ACU ឱ្យ​​អភិបាល​ក្រុង​​ប៉ោយប៉ែត​​ឆ្លើយ​​បំភ្លឺ​​ពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​​ជាង​១០០​ហិ​កតា​

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ក្នុងថ្ងៃចុះត្រួតពិនិត្យមើលការជួសជុលផ្លូវក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU​) បានឱ្យ​អភិបាលក្រុង​ប៉ោយប៉ែតឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ប្រវត្តិ​ជម្លោះដីធ្លី​ទំហំ១១៣ហិ​កតារបស់​ពលរដ្ឋ៥១គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​តាម​បណ្តឹ​ងរ​បស់​អ្នកភូមិ។

កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ពលរដ្ឋ១០នាក់ តំណាង​ឱ្យ​ពលរដ្ឋ៥១គ្រួសារ បាន​ប្តឹង​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត២នាក់ គឺលោក ប៉ាល់ សេដ្ឋា ចៅសង្កាត់​ប៉ោយប៉ែត និង​លោក ង៉ោ ម៉េ​ងជ្រួន អភិបាលរងខេត្ត​បន្ទាយមានជ័យ​បច្ចុប្បន្ន រួម​នឹង​ពលរដ្ឋ​ម្នាក់ទៀតឈ្មោះ ទុយ វ៉ាន់​នី តំណាង​ពលរដ្ឋ១៤គ្រួសារ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទ​ថា អ្នក​ទាំង៣រូបបាន​ឃុបឃិត​គ្នា​ក្លែងបន្លំ​លិខិតបញ្ជាក់​ការ​កាន់​កាប់ដីធ្លីនិង​បាន​ប្រព្រឹត្ត​អំពើពុករលួយ។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ACU បានឱ្យ​អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល បំភ្លឺ​ករណីនេះនិង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ទៅ ACU ឱ្យ​បាន​ទាន់ពេល​វេលា ដើម្បី​ឱ្យ​អង្គភាព​មួយ​នេះមាន​មូលដ្ឋាន​បន្ត​នីតិវិធី​ទៀត។

ACU បានឱ្យ​ដឹង​ថា ខ្លួន​ទទួ​លប​ណ្តឹង​មួយ​ពី​ប្រជាពលរដ្ឋ៥១គ្រួសារ រស់នៅ​ភូមិ​សូ​រិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែល​អះអាង​ថា មាន​ជម្លោះដីធ្លី​ជាមួយ​បុគ្គល​ម្នាក់ឈ្នោះ ​ទុយ វ៉ាន់​នី តំណាង​ឱ្យ​ពលរដ្ឋ១៤គ្រួសារ តាំងពី​ឆ្នាំ២០០១។

លិខិត​ដដែល​នេះបន្ត​ថា បើ​តាម​បណ្តឹ​ងរ​បស់​ពលរដ្ឋ ដំបូង​ឡើយ​បុគ្គលឈ្មោះ ទុយ វ៉ាន់​នី អះអាង​ថា ជា​ដី​របស់​ពលរដ្ឋ១៤គ្រួសារ ស្ថិត​ក្នុង​ភូមិ​អូរ​ឫស្សី ឃុំ​ប៉ោយប៉ែត ប៉ុន្តែ​ក្រោយមក​នៅ​ឆ្នាំ២០១៥ មានការ​បញ្ជាក់​ពី​មេភូមិ​សូ​រិយានិង​ចៅសង្កាត់​និមិត្ត​ថា ដី​របស់​ក្រុមលោក ទុយ វ៉ាន់​នី គឺ​ស្ថិត​ក្នុង​ភូមិ​សូ​រិយានិង​សង្កាត់​និមិត្តទៅវិញ។

អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ប្រាប់​វី​អូ​ឌី​ថា លោក​មិនទាន់​បាន​ឆ្លើយនិង​ផ្ញើឯកសារ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ ដោយសារ​កំពុង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​នេះ។ ប៉ុន្តែលោក​នឹង​ពន្លឿន​ការងារ​នេះ ដើម្បី​ដាក់​ឯកសារ​ជូន​អង្គភាព​មួយ​នេះ​ឱ្យ​បាន​ឆាប់។

លោក​ថា៖ «ឥលូវខ្ញុំ​កំពុង​ស្រាវជ្រាវ​រក​ឯកសារ​ទាំងអស់ តាំងពី​ការបង្កើត​ភូមិ​អូរ​ឫស្សីនិង​ភូមិ​សូ​រិយា និង​លិខិត​លេខ​ប៉ុន្មាន​ខ្លះ ដើម្បី​ដាក់​ជូន​គាត់​ [លោក ឱម យិន​ទៀង​]»។

តំណាង​ពលរដ្ឋ៥១គ្រួសារ លោក មុត ឡុញ បង្ហាញ​ក្តី​សង្ឃឹមថា ពួក​គាត់​នឹង​ទទួល​បាន​យុត្តិធម៌ ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយនិង​តុលាការ មានការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ករណីនេះ ខណៈ​ពួក​គាត់​បាន​កាន់កាប់និង​អាស្រ័យផល​លើ​ដី​កំពុង​មាន​ជម្លោះ​នោះតាំងពី​ឆ្នាំ១៩៩៧។

លោក​បន្ថែម​ថា៖ «ពួក​ខ្ញុំ​ប្តឹង​ពាក់ព័ន្ធ​ការស៊ីសំណូក​សូកប៉ាន់។ មន្ត្រី​មាន​សមត្ថ​កិ​ច្ច​បំ​ផ្លើសព័​ត៌​មាននិង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​លិខិត​ក្លែងបន្លំ និង​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ តំណាង​ពលរដ្ឋ៥១គ្រួសារ ក៏បាន​ប្តឹង​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ចំនួន៦នាក់និង​មនុស្ស​ជាង១០នាក់​ផ្សេងទៀត ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ ដោយ​ចោទ​ថា អ្នក​ទាំងនោះ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

ក្នុង​បណ្តឹងបាន​បញ្ជាក់​ថា មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ដែល​ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​នោះ មាន លោក លី សារី និង​លោក ប្រាក់ ប៉ូល​ី អតីតមន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​បន្ទាយមានជ័យ, លោក ទី សឺន អតីត​មេភូមិ​សូ​រិយា, លោក ប៉ាល់ សេដ្ឋា អតីត​ចៅសង្កាត់​និមិត្ត និង​លោក ង៉ោ ម៉េ​ងជ្រួញ អតីត​ចៅសង្កាត់​ក្រុង​ប៉ោយប៉ែត។

បណ្តឹង​ដដែល​នេះបាន​ចោទប្រកាន់​ថា មន្ត្រី​ទាំងនោះ​ឃុបឃិត​គ្នា​ជាមួយ​លោក ទុយ វ៉ាន់​នី និង​បក្ស​ពួក​ផ្សេងទៀត​ក្លែងបន្លំនិង​បាន​ប្រើប្រាស់​ឯកសារ​សាធារណៈ​រំលោភបំពាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ៥១គ្រួសារ​យ៉ាងអយុត្តិធម៌។

អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េ​ងជ្រួញ មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា អ្នក​ប្តឹង​មាន​សិទ្ធ​ប្តឹង ហើយ​លោក​នឹង​ដោះស្រាយ​ករណីនេះ។

លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ថា៖ «អត់អី​ទេ! ចាំ​យើង​ដោះស្រាយ​តាម​ហ្នឹង​ទៅ អ្នក​ប្តឹង​គេ​មាន​សិទ្ធ​ប្តឹង យើង​មាន​សិទ្ធ​ិដោះស្រាយ អត់មាន​បញ្ហា​ទេ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​រង​ការចោទប្រកាន់​ផ្សេងទៀត​បានទេ​ពាក់ព័ន្ធ​ករណីនេះ។

មន្ត្រី​អង្គការ​លី​កាដ​ូ (Licadho​) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិ​ន គង់​ជិត បាន​សាទរ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​អភិបាលក្រុង​ប៉ោយប៉ែត​បំភ្លឺនិង​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ជម្លោះដីធ្លី ក្រោយ​ទទួល​បា​នប​ណ្តឹង​ពី​ប្រជាពលរដ្ឋ។

តែ​យ៉ាងណា លោក​បាន​ជំរុញ ACU បញ្ជូន​មន្ត្រី​ចុះទៅ​ស្រាវជ្រាវនិង​ស៊ើបអង្កេត​ដល់ទី​តាំង​ជម្លោះ ដើម្បី​ស្វែងរក​ការពិតនិង​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​ពិតប្រាកដ។

លោក​បន្ថែម​ថា៖ «ចុះ​មក​ស៊ើបអង្កេត​ស្រាវជ្រាវ​ឱ្យ​ដល់ទី​តាំង​ដី​នោះ ស្រាវជ្រាវ​រក​ឱ្យ​ឃើញថា តើ​ដី​នោះ​វា​មាន​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​សូកប៉ាន់ ដើម្បី​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ឱ្យ​ភាគី​ម្ខាងទៀត​មែន​ឬក៏​អត់​? ហើយ​ភាគី៥១គ្រួសារ ​គាត់​ថា ពួក​គាត់​រងគ្រោះ អីចឹង​កន្លែង​ហ្នឹង បើ​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឆន្ទៈ​ក្នុង​ការ​ចាត់វិធានការ អាហ្នឹង​វា​អាច​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ៥១គ្រួសារ​ហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ