលមានបញ្ហាកើតឡើង រដ្ឋាភិបាលនឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិថា កម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អំ សំអាត ប្រាប់ថា៖ «បុគ្គលសន្តិសុខមួយនាក់ទៅពីរនាក់ទេដែលជាអ្នកប្រព្រឹត្ត ប៉ុន្តែនៅពេលដែលមានបញ្ហាធ្ងន់ធ្ងរទៅ គេរិះគន់គឺគេរិះគន់ទៅរដ្ឋាភិបាល។ បើគេរំលោភសិទ្ធិមនុស្ស គេរិះគន់ទៅរដ្ឋាភិបាល អាហ្នឹងជាបញ្ហាមួយដែលបង្កើតការចោទប្រកាន់នៃការរំលោភសិទ្ធិមនុស្សបន្តទៀត»។
វីដេអូរយៈពេលជាង១នាទីដែលត្រូវបានបង្ហោះនិងចែកចាយលើបណ្ដាញសង្គម បង្ហាញក្រុមស្ត្រីពាក់អាវមានរូបថតសកម្មជនដែលកំពុងជាប់ឃុំនោះនិងក្រុមបុរសជាសន្តិសុខ បានប្រទាញប្រទង់គ្នានៅលើដងផ្លូវក្បែររបងភូមិគ្រឹះដ៏ធំមួយ ស្ថិតផ្នែកខាងកើតនៃសាលាដំបូងរាជធានីភ្នំពេញ។ អំឡុងពេលប្រទាញប្រទង់នោះ ស្ត្រីម្នាក់ត្រូវបានសន្តិសុខម្នាក់ចាប់រុញផ្ដួលទៅនឹងថ្នល់កៅស៊ូ ហើយភ្លាមៗនោះ ក្រុមស្ត្រីផ្សេងទៀតបានរត់ចូលទៅជួយលើកឡើង។
ឆ្លើយតបនឹងវីអូឌីតាមអ៊ីម៉ែលនៅថ្ងៃនេះ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phol Robertson) បាននិយាយថា វីដេអូនេះបង្ហាញថា ក្រុមសន្តិសុខរាជធានីភ្នំពេញ បានប្រើកម្លាំងជ្រុលហួសហេតុទៅលើក្រុមបាតុករអហិង្សា ដែលលោកចាត់ទុកថា បុគ្គលដែលប្រើទង្វើបែបនេះត្រូវតែប្រឈមមុខនឹងការកាត់ទោស។
លោក ហ្វីល រ៉ូប៊ឺតសុន និយាយថា៖ «មន្ត្រី[សន្តិសុខ]នេះត្រូវតែត្រូវបានព្យួរពីតួនាទី ដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត និងវិនិច្ឆ័យទោសចំពោះទង្វើហិង្សាបែបនោះ»។
លោកបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការ វាបង្ហាញឱ្យឃើញនូវអ្វីដែលយើងបាននិយាយថា មាននិទណ្ឌភាពទាំងស្រុង ហើយរដ្ឋាភិបាលនេះប្រព្រឹត្តទង្វើក្រៅច្បាប់តាមរបៀបដែលស្របនឹងផលប្រយោជន៍ខ្លួន»៕