ចម្លាក់​​ប្រអប់​​ព្រះ​ហស្ដ​ឆ្វេង​​ព្រះពុទ្ធ​​បដិមា​​ដ៏​​ធំ​​មួយ​ ត្រូវ​​បាន​​ប្រទះ​ឃើញ​​ក្បែរ​​ប្រាសាទ​បាយ័ន​

ចម្លាក់​ប្រអប់​ព្រះ​ហស្តឆ្វេង​នៃ​ព្រះពុទ្ធរូប​មួយ​អង្គធ្វើ​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះឃើញ​នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ នៅ​ខាងត្បូង​ប្រា​សា​ទបាយ័ន ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara Authority)

​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ចម្លាក់​ប្រអប់​ព្រះ​ហស្តឆ្វេង​នៃ​ព្រះពុទ្ធរូប​មួយ​អង្គធ្វើ​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះឃើញ​នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ នៅ​ខាងត្បូង​ប្រា​សា​ទបាយ័ន ក្នុង​ខេត្តសៀមរាប។

លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ត្រូវ​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរាបាន​ស្រង់​ប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា ចម្លាក់​នេះមាន​ទំហំ​បណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និង​កម្រាស់០.២៤ម៉ែត្រ មាន​សភាព​ហាក់​មិនទាន់​ឆ្លាក់​រួចរាល់​នៅឡើយ ដោយសារ​មានស្នាម​មុខ​ពន្លាកនិង​មិនទាន់​ធ្វើការ​ខាត់រំលីង។

លោក​បន្ត​ថា ចម្លាក់​ដែល​មាន​ត្រឹម​កដៃនិង​ម្រាម​ទាំង៥ដែល​លា​ផ្ងារ​បាតដៃ​ទៅលើ​នេះ គឺ​ស្ថិតនៅ​ក្នុង​សម័យ​កណ្តាល ទំនង​ជា​ព្រ​ហស្តព្រះពុទ្ធ​បដិមា​ក្នុង​កាយ​វិ​ការ​ភូមិ​ស្បស៌​មុទ្រា ឬហៅ​ថា​កាយវិការ​មារវិជ័យ ឬផ្ចាញ់​មារ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ការ​សន្និដ្ឋាន​ជា​កាយ​វិ​ការ​ភូមិ​ស្បស៌​មុទ្រា​បែប​ដូចនេះ គឺ​យោង​ទៅលើ​ហេតុផលដែល​មាន​ព្រះពុទ្ធ​បដិ​មា​ធំៗ​ចំនួន២អង្គដែល​ស្ថិតនៅ​ជុំវិញ​ប្រាសាទបាយ័ន​ រួមមាន ព្រះអង្គ​ឥន្ទ្រ​ទេព​និង​ព្រះអង្គ​ងោក គឺ​សុទ្ធសឹងតែ​សង់​ឡើង​ក្នុង​ទំហំ​ធំនិង​ពី​ថ្មភក់​ច្រើនដុំ ហើយ​ស្ថិតនៅ​ក្នុង​កាយ​វិ​ការ​ភូមិ​ស្បស៌​មុទ្រា​ដូចគ្នា»។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា បច្ចុប្បន្ន​ ចម្លាក់​ប្រអប់​ព្រះ​ហស្តនេះត្រូវ​បាន​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរាសហការ​ជា​មួ​យស្ថា​បន័​ពាក់ព័ន្ធ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​-ទទួលនិង​ដឹក​យក​ទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជីនិង​រក្សាទុករង់ចាំ​ការ​ជួសជុល​នៅ​ថ្ងៃ​អនាគត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ